Wednesday, October 8, 2025
Homeព័ត៌មានជាតិទិតៀនវ៉ៃប្រហារបុគ្គល អ្នកវិភាគថា ត្រូវកាត់បន្ថយ ដើម្បីសង្គមសុខដុមរមនា

ទិតៀនវ៉ៃប្រហារបុគ្គល អ្នកវិភាគថា ត្រូវកាត់បន្ថយ ដើម្បីសង្គមសុខដុមរមនា

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ផ្លូវមួយ ឆ្ពោះទៅរកសង្គមសុខដុមរមនា គឺត្រូវនាំគ្នាកាត់បន្ថយការទិតៀនវាយប្រហារ សម្អុយឈ្មោះបុគ្គល ឲ្យមកនៅតិចបំផុត ហើយបង្កើនការទិតៀនគំនិត គោលនយោបាយ យុទ្ធសាស្ត្រនិងសកម្មភាពរបស់បុគ្គល រួមទាំងផ្តល់គំនិត គោលនយោបាយ យុទ្ធសាស្ត្រនិងសកម្មភាពដែលល្អជាង បម្រើផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋ ឲ្យបានច្រើនបំផុតវិញ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនិងសង្គម បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ផ្លូវមួយ ឆ្ពោះទៅរកសង្គមសុខដុមរមនា : យើងនាំគ្នាកាត់បន្ថយការទិតៀនសម្អុយឈ្មោះបុគ្គល (personality assassination) ឲ្យមកតិចបំផុត ហើយបង្កើនការទិតៀនគំនិត គោលនយោបាយ យុទ្ធសាស្ត្រនិងសកម្មភាពរបស់បុគ្គល រួមទាំងផ្តល់គំនិត គោលនយោបាយ យុទ្ធសាស្ត្រនិងសកម្មភាព ដែលល្អជាង បម្រើផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋច្រើនជាង ឲ្យបានច្រើនបំផុតវិញ ។ ន័យម្យ៉ាងទៀតថា ប្រើប្រាស់ស្ន ដាវ លំពែង កាប់ចាក់គ្នា ឲ្យតិចបំផុត និងប្រើប្រាស់តម្ពក់ទាក់ទាញនិងលើកស្ទួយគ្នាឲ្យបានច្រើបំផុត“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃ៦ ខែតុលា ឆ្នាំ២០២៥ ថា ការឆ្លុះបញ្ចាំងបរិបទនយោបាយបច្ចុប្បន្ន យើងច្រើនតែទិតៀននិងវ៉ៃប្រហារបុគ្គល មានរហូតដល់ជេរប្រមាថ ប្រើពាក្យអសុរោះថែមទៀត ដើម្បីសម្អុយឈ្មោះគ្នា ហើយអត់មានគំនិតអ្វីឆ្លើយតប ឬផ្ដល់ឲ្យគេមកវិញ ដែលវាធ្វើឲ្យបរិយាកាសសង្គម មានអរិភាពរវាងគ្នា ស្អប់គ្នាទៅវិញទៅមក ធ្វើឲ្យបែកបាក់គ្នាដោយមិនបានដឹងខ្លួន ។ ដូច្នេះបើទិតៀន ត្រូវទិតៀនគំនិត យុទ្ធសាស្រ្ត គោលនយោបាយ និងសកម្មភាពគេ ចៀសវាងការវ៉ៃប្រហារបុគ្គល ប្រើពាក្យអសុរោះ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះគេ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “យើងច្រើនតែធ្វើការទិតៀនហ្នឹង