ភ្នំពេញ ៖ រថយន្តសណ្តោងកុងតឺន័រ ១គ្រឿង បើកខ្វះការប្រុងប្រយ័ត្ន ខណៈមេឃកំពុងតែធ្លាក់ភ្លៀង ធ្វើឱ្យជ្រុលទៅបុករថយន្តតាក់ស៊ី ១គ្រឿង ដែលកំពុងបើកស្របទិសគ្នា និងបត់ត្រឡប់ក្រោយ បណ្តាលឱ្យភាគីរថយន្តតាក់ ស៊ី ខូចខាតផ្នែកខាងក្រាយ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខផ្សារស្ទឹងមានជ័យចាស់ តាមផ្លូវលេខ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានបើករថយន្ត ១គ្រឿង ម៉ាក CHANGAN EADO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2CF-6726 ជារថយន្តតាក់ស៊ីរបស់ក្រុម ហ៊ុន wow now ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិច ទៅកើត ខណៈមេឃកំពុងតែធ្លាក់ ភ្លៀង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តតាក់ស៊ី បានបត់ឆ្វេងត្រឡប់ក្រោយ គាប់ជួនពេលនោះ មានបុរសម្នាក់ទៀត បានបើករថយន្តសណ្តោងកុងតឺន័រ ម៉ាក NISSAN ពាក់ស្លាកលេខ ភ្នំពេញ 3B-5458 ធ្វើដំណើរក្នុងទិសដៅស្របគ្នា ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយរថយន្តតាក់ស៊ី យ៉ាងពេញទំហឹង បណ្តា លឱ្យរថយន្តតាក់ស៊ី ខូចខាតខ្ទេចស្រុញផ្នែកខាងក្រោយយ៉ាងដំណំ។ ចំណែករថយន្តសណ្តោងកុងតឺន័រ ខូច ខាតផ្នែកខាងមុខ ចំហៀងខាងឆ្វេង តែក្នុងហេតុការណ៍នេះ មិនមានគ្រោះថ្នាក់ដល់មនុស្សទេ។

ក្រោយកើតហេតុ តំណាងរថយន្តទាំងសងខាង បានចុះមកធ្វើការសម្របសម្រួលគ្នា ដោយខាងរថយន្តសណ្តោងកុងតឺន័រ សម្រេចជួយចេញថ្លៃការជួសជុលឱ្យខាងរថយន្តតាក់ស៊ី ដើម្បីបញ្ចប់រឿង៕