ខេត្តសៀមរាប ៖ រូបភាព និងវីដេអូ ជាច្រើន ត្រូវបានចែកចាយនៅលើបណ្ដាញសង្គមTik Tok នៅថ្ងៃទី១០ ខែតុលា បង្ហាញពីក្រុមតារាចម្រៀង ENO-E6 ឈរយកក្រកាសនិងសំបកកេសស្នោ បក់ឲ្យជនរងគ្រោះម្នាក់ ដែលដេកស្ដូកស្ដឹងនៅលើដី ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកគ្នាជាមួយរថយន្ដតារាចម្រៀងអ៊ីណូ កាលពី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅស្រុកពួក ខេត្តសៀមរាប ។ តាមរយៈរូបភាព និងវីដេអូ ទាំងនោះ អ្នកឃើញហេតុការណ៍ថា ស្ថានភាពជនរងគ្រោះ ធ្ងន់ធ្ងរ ទើបគេល្បីថាអ៊ីណូ បកឡានបុកគេស្លាប់…។

អ្នកយកព័ត៌មាន «នគរធំ» បានទូរស័ព្ទទៅអ៊ីណូ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ តែមិនអាចទាក់ទងបានទេ ។ ប៉ុន្ដែតារាចម្រៀងម្នាក់ ក្នុងចំណោមសមាជិកទាំង៦របស់ ENO-E6 គឺលោកអ៊ីរ៉េន (អ៊ីណូ កំពង់ធំ) ដែលស្ថិតក្នុងហេតុការណ៍នោះដែរ បានប្រាប់តាមទូរស័ព្ទថា ពេលនេះជនរងរបួស កំពុងតែសម្រាកព្យាបាលនៅមន្ទីពេទ្យ ខេត្តសៀមរាប ។ លោកថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ មិនមែនភាគីខាងលោកជិះ រថយន្ដទៅបុកម៉ូតូទេ ប៉ុន្ដែគឺម៉ូតូនោះ បើកបុករថយន្ត ហើយអ្នកបើករបួសធ្ងន់ម្នាក់ និងអ្នកជិះខាងក្រោយ របួសស្រាល។ លោកថា ទោះជាមានគេបើកម៉ូតូបុកឡានក្រុមរបស់លោកមែន ប៉ុន្ដែភាគីខាងលោកមិនបានរត់ទៅណាទេ គឺចុះភ្លាមៗ ដើម្បីជួយសម្រួលដល់អ្នករងរបួស ហើយពេលនោះ ប៉ូលិសចរាចរណ៍ បានចុះមកដល់ទីតាំងកើតហេតុដែរ។ លោកអ៊ីរ៉េន បន្ថែមថា ពេលនេះ អ្នករបួស កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យខេត្តសៀមរាប មិនមែនស្លាប់ទេ ហើយអាជ្ញាធរ នឹងធ្វើទៅតាមផ្លូវច្បាប់ ខណៈក្រុមចម្រៀងលោក មិនបានរត់គេចទៅណាឡើយ ទោះជាត្រូវគេបុកក្ដី ។

លោកអ៊ីណូរ៉េន ហៅអ៊ីណូ កំពង់ធំ
អ្នកលេងបណ្ដាញសង្គមខ្លះ បានខម្មិនថា អ៊ីណូ កំពុងតែឡើងកូដ ស្រាប់តែជួបរឿងស៊យ ត្រូវគេបុករថយន្ដ កណ្ដាលថ្ងៃ និងមានអ្នកឲ្យយោបល់លោក គួរទៅស្រោច ទឹករំដោះគ្រោះ ព្រោះទោះជាគេបុកក្ដី តែភាគីខាង រថយន្ដ តែងតែសងសំណងដល់ជងរងគ្រោះដែលជិះម៉ូតូ ។ ប៉ុន្ដែលោកអ៊ីណូ រ៉េន ថាតាំងពីបង្កើតក្រុម ENO-E6 មក ក្រុមចម្រៀងរបស់លោកកាក់កបខ្លាំង ព្រោះចេញច្រៀងសម្ដែងតាមក្លឹប និង Pub មួយចំនួន ទាំងនៅភ្នំពេញ, ខេត្តសៀមរាប, បាត់ដំបង និងបណ្ដាកម្មវិធីជាច្រើនទៀត ព្រោះតែបទចម្រៀងក្រុមលោក ផលិតឡើងសុទ្ធតែបទល្បីៗ ។