គឺទិតៀនវាយប្រហារបុគ្គល អត់មានលើកឡើងគំនិតរបស់គេ ឬក៏យុទ្ធសាស្រ្ត ឬក៏សកម្មភាពគេយកមកទិតៀន ហើយកាលណាយើងទិតៀន យើងត្រូវមានគំនិតដែរ យើងត្រូវផ្ដល់គំនិតទៅវិញថា ឥឡូវគំនិតហ្នឹង អត់ល្អទេ គំនិតនេះល្អជាង យុទ្ធសាស្រ្តនេះ អត់ល្អទេ យុទ្ធសាស្រ្តខ្ញុំនេះល្អជាង សកម្មភាពនេះ អត់ល្អទេសម្រាប់ប្រជាពលរដ្ឋ ឬក៏បម្រើផលប្រយោជន៍រាស្រ្តហ្នឹង គឺអត់ល្អទេ សកម្មភាពខ្ញុំស្នើទៅនេះ គឺល្អជាង ។ ចំពោះការឆ្លុះបញ្ចាំងបរិបទនយោបាយហ្នឹង គឺយើងគិតយ៉ាងម៉េច? គឺមកទល់សព្វថ្ងៃនេះ យើងច្រើនតែទិតៀននិងវ៉ៃប្រហារបុគ្គល មានរហូតដល់ជេរប្រមាថ ប្រើពាក្យអសុរោះថែមទៅទៀត ដើម្បីសម្អុយឈ្មោះគ្នាហ្នឹង ហើយអត់មានគំនិតអីឆ្លើយតបមកវិញទេ គឺអត់ផ្ដល់ឲ្យគេទៅវិញទេ ។ អាហ្នឹងអត់ល្អទេ គឺបរិយាកាសសង្គមហ្នឹង វាអាប់អួ ហើយតាមពិតទៅ ត្រូវតែសម្អុយឈ្មោះគ្នាទៅវិញទៅមកហ្នឹង គឺថាវាមានអរិភាពរវាងគ្នានិងគ្នា ស្អប់គ្នាទៅវិញទៅមកហ្នឹង ។ អាហ្នឹងហើយយើងបែកបាក់គ្នាដោយអត់បានដឹងខ្លួន“ ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ បានមានប្រសាសន៍បន្តថា “ដូច្នេះបើសិនជាយើងទិតៀនគ្នា ដូចខ្ញុំថាអ៊ីចឹង គឺគោលគំនិត យុទ្ធសាស្រ្ត គោលនយោបាយ ហើយសកម្មភាពអីអ៊ីចឹងទៅ ហើយចៀសវាងការវ៉ៃប្រហារបុគ្គល ប្រើពាក្យអសុរោះ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះគេហ្នឹង គឺខ្ញុំថាអត់ល្អទេ ហើយមួយទៀត អាហ្នឹងគឺឆ្លុះបញ្ចាំងជាតិយើងផងថា ជាតិយើងអ៊ីចឹងឬយ៉ាងម៉េច? គិតតែជេរប្រមាថគ្នាទៅវិញទៅមកអ៊ីចឹង? អាហ្នឹងហើយគឺពន្លិចពន្លង់ជាតិខ្លួនឯងហើយ បើធ្វើអ៊ីចឹងតទៅទៀតហ្នឹង ។ អ្វីដែលសង្កេតឃើញនេះ គឺនៅក្នុងសង្គមក៏មាន ជាពិសេសអ្នកនយោបាយដែលខុសបក្សគ្នាអីហ្នឹង ។ ដូច្នេះខ្ញុំបញ្ជាក់ឡើងវិញ បើទិតៀន គឺទិតៀនគំនិតគេ យុទ្ធសាស្រ្តគេ គោលនយោបាយគេ ហើយនិងសកម្មភាពគេ អាហ្នឹងល្អជាង ហើយគឺត្រូវមានអីមកជំនួសវិញដែលល្អជាង តែបើចេះតែវ៉ៃប្រហារចោលៗអ៊ីចឹង អត់កើតទេ ល្ងង់ទៅវិញទេ តាមពិតទៅ!“ ។

ស្របគ្នានេះដែរ លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការផ្ដល់នូវគំនិតនិងដំណោះស្រាយដែលល្អ និងមានភាពសុខដុមរមនា គឺជារឿងមួយដែលចាំបាច់ ហើយអ្នកដែលធ្វើកិច្ចការសង្គម នយោបាយ អ្នកដែលមានការគិតវែងឆ្ងាយចំពោះបញ្ហាជាតិ គួរតែលើកទឹកចិត្ត និងជំរុញឲ្យមានការអភិវឌ្ឍរួមគ្នា ប្រកបទៅដោយភាពសុខដុមរមនា ដើម្បីកាត់បន្ថយបញ្ហា ។ ពាក្យថា សុខដុមរមនានេះ មិនមែនជាការលុបបំបាត់ភាពខុសគ្នានោះទេ តែវាជាការរួបរួម ការគ្រប់គ្រងភាពខុសគ្នា ប្រកបទៅដោយវិធីសាស្រ្តមួយ ដោយឈរទៅលើមូលដ្ឋានទាំងសន្តិវិធី និងមានការស្ថាបនា ដើម្បីរក្សាបាននូវផលប្រយោជន៍របស់សង្គម និងប្រទេសជាតិ ។

លោក សេក សុជាតិ បានមានប្រសាសន៍ថា “ទាក់ទងជាមួយទស្សនៈរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលបានលើកឡើងថា ផ្លូវមួយ ឆ្ពោះទៅរកសង្គមសុខដុមរមនា ត្រូវនាំគ្នាកាត់បន្ថយការទិតៀន សម្អុយឈ្មោះបុគ្គល មកឲ្យតិចបំផុត ហើយបង្កើតការទិតៀនគំនិត គោលនយោបាយ យុទ្ធសាស្រ្តនិងសកម្មភាពរបស់បុគ្គល រួមទាំងការផ្ដល់គំនិត គោលនយោបាយ យុទ្ធសាស្រ្តនិងសកម្មភាពដែលល្អជាង បម្រើផលប្រយោជន៍សង្គមនិងប្រជាពលរដ្ឋ ឲ្យបានច្រើនបំផុត ។ អ៊ីចឹងបើយើងបានអាន ហើយសិក្សាទៅលើទស្សនៈនេះ គឺជាទស្សនៈមួយល្អ មានអត្ថប្រយោជន៍ជាច្រើនសម្រាប់សង្គម សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយសម្រាប់ខ្ញុំ គឺយល់ស្រប និងទទួលយកទស្សនៈមួយនេះ ហើយក៏ចាត់ទុករាល់ការទិតៀនផ្ទាល់ខ្លួន គួរតែកាត់បន្ថយមែន ពីព្រោះការទិតៀនរឿងផ្ទាល់ខ្លួននេះ វាជាបញ្ហាមួយបង្កជម្លោះនៅក្នុងចំណោមបុគ្គលជាមួយនឹងបុគ្គល ហើយបញ្ហានេះ បើសិនជាជម្លោះនេះកើតឡើង គឺជាជម្លោះមួយដែលគ្មានន័យទេសម្រាប់សង្គម ហើយវានឹងបង្កើតតែបញ្ហា និងធ្វើឲ្យមានការរីករាលដាលកាន់តែធំទៅដល់សង្គមរបស់យើង ។ រីឯពាក្យលោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកទាក់ទងជាមួយនឹងការទិតៀនគំនិត គោលនយោបាយ និងសកម្មភាព ជួយលើកកម្ពស់សង្គម នេះគឺជាការពិត ពីព្រោះយើងដឹងហើយថា គោលដៅធំរបស់អ្នកនយោបាយ គឺធ្វើកិច្ចការសង្គម តាមរយៈការរៀបចំនូវគោលនយោបាយ និងធ្វើសកម្មភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាដែលកំពុងកើតមានចំពោះសង្គម និងប្រជាពលរដ្ឋ ។ រីឯការផ្ដល់នូវគំនិតនិងដំណោះស្រាយដែលល្អ និងមានភាពសុខដុមរមនា គឺជារឿងមួយដែលចាំបាច់ ហើយអ្នកដែលធ្វើកិច្ចការសង្គម អ្នកដែលធ្វើការងារនយោបាយ អ្នកដែលមានការគិតវែងឆ្ងាយចំពោះបញ្ហាជាតិ គួរតែលើកទឹកចិត្ត និងជំរុញឲ្យមានការអភិវឌ្ឍន៍រួមគ្នា ប្រកបទៅដោយភាពសុខដុមរមនា ដើម្បីកាត់បន្ថយបញ្ហា ជាជាងដែលយើងមិនធ្វើអីសោះ ហើយមួយទៀត គឺយើងផ្ដោតទៅលើផលប្រយោជន៍សង្គម និងប្រជាពលរដ្ឋ នេះគឺជាចំណុចដែលសំខាន់បំផុត ដែលយើងគួរតែយកចិត្តទុកដាក់“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តថា “នៅក្នុងនេះ គឺខ្ញុំចង់លើកបន្ថែមបន្តិច ពាក្យថា “សុខដុមរមនា” គឺជាសារមួយ ដែលអាចឆ្លុះបញ្ចាំងទៅលើស្ថានភាពសង្គម ដែលមានការរួបរួមសាមគ្គីគ្នា កសាងនូវសន្តិភាពមួយ ហើយមនុស្សទាំងអស់ មានការគោរពគ្នាទៅវិញទៅមក មិនយកគ្នាធ្វើជាសត្រូវ បង្កើតបញ្ហាខ្វែងគំនិត ហើយបង្កហានិភ័យដល់ប្រទេសជាតិ ។ ដូច្នេះមនុស្សដែលមានទស្សនៈ និងការយល់ឃើញ ឬក៏មានជំនឿទៅលើសាសនាក្ដី នយោបាយក្ដី គឺគាត់អាចធ្វើ ហើយពួកគាត់គួរតែសិក្សាថា តើបញ្ហាទាំងអស់នេះ វាជាប្រយោជន៍សង្គម ឬក៏ជាប្រយោជន៍ផ្ទាល់ខ្លួន? ហើយបើសិនជាយើងចង់ឲ្យភាពសុខដុមរមនាកើតឡើងដល់មនុស្សទូទៅនៅក្នុងសង្គមរបស់យើង យើងត្រូវធ្វើកិច្ចការ ឬក៏យើងត្រូវពិចារណាលើចំណុច ៥យ៉ាង ។ ទី១ គឺការយោគយល់គ្នា ពីព្រោះភាពសុខដុមរមនានេះ វាកើតឡើងនៅពេលដែលបុគ្គល ឬក៏ក្រុមនីមួយៗ ទទួលស្គាល់គ្នាទៅវិញទៅមក ចេះគោរពគ្នា ហើយចៀសវាងប្រឈមមុខដាក់គ្នាដោយហិង្សា ដែលជាបញ្ហាដែលនាំឲ្យមានការបែកបាក់ផ្ទៃក្នុងជាតិ និងសង្គមរបស់យើង ហើយទី២ គឺត្រូវពិចារណាទៅលើការទិតៀនបែបស្ថាបនា ដូចលោកបណ្ឌិត ឡៅ ម៉ុងហៃ បានលើកឡើងអ៊ីចឹង គឺការទិតៀនណាដែលមិនមានប្រយោជន៍ គួរតែទម្លាក់ចោល ហើយចាប់យកនូវការទិតៀនណាដែលបានផ្ដល់នូវផលប្រយោជន៍ មិនថាជាគំនិត ដែលផ្ដោតទៅលើសង្គម ឬក៏នយោបាយនោះទេ គឺយើងគួរតែចៀសវាងការវ៉ៃប្រហារទៅលើបុគ្គល ឬក៏ទៅលើក្រុមណាមួយ ដោយខ្វះការត្រិះរិះពិចារណា ហើយការធ្វើបែបនេះ គឺយើងអាចជួយបង្កបរិយាកាសសង្គមរបស់យើងឲ្យមានភាពសុខដុមរមនា និងអាចកសាងនូវមាគ៌ាសន្តិភាពមួយ តាមរយៈការលើកកម្ពស់កិច្ចពិភាក្សាប្រកបទៅដោយការទទួលខុសត្រូវ ហើយនិងប្រកបទៅដោយសីលធម៌“ ។

