ភ្នំពេញ ៖ តារាសម្ដែងរូបស្រស់សោភា សាន្ដ កុសុមៈ ដែលបានប្រលងជាប់គ្រូកិច្ចសន្យា កាលពីចុងខែតុលា ឆ្នាំ២០២៥ ពេលនេះនាងបានក្លាយជាគូបង្រៀនមុខវិជ្ជាគណិតវិទ្យានៃគ្រឹះស្ថានបឋមសិក្សាសាធារណៈ នៅឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ។ ការងារថ្មីនេះ ជាអ្វីដែលកុសុមៈ ចាត់ទុកថា «បំណងបានសម្រេច» ព្រោះក្ដីសុបិនចង់ធ្វើជាគ្រូបង្រៀន មានតាំងពីតូច ប៉ុន្ដែនាងទើបបានសម្រេចនៅឆ្នាំ២០២៥ ។

សាន្ដ កុសុមៈ ថ្លែងប្រាប់អ្នកកាសែតថា កាលពីឆ្នាំ២០២៤ នាងអត់បានដឹងថា ខាងក្រសួង ជ្រើសគ្រូបង្រៀនជាប់កិច្ចសន្យាទេ គឺទម្រាំតែដឹង គេប្រកាសលទ្ធផលទៅហើយ ។ ប៉ុន្ដែនៅឆ្នាំ២០២៥ នេះ នាងគ្រាន់តែដឹងថា គេជ្រើសរើសភ្លាម ក៏ដាក់ពាក្យប្រលងភ្លែត ហើយក៏បានជាប់ជាគ្រូបង្រៀនជាប់កិច្ចសន្យា។ នាងថាឥឡូវក្ដីស្រ មៃចង់ធ្វើជាគ្រូបង្រៀននេះ ក្លាយជាការពិត បន្ទាប់ពីនាងបានសម្រេចក្លាយជាតារា ។

តារាសម្ដែងរូបស្រស់ កុសុមៈ ថ្លែងថា មូលហេតុដែលខ្លួនចង់ធ្វើជាគ្រូបង្រៀន ព្រោះថាអាជីពនេះឧត្តុង្គឧត្តមបំផុត ចែករំលែកចំណេះដឹងដ៏មានតម្លៃ ផ្ដល់ក្ដីសង្ឃឹមក្នុងការរស់នៅ ដល់មនុស្សជំនាន់ក្រោយ ។ នាងថា ក្រោយក្លាយជាគ្រូបង្រៀនជាប់កិច្ចសន្យា ទី១- គឺនាងបានផ្ដល់ឱកាសបានបំពេញក្ដីស្រមៃឲ្យខ្លួនឯង និងទី២- បណ្ដុះបណ្ដាលខ្លួនឯងចិត្តធ្ងន់ ខន្ដី ព្រោះធម្មតានាងក៏ជាមនុស្សដែលឆាប់ខឹងដែរ អ៊ីចឹងនេះជាពេលវេលាដែលនាងត្រូវបណ្ដុះខ្លួនឯងហើយ។

គេឃើញអំឡុងពេលដែលសាន្ដ កុសុមៈ សម្រាកពីការបង្រៀនគណិតវិទ្យា ដល់កូនសិស្សនោះ សិស្សនាងខ្លះ បានសួរនាងដែរថា តើអ្នកគ្រូជាតារាសម្ដែងមែន? កូនសិស្សកុសុម៉ៈ ថាពួកគេធ្លាប់ឃើញនាងសម្ដែងភាពយន្ដជាច្រើនរឿង ខណៈដែលអ្នកលេងបណ្ដាញសង្គម ហៅកុសុមៈ ថា «អ្នកគ្រូស្អាត» ។

គួរបញ្ជាក់ថា អំឡុងពេលដែលសាន្ដ កុសុមៈ កំពុងតែជាប់ដៃបង្រៀនគណិតវិទ្យា ដល់កូនសិស្ស នៅសាលាបឋមសិក្សាមួយ នៅខេត្តតាកែវ នេះ ភាពយន្ដខ្នាតធំ រឿង «ភូមិបុរាណ» ដែលនាងសម្ដែងជាតួឯក ត្រូវបានដាក់បញ្ចាំង ហើយពេលទំនេរពីការបង្រៀន នាងក៏ងាកមកធ្វើការងារសិល្បៈរបស់នាង ជាធម្មតាផងដែរ ។

សាន្ដ កុសុមៈ អាយុ២៥ឆ្នាំ កម្ពស់១,៦៨ម៉ែត្រ ចេះនិយាយ ៥ភាសា គឺខ្មែរ, អង់គ្លេស ចិន កូរ៉េ និងថៃ ដោយធ្លាប់ធ្វើការជាអ្នកគ្រប់គ្រងនៅសណ្ឋាគារមួយ និងជាអ្នកបកប្រែភាសាផងដែរ ។ កុសុមៈ លេចមុខតាមភាពយន្ដជាច្រើន ដូចជា រឿង «នគរមាស», «មរតកបេះដូង» …។ នាងក៏ជាអ្នកបង្ហាញម៉ូដ និងលេចមុខតាមស្ពតពាណិជ្ជកម្មធំៗទៀតផង ។ អ្នកគ្រូក្រមុំរូបនេះ កាន់តែមានរូបសម្រស់លេចត្រដែត នៅពេលដែលនាងគ្រងឈុតសម្អាងការ ទើបធ្វើឲ្យបុរសទាំងក្នុងនិងក្រៅស្រុក ព្យាយាមរាយអន្ទាក់ស្នេហ៍នាង ។ ប៉ុន្ដែអ្នកគ្រូស្អាត មិនធ្លាប់ប៉ះរឿងអាស្រូវស្នេហា ឬធ្លាប់បណ្ដើរគូស្នេហ៍ ជាសាធារណៈម្ដងណាឡើយ ។

តាមប្រភពថា សាន្ដ កុសុមៈ នឹងចាប់អាជីពជាគ្រូបង្រៀន និងសិល្បៈ ព្រមគ្នា ពោលគឺសម្រាកពីបង្រៀន នាងទៅថត សម្ដែងដូចមុន ព្រោះក្នុងចិត្តនាង ចង់ក្លាយជាគ្រូពេញសិទ្ធិក្នុងក្របខ័ណ្ឌមន្រ្ដីរាជការម្នាក់ នាពេលអនា គតទៀតផង ៕


