ខេត្តស្វាយរៀង ៖ រថយន្តធុនធំ ១គ្រឿង កំពុងបើកបរនៅលើផ្លូវខ្នងទំនប់ប្រឡាយ ស្រាប់តែក្រឡាប់ផ្ងាជើង ចាក់ចោលទំនិញចេញមកសុទ្ធតែជាគ្រឿងអេឡិចត្រូនិកវៀតណាម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិកោះត្រាច ឃុំថ្មី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

រថយន្តដឹកទំនិញនេះ គ្មានស្លាកលេខ បានក្រឡាប់បណ្តាលឱ្យទំនិញជាប្រភេទគ្រឿងអេឡិចត្រូនិក នាំចូលពីប្រទេសវៀតណាម បានធ្លាក់ចូលប្រឡាយទឹក។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តដឹកទំនិញខាងលើ បានដឹកទំនិញលើសទម្ងន់ បានចរាចរនៅលើផ្លូវខ្នងទំនប់ប្រឡាយ ចាក់ថ្មបំបែកលាយខ្សាច់ភ្នំ បង្កឱ្យខូចផ្លូវបាក់ស្រុតទ្រុឌទ្រោមខ្លាំង ដោយសារផ្លូវមួយខ្សែនេះ ត្រូវបានរថយន្តធំៗដឹកទំនិញចេញ-ចូល ទៅផែស្ងួតមួយកន្លែង ក្បែរនោះ រាល់ថ្ងៃ ទើបបង្កឱ្យខូចផ្លូវបែបនេះ។


ប្រភពដដែល បានឱ្យដឹងថា រថយន្តក្រឡាប់ខាងលើនេះ បានដឹកទំនិញសំពីងសំពោង ចេញពីផែស្ងួតនោះ ក្នុងគោលដៅយកទៅរាជធានីភ្នំពេញ។ មហាជនលើកឡើងទៀតថា រថយន្តក្រឡាប់ ចេញសុទ្ធតែគ្រឿងបរិក្ខារអគ្គិសនីវៀតណាម ហើយក្រោយមក សង្កេតឃើញសុទ្ធតែជនជាតិវៀតណាម បានមកលើកទំនិញចេញពីប្រ ឡាយទឹក ដាក់ទៅលើរថយន្តមួយផ្សេងទៀត ដឹកចេញទៅបាត់៕