លោក សេក សុជាតិ បានមានប្រសាសន៍បន្តទៀតថា “ចំណុចទី៣ ដែលយើងគួរពិចារណាដែរ គឺទាក់ទងជាមួយនឹងផលប្រយោជន៍រួម ។ កាលណាយើងមានសេចក្ដីសុខរុងរឿងទាំងអស់គ្នា គឺទាមទារ ឬក៏តម្រូវឲ្យគ្រប់ភាគីទាំងអស់ ផ្ដល់សិទ្ធិនិងសេរីភាពឲ្យបានគ្រប់គ្រាន់ នៅក្នុងការអនុវត្ត និងការបែងចែកផលប្រយោជន៍នៅក្នុងសង្គមទាំងមូល ជាជាងការប្រមូលយកផលប្រយោជន៍ មកដាក់នៅក្នុងក្រុម ឬក៏គ្រួសារ ឬក៏បុគ្គលផ្ទាល់ខ្លួនហ្នឹង ។ ចំណុចទី៤ ដែលគួរពិចារណាដែរ គឺការដោះស្រាយបញ្ហាជម្លោះ ហើយជម្លោះ គឺចៀសមិនផុតទេ វាតែងតែមាននៅក្នុងសង្គម សហគមន៍ និងគ្រួសារ ឬក៏បុគ្គល តែអ្វីដែលយើងគួរតែពិចារណា គឺការសន្ទនាគ្នា ការជជែកគ្នា ដោយលើកយកបញ្ហាដាក់លើតុ រួចស្វែងរកដំណោះស្រាយរួម ។ ពេលនោះជម្លោះ វានឹងត្រូវបានកាត់បន្ថយពីធំ មកតូច ឬពីតូច ទៅជាគ្មាន ហើយការដែលយើងអាចកាត់បន្ថយ គឺអាចជួយពង្រឹងទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ក្រុមនិងក្រុម ឬក៏ធ្វើឲ្យសង្គមរបស់យើងមានទំនាក់ទំនងជាមួយគ្នាល្អប្រសើរ ។ ចំណុចទី៥ ដែលជាចំណុចដែលគួរពិចារណាចុងក្រោយហ្នឹង គឺការអភិវឌ្ឍន៍ប្រកបទៅដោយចីរភាព ។ អ៊ីចឹងសុខដុមរមនា គឺជាមូលដ្ឋានមួយសម្រាប់យើងនៅក្នុងការអភិវឌ្ឍសង្គម ធ្វើម៉េចដើម្បីឲ្យយើងអាចរស់នៅក្នុងសង្គមមួយប្រកបទៅដោយនិរន្តរភាព មានស្ថិរភាព មិនមានការភ័យខ្លាច ហើយមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការចូលរួមសកម្មភាពសង្គម ដើម្បីផ្ដល់នូវធាតុចូល ឬក៏ផ្ដល់នូវដំណោះស្រាយតាមគ្រប់រូបភាពទាំងអស់ ដើម្បីប្រយោជន៍របស់សង្គមទាំងមូល ។ សរុបមកវិញ ពាក្យថា សុខដុមរមនានេះ មិនមែនជាការលុបបំបាត់ភាពខុសគ្នានោះទេ គឺវាជាការរួបរួម ការគ្រប់គ្រងភាពខុសគ្នា ប្រកបទៅដោយវិធីសាស្រ្តមួយ ដោយឈរទៅលើមូលដ្ឋានទាំងសន្តិវិធី និងមានការស្ថាបនា ដើម្បីរក្សាបាននូវផលប្រយោជន៍របស់សង្គម ហើយនិងប្រទេសជាតិយើង ។ នេះគឺជាចំណុចសំខាន់ ដែលខ្ញុំយល់ថា ទស្សនៈរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ គឺមានគុណតម្លៃមហាសាល សម្រាប់យើងយកមកធ្វើការសិក្សានិងឈ្វេងយល់ ហើយនិងយកមកធ្វើជាមូលដ្ឋានសម្រាប់ដោះស្រាយបញ្ហាសង្គម ដែលកំពុងតែប្រឈមនាពេលបច្ចុប្បន្នហ្នឹង“ ៕ កុលបុត្រ

RELATED ARTICLES