ថ្វីត្បិតតែលោកអ៊ីណូ រ៉េន អះអាងថា ក្រុមចម្រៀង ENO-E6 ច្រៀងបទអីក៏ល្បី ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ គេឃើញចម្រៀងរបស់ក្រុមនេះ បទ «ក្បែរសង្សារថ្មី មិនដូចក្បែរសង្សារចាស់» ត្រូវអ្នកលេងបណ្ដាញសង្គម និង Influencer របស់ថៃ, ឡាវ, វៀតណាម និងចិន បានយកក្រុមចម្រៀងលោកច្រៀងបទនេះ ទៅ Troll និង Bully ក្នុងន័យបណ្ដុះបង្អាប់ថា តារាខ្មែរ មិនស្អាត ធាត់ ដុះក្បាលពោះ ជាដើម ដែលធ្វើឲ្យ ENO-E6 ផ្ទុះគេបង្អាប់ពេញទិកតុក។

លោកអ៊ីណូ កំពង់ធំ បានអះអាងថា បញ្ហាខាងលើនេះ លោកក៏បានដឹងដែរ ប៉ុន្ដែគ្មានចិត្តខឹងឬឆ្លើយតបទៅវិញ ដោយកំហឹងនោះទេ គឺមានតែត្រេកអរ សប្បាយចិត្តទៅវិញដោយសារលោកយល់ថា មកពីក្រុមចម្រៀងរបស់លោក ចេញបទអីក៏ល្បី ទើបបានជាមានអ្នកលេងបណ្ដាញសង្គម នៅប្រទេសជិតខាង យកទៅច្រៀងតាមបែបនេះ ។ លោកថា បានចាប់អាជីពចម្រៀង ១៣ឆ្នាំ (២០១២) តែទើបល្បីលឿន ពេលចូលជាមួយក្រុម ENO-E6 នេះ ព្រោះពេលច្រៀងទោល អត់សូវល្បី អត់សូវមានអ្នកស្គាល់ទេ ប៉ុន្ដែពេលនេះ ទៅណាក៏មានគេហៅឈ្មោះអ៊ីណូ គេស្គាល់ច្បាស់តែម្ដង ។

គួរបញ្ជាក់ថា លោកសាន្ដ ពេជ្រសុភារិទ្ធិ ហៅអ៊ីណូ (ENO) បន្ទាប់ពីដើរចេញពីផលិតកម្មសាន់ដេ លោកបានបង្កើត ENO-E3, ENO-E4 និងចុងក្រោយ ENO-E6 ដែលមានសមាជិក ៦នាក់រួមទាំងលោកគឺ ENO ហ្ស៊ីន (ENO Strong Man), អ៊ីណូ ចង្រិត, អ៊ីណូ ព្រៃវែង, អ៊ីណូ រ៉េន (អ៊ីណូកំពង់ធំ), អ៊ីណូ ចង្រ្កាន្ដហ្គាស់ (អ៊ីណូ ស្រុកស្នូល) និងអ៊ីលិ ។ ប្រភពថា អ៊ីណូ ពេលនេះទោះជាជួបរឿងខកចិត្ត គ្រោះថ្នាក់ចររាចណ៍នៅខេត្តសៀម រាប ប៉ុន្ដែលោកនៅតែរីករាយ ព្រោះរកលុយពីសិល្បៈ បានមកវិញហើយ លែងបារម្ភរឿងគេតាមទារបំណុល មុខក្រោយ ដូចមុនទៀត។ អ្វីដែលកាន់តែពិសេសនោះ អ៊ីណូ រឹតតែមានមន្ដស្នេហា ញ៉ែបានៗ ទើបគិតមកដល់ឆ្នាំ២០២៥ នេះគេនៅតែមិនប្រាកដថា អ៊ីណូហ្ស៊ីន មានប្រពន្ធនិងកូនប៉ុន្មាននាក់ហើយទេ ៕
