ខេត្តមណ្ឌលគិរី ៖ រថយន្តដឹកអ្នកដំណើរ ១គ្រឿង បើកបរក្នុងល្បឿនលឿន បានរេចង្កូតចូលចំណែកផ្លូវម្ខាង ទៀត ទៅបុកជាមួយរថយន្តធុនធំ ១គ្រឿង ដែលបើកបរបញ្ច្រាសទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យស្ត្រីម្នាក់ បានស្លាប់នៅនឹងកន្លែង ខណៈមនុស្សប្រុសស្រី ចំនួន៥នាក់ទៀត រងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទី ថ្ងៃត្រង់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៧៦ ចន្លោះគីឡូម៉ែត្រលេខ៧៥-៧៦ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។

ស្ត្រីរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ ស្រី ផល្លី អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិដូនកុក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកអ្នករងរបួសធ្ងន់-ស្រាល ទាំង៥នាក់ រួមមាន ទី១-ឈ្មោះអឿន រ៉ាល់ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរអ្នកបើករថយន្ត រស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។ ទី២-ឈ្មោះហួន សុធារី ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិស្រែអ៊ី ឃុំរមនា ក្រុងសែនមនោរម្យ (រងរបួសស្រាល)។ ទី៣-ឈ្មោះផូ រិទ្ធី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរយោធា រស់នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល (រងរបួសស្រាល)។ ទី៤-ឈ្មោះគឹម ដែង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មករ រស់នៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ (រងរបួសដៃនិងទ្រូង) និងទី៥-ឈ្មោះអឿន សំអូន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ អ្នកបើកបររថយន្ត រស់នៅភូមិដូនជី ឃុំបុស្តខ្លុល ស្រុកចម្ការលើ ខេត្តកំពង់ចាម (រងរបួសផ្ទៃមុខ)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក Ford Transit ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-7811 បើកបរដោយឈ្មោះអឿន រ៉ាល់ (របួសធ្ងន់) មានអ្នករួមដំណើរ ចំនួន៤នាក់ ១-ឈ្មោះស្រី ផល្លី (ស្លាប់) ២-ឈ្មោះហួន សុធារី (របួសស្រាល) ៣-ឈ្មោះផូ រិទ្ធី (របួសស្រាល) ៤-ឈ្មោះគឹម ដែង (របួសដៃនិងទ្រូង) បានបើកបរក្នុងទិសគ្នាពីលិចទៅកើត លុះមកដល់ ត្រង់ចំណុចខាងលើ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត១គ្រឿង ជាប្រភេទរថយន្តវ៉េអង ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-9153 បើកបរដោយឈ្មោះអឿន សំអូន (រងរបួសផ្ទៃមុខ) ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពីកើតទៅលិច យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់-ស្រាល ចំនួន៥នាក់។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ចាត់បញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់-ស្រាល ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចជំនាញ បានធ្វើការវាស់វែង រួចក៏អូសយកទៅរក្សាទុកនៅស្នាក់ការចរាចរណ៍៥៩ រង់ចាំដោះស្រាយតាមនីតិវិធី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ មូលហេតុដែលនាំឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកពីររថយន្ត Ford Transit បើកបរមិនប្រកាន់ស្តាំ ចូលគន្លងផ្លូវរបស់រថយន្តវ៉េអង ទើបបណ្តាលឱ្យមានគ្រោះចរាចរណ៍នេះកើតទ្បើង។
សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