ភ្នំពេញ ៖ លោកតាវ័យចំណាស់ម្នាក់ មានវ័យប្រមាណ៨០ឆ្នាំ មានសភាពវង្វេងវង្វាន់ និយាយស្តីមិនកើត និងថែមទាំងដើរមិនរួច ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអង្គុយក្រោមដើមត្របែកព្រៃ លើសួនច្បារ ក្បែររង្វង់មូលកួចកាណុង សង្ស័យត្រូវកូនដឹកយកមកប្លុងចោល។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចលើសួនច្បារ ក្បែររវង្វង់មូលកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញលោកតាវ័យចំណាស់ មានវ័យប្រមាណ៨០ឆ្នាំម្នាក់ បានអង្គុយនៅក្រោមដើមត្របែកព្រៃ លើសួនច្បារ ក្បែររង្វង់មូលកួចកាណុង តាំងពីព្រឹក ព្រលឹមមកម៉្លេះ ដោយដំបូងឡើយគេនឹកស្មានថា លោកតា អង្គុយសម្រាក ដោយសារអស់កម្លាំង បន្ទាប់ពីហាត់ប្រាណ។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោងជាង១០ព្រឹក ថ្ងៃដដែល នៅតែមិនឃើញលោកតា ក្រោកដើរចេញទៅណាសោះ ភ្លាមៗនោះ កម្លាំងនគរបាលគោលដៅចរាចរណ៍កួចកាណុង បានដើរមកសួរនាំ ទើបដឹងថា លោកតាដើរមិនរួចឡើយ និងថែមទាំងនិយាយស្តីអ្វីមិនកើតទៀតផង តែគាត់អាចស្តាប់បាន។ បន្ទាប់មក សមត្ថកិច្ចបានទាក់ទងទៅកាន់គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដើម្បីទាក់ទងរថយន្តពេទ្យកាល់ម៉ែត្រ ចុះមកកាន់ទីតាំងខាងលើ ដើម្បីដឹកលោកតាបញ្ជូនទៅកាន់មន្ទីរពេទ្យសិន។
ដោយឡែក តាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ប្រាប់ថា ពួកគាត់គឺសង្ស័យថា លោកតាខាងលើ ទំនងជាត្រូវកូនៗ ឬក្រុមគ្រួសារ ដឹកយកមកប្លុងចោលតែម្តង ដោយសារហេតុថា លោកតាដើរមិនរួចទេ ហើយថែមទាំងនិយាយមិនកើតទៀត ធ្វើម៉េចគាត់អាចធ្វើដំណើរមកដល់ទីតាំងខាងលើ ដោយខ្លួនឯងបាន?
យ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកសាច់ញាតិ ក្រុមគ្រួសាររបស់លោកតា ដើម្បីឱ្យមកទទួលយកត្រឡប់ទៅផ្ទះវិញ ខណៈដែលបច្ចុប្បន្ន លោកតាចំណាស់ខាងលើត្រូវបានក្រុមគ្រូពេទ្យកាល់ម៉ែត ដឹកយកទៅសម្រាក មើលថែជាបណ្តោះអាសន្ន៕