ភ្នំពេញ ៖ ដើម្បីបង្ការ ការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ មន្ត្រីសាខា ក.ប.ប រាជធានី-ខេត្ត បានបន្តចុះពិនិត្យ ស្រាវជ្រាវស្វែងរកផលិតផលប្រេងឆាមិនមានអនុលោមផ្នែកគុណភាព និងក្លែងក្លាយ ដែលបានប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម ។

ការបន្តចុះពិនិត្យ ស្រាវជ្រាវស្វែងរកផលិតផលប្រេងឆាក្លែងក្លាយទាំងនេះ ក្រោយពីមានសេចក្តីជូនដំណឹងតាមប្រព័ន្ធអនឡាញរបស់រដ្ឋបាលសុវត្ថិភាពម្ហូបអាហារវៀតណាម (VFA) ចុះផ្សាយថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ប្រកាសរកឃើញក្រុមហ៊ុន GF Vietnam Food Co., Ltd. អាសយដ្ឋាននៅភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen ផលិតនិងជួញដូរផលិតផលប្រេងឆា មួយចំនួន ម៉ាក ៖ ប្រេងឆា CHICA, TAMIN GOLD, GOLDMAX, TOT និងម៉ាក MEGAFOOD មានគុណភាពអន់ ជាទំនិញក្លែងក្លាយ ហើយបានចែកចាយទៅកាន់ខេត្ត-ក្រុង ជាច្រើន នៅទូទាំងប្រទេសវៀតណាម។

បើតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា សម្រាប់ភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ សកម្មភាពនៃប្រតិបត្តិការនាថ្ងៃនេះ សាខា ក.ប.ប រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ ស្រាវជ្រាវនៅតាមបណ្តាគោលដៅចំនួន ៣៦ទីតាំង ទាំងផ្សាររដ្ឋ ទាំងផ្សារឯកជន ផ្សារបោះដុំ ផ្សារទំនើប ម៉ាត ជាដើម ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ជាលទ្ធផល មន្ត្រី ក.ប.ប មិនទាន់បានរកឃើញផលិតផលប្រេងឆាក្លែងក្លាយទាំង ៥ម៉ាក ដែលប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម នៅឡើយ។

មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម នឹងបន្តស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះផលិតផលក្លែងក្លាយទាំងនេះ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆា ដែលមានម៉ាកខាងលើ និងក្នុងករណីប្រទះឃើញ សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរស័ព្ទ 1266 ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា៕