Thursday, October 2, 2025
Homeចរាចរណ៍បើកឡានបុករះម៉ូតូ៣ ស្លាប់២នាក់ប្តីប្រពន្ធ

បើកឡានបុករះម៉ូតូ៣ ស្លាប់២នាក់ប្តីប្រពន្ធ

ខេត្តកណ្តាល ៖ រថយន្តសាំងយ៉ុង ១គ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន រួចជ្រុលបុករះម៉ូតូចំនួន៣គ្រឿង ជាបន្តបន្ទាប់ បណ្តាលឱ្យប្តីប្រពន្ធ ២នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈមនុស្ស ៤នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥ (ផ្លូវចាស់) ក្នុងភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ។

ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវរថយន្តបុកស្លាប់ បុរសជាប្តី មានឈ្មោះជា ខឹម អាយុ៥៥ឆ្នាំ និងស្ត្រីជាប្រពន្ធ មានឈ្មោះតូច ស្រី អាយុ៥៣ឆ្នាំ។ ប្តីប្រពន្ធទាំង២នាក់ មានលំនៅក្នុងភូមិអម្ពិលផ្អែម ឃុំវិហារលួង ស្រុកពញាឮ។

ចំណែកជនរងគ្រោះដែលរបួសធ្ងន់ស្រាល ទាំង៤នាក់ រួមមