Saturday, November 1, 2025
Homeតារាខ្មែរអែនជី ប្ដីដឹកចូលពេទ្យ

អែនជី ប្ដីដឹកចូលពេទ្យ

ភ្នំពេញ ៖ អតីតតារាចម្រៀង អ្នកនាងអែនជី (Angie) ត្រូវបានស្វាមីនាង លោក គង់ សុខអេង ដឹកចូលពេទ្យ សង្រ្គាះបន្ទាន់ កាលពីព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីនាងមានអាការក្ដៅខ្លួនខ្លាំងរហូតដល់ជិត ៤០ អង្សា ដោយសារកើតជំងឺផ្ដាសាយធំថ្មី Influenza ដែលរូបនាងបានឆ្លងពីកូនខ្លួន។ អែនជី ថាជំងឺនេះ សាហាវជាងកូវីដ ទៅទៀត ព្រោះត្រឹមតែមួយថ្ងៃ អ្នកផ្ទះនាង ឆ្លងសឹងគ្រប់គ្នា ខណៈដែលពេលធ្វើទុក្ខខ្លាំង នាងមាន អាការសឹងតែប្រកាច់ម្ដងៗទៅហើយ ។

តារាកូន២ រូបនេះ បន្ថែមថា រាល់ដង ពេលនាងឈឺល្មមៗ មិនចូលពេទ្យទេ សុខចិត្តលេបថ្នាំ នៅផ្ទះ តែពេលកើតជំងឺផ្ដាសាយធំ ថ្មីនេះភ្លាម រាងកាយរបស់នាងដូចគេវ៉ៃទ្រោមខ្លួន ឈឺក្បាលខ្លាំង ឈឺថ្គាម និងពេលលេបទឹកមាត់ ដូចមានផ្លែឡាមជាប់នៅកន្លើត ហើយបើទៅពេទ្យមិនទាន់ទេ អាចគ្រោះថ្នាក់។ គ្រូពេទ្យប្រាប់នាងថា ជំងឺផ្ដាសាយធំនេះ ធ្វើទុក្ខកាន់តែខ្លាំងនៅថ្ងៃទី៣ ហេតុនេះហើយបានជានាងប្រឹងញ៉ាំអាហារណាដែលអាចញ៉ាំបាន ដើម្បីទប់ទល់។អែនជី ប្រាប់ថា មូលហេតុដែលនាងឆ្លងជំងឺនេះ ពីកូនប្រុស ព្រោះកូននាងទៅលេងសួនច្បារប៉ះពាល់សម្ភារៈមួយចំនួននៅកន្លែងកម្សាន្ដ ក៏កើតជំងឺនេះតែម្ដង តែសំណាងដែរ នាងថា កូនស្រីទី២របស់នាង មិនបានឆ្លងជំងឺនេះទេ ។ នាងបានផ្ដាំឲ្យពលរដ្ឋ យកចិត្តទុកដាក់ថែរក្សាសុខភាព ឲ្យបានល្អ ដូចជាអនាម័យ លាងដៃនឹងសាប៊ូ និងបាញ់អាល់កុលសម្អាតជាដើម ព្រោះនាងថា បើកើតជំងឺនេះ ពិបាកទ្រាំណាស់ ហើយអាចឈានទៅប៉ះពាល់ដល់សួតទៀតផង។

 គេឃើញពេលអែនជី ពេលដេកពេទ្យនោះ ស្វាមីនាង លោក គង់ សុខអេង បានមើលថែនាងដោយផ្ទាល់ តែនាងនឹកកូនស្រីនៅតូច មិនបានថែដោយផ្ទាល់ ពេលរូបនាងឈឺបែបនេះ។ អែនជី មិនទាន់កំណត់ពីពេលវេលាចេញពីពេទ្យវិញទេ ខណៈដែលពេលនេះ នាងដេកលើគ្រែពេទ្យ បន្តោកសេរ៉ូម ។

 គួរបញ្ជាក់អតីតតារាចម្រៀង M និងសាន់ដេ គង់ សុកញ្ញា ហៅអែនជី ចាប់ដៃតារាសម្ដែង លោក គង់ សុខអេង ជាង៧ឆ្នាំ បានចំណងដៃកូនពីរនាក់ គឺកូនប្រុសទី១ ឈ្មោះ គង់ វីរៈអ៊ីដេន អាយុជាង៤ឆ្នាំ និងកូនស្រីទី២ ឈ្មោះ គង់ រ៉ាឌីការអមរា អាយុជាង១ឆ្នាំ ។ អែនជី បានផ្ដាច់ខ្លួនពីអាជីពសិល្បៈទាំងស្រុង ក្រោយរៀបការប្ដី ឆ្នាំ២០១៨ និងងាកមករកស៊ី Online ដោយរស់នៅក្នុងជីវភាពធូរធារ មានផ្ទះវីឡា និងជិះរថយន្ដទំនើប ម៉ាក Lamborghini យ៉ាងហ៊ឺហា ។ អែនជី ធ្លាប់ប្រាប់ថា ទោះជានាងនៅឆ្ងាយពីឆាកតន្រ្ដី ប៉ុន្ដែប៉ុន្ដែចិត្តនាងនៅតែស្រលាញ់អាជីពចម្រៀង ដោយថែមទាំងមានគម្រោងចង់ច្រៀង Cover បទល្បីៗរបស់ខ្លួនឡើងវិញទៀតផង តែគ្មានបំណងចូលផលិតកម្មថ្មីឡើយ គឺគ្រាន់តែចង់ចេញចម្រៀងលើផេក អមជាមួយការលក់ Online របស់ខ្លួនប៉ុណ្ណោះ ។

ក្រៅពីអែនជី តារាដែលបោះបង់អាជីពសិល្បៈ មករកស៊ីលក់ Online មានដូចជា ស្រីស្អាត កញ្ញាគីម ហួរ, ឌួង ហ្សូរីដា, អ្នកនាងវ៉ាឌី ភាលីង, អ៊ឹម សុគន្ធា, ផាន់ ម៉ូនីកា, ដាញ់ ម៉ូនីកា និងកែវ ពេជ្រពិសី ជាដើម ។

គួររំលឹកថា អែនជី ល្បីបទ «កំដរបងត្រឹមជាតិនេះ», «បងគ្មានប្រវត្តិធ្លាប់ក្បត់គេទេ», «បែកអ្នកថ្មី ទើបនឹកអ្នកចាស់» និង «សាកស្នេហ៍មនុស្សក្បត់ម្ដងទៀត»…។ នាងជាអតីតតារាដែលមានកូនពីរនាក់ទៅហើយ តែសម្រស់នៅតែផូរផង់ មានស្វាមីចេះថ្នាក់ថ្នម ដែលការចាកចេញពីអាជីពចម្រៀងរបស់នាង ចំពេលដែលពេលនោះកំពុងតែចាប់ផ្ដើមឡើងកូដ ។ មិត្តភក្ដិជិតស្និទ្ធ ធ្លាប់ជ្រកនៅទ្រនំ M ជាមួយអែនជី គឺពេជ្រ សូលីកា នៅតែបន្ដអាជីពចាស់ ហើយសុកញ្ញា ថាទំនាក់ទំនងនាង និងស្រីពេជ្រ គឺនៅតែដដែល គ្រាន់តែរវល់រៀងៗខ្លួន មិនសូវបានជួបគ្នា ។ ប៉ុន្ដែអែនជី ថានាងគ្មានបំណងវិលមករកឆាកតន្រ្ដីម្ដងទៀតឡើយ ៕

RELATED ARTICLES