Saturday, November 1, 2025
Homeសង្គម និងជីវិតនាយតាក់ស៊ី កាត់ម្រាមដៃចោល

នាយតាក់ស៊ី កាត់ម្រាមដៃចោល

ភ្នំពេញ ៖ តារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលមានជំងឺទឹកនោមផ្អែម ជាង២០ឆ្នាំ និងបានធ្លាក់ខ្លួនឈឺធ្ងន់ រហូតត្រូវវះកាត់ប្តូរក្រលៀន (តម្រងនោម) ថ្មីនោះ ពេលនេះអាការជំងឺទឹកនោមផ្អែម របស់លោក បានធ្វើទុក្ខកាន់តែខ្លាំងឡើង ដោយម្រាមដៃ ចាប់ផ្តើមមានដំបៅរលួយ ព្យាបាលមិនជា បង្កការឈឺចាប់យ៉ាងខ្លាំង រហូតទ្រាំលែងបាន ក៏សម្រេចចិត្ត ឱ្យគ្រូពេទ្យកាត់ម្រាមដៃ ចំនួន២ចោល ដើម្បីបញ្ចៀសការឈឺចាប់។

គួរបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ អាការជំងឺទឹកនោមផ្អែម របស់នាយតាក់ស៊ី បានវិវត្តកាន់តែធ្ងន់ឡើង រហូតដល់កើតមានដំបៅរលួយក្រចក និងរលួយម្រាមដៃ ទាំងសងខាង ដោយក្នុងនោះ ដៃខាងឆ្វេង របស់នាយតាក់ស៊ី បានស្អុយក្រចក និងមានដំបៅរលួយ ចំនួន២ម្រាម គឺម្រាមនាងដៃ និងម្រាមកូនដៃ ខណៈដែលម្រាមនាងដៃខាងស្តាំ ក៏កើតមានដំបៅរលួយក្រចកផងដែរ។ ដំបៅម្រាមដៃទាំងសងខាងនេះ បានធ្វើឱ្យនាយតាក់ស៊ី កើតមានអាការឈឺចាប់យ៉ាងខ្លាំង ជារៀងរាល់ថ្ងៃ ទោះជាគ្រូពេទ្យព្យាយាមជួយលាងរបួសនិងព្យាបាលយ៉ាង ណា ក៏មិនបានធូរស្រាល រហូតដល់ចុងក្រោយ នាយតាក់ស៊ី ទ្រាំនឹងការឈឺចាប់តទៅទៀតលែងបាន ក៏សម្រេ ចឱ្យគ្រូពេទ្យ កាត់ម្រាមដៃខាងឆ្វេង ចំនួន២ម្រាម (ម្រាមនាងដៃ និងម្រានកូនដៃ) ចោល ដើម្បីកាត់បន្ថយការឈឺចាប់ ខណៈម្រាមដៃនាងខាងស្តាំ មិនបង្កការឈឺចាប់អ្វីខ្លាំងនៅឡើយ។

តាមប្រភពពីគណនីបណ្តាញសង្គមផ្ទាល់ខ្លួន របស់នាយតាក់ស៊ី ដែលភរិយារបស់លោកជាអ្នកប្រើប្រាស់ បានបង្ហោះវីដេអូ បង្ហាញពីស្ថានភាពនាយតាក់ស៊ី ដេកនៅលើគ្រែពេទ្យ ដោយដៃម្ខាង បន្តោកសេរ៉ូម និងម្រាមដៃទាំងសងខាង រុំបង់ចំនួន៣ម្រាម កំពុងដេកយំលើគ្រែពេទ្យ ដោយសារពិបាកទ្រាំនឹងការឈឺពើតផ្សា (ដំបៅម្រាមដៃ) ជាមួយសំណេរនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ថា “ឈឺណាស់ មិនដឹងពេលណាបានជាទេលោកអើយ! យំតាំងពីថ្ងៃ រហូតដល់យប់ ឥឡូវគេងលក់ហើយ តែខ្លាចតែមិនបានយូរ យប់នេះ 27.10.2025 ឃើញប្តីចឹង…”។

បន្ទាប់មក នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ភរិយានាយតាក់ស៊ី បានបង្ហោះវីដេអូ ១បន្ថែមទៀត បង្ហាញពីសក ម្មភាពរបស់គ្រូពេទ្យ កំពុងកាត់ម្រាមដៃរបស់ប្តីខ្លួន ដោយភ្ជាប់ជាមួយសំណេរថា “អូនដឹងថា បងប៉ិនទ្រាំណាស់ សម្រេចចិត្តកាត់ដៃ ដើម្បីបំបាត់ឈឺ ស៊ូណាប្តី ស៊ូៗណាបង…”។

តាមរយៈវីដេអូខាងលើ ភរិយានាយតាក់ស៊ី បានរៀបរាប់ថា “សម្រេចចិត្តហើយ កាត់ហើយ ដោយសារតែទុកវា ក៏វាអត់មានប្រយោជន៍ដែរ ណាមួយវាឈឺពើត​ ១យប់ៗ… ខ្ញុំអត់ហ៊ានមើលទេ ស៊ូៗ ដើម្បីជា ឈប់ឈឺ…”។

ដោយឡែកនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ស្ត្រីជាភរិយានាយតាក់ស៊ី បានបង្ហោះវីដេអូ មួយឃ្លីបទៀត រៀបរាប់ពីស្ថានភាពប្តី ក្រោយគ្រូពេទ្យកាត់ម្រាមដៃ ចំនួន២ ថា “ថ្ងៃនេះ ថ្ងៃទី២៩ ខែ១០ ឆ្នាំ២០២៥ ថ្ងៃនេះឈឺដៃ តែឈឺ ដៃអាដៃអត់ទាន់កាត់ ដោយសារតែវាពើតៗ អ៊ីចឹងវាស៊ីតិចៗអ៊ីចឹងណា អាដៃហ្នឹង យើងអត់ទាន់កាត់ទេបងប្អូន យើងកាត់បានតែ ២ម្រាមទេ តែមើលទៅ ក៏ទុកអត់បានដូចគ្នាដែរ បងប្អូនអើយ! នេះឈឺតែអាដៃខាងណោះ អត់មានឈឺចាប់អីទៀតទេ សួរមិញហើយ នេះវាឈឺអាដៃមិនទាន់កាត់ កំពុងឈឺបងប្អូន ស៊ូៗ ឥឡូវយកមកដាក់សេរ៉ូមព្យាបាល អរគុណបងប្អូន ឈឺទ្រាំអត់បានទេ…”។

គួររំលឹកថា តារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលកើតមានជំងឺទឹកនោមផ្អែមប្រចាំកាយ ច្រើនឆ្នាំមកហើយនោះ ត្រូវបានអាការជំងឺធ្វើទុក្ខខ្លាំង រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យភ្លាមៗ កាលពីអំឡុងចុងឆ្នាំ២០២៤ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ផ្តល់ជម្រើសចុងក្រោយ ចំនួន២ គឺទី១- ត្រូវលាងឈាម ១អាទិត្យ ៣ដង ពេញ១ជីវិត និងជម្រើសទី២- ត្រូវវះកាត់ប្តូរក្រលៀន (តម្រងនោម) ថ្មី។

តាមព័តមានថា ក្រោយមក ដោយទទួលបានជំនួយឧបត្ថម្ភ ទើបនាយតាក់ស៊ី មានលទ្ធភាពទៅវះកាត់ ប្តូរតម្រងនោម នៅប្រទេសឥណ្ឌា ដោយជោគជ័យ ប៉ុន្តែអាការជំងឺទឹកនោមផ្អែមរបស់នាយ នៅតែបន្តធ្វើទុក្ខ រហូតចុងក្រោយនេះ​ត្រូវកាត់ម្រាមដៃចោល ២ម្រាម​ ដោយសារតែកើតមានដំបៅរលួយ ព្យាបាលមិនជា ហើយស្ថានភាពបច្ចុប្បន្ន កំពុងប្រឈមនឹងត្រូវកាត់ម្រាមដៃចោលទាំងអស់ ដោយសារដំបៅរលួយ។

គួររំលឹកថា លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤៥ឆ្នាំ បានលែងលះជាមួយនាងលាប សោភ័ណ្ឌ ហៅភីម កាលពីឆ្នាំ២០១៩ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះរឿង ជីវ័ន្ត អាយុ១៥ឆ្នាំ ហើយនាយតាក់ស៊ី ក៏ទៅសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តមីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ៕

RELATED ARTICLES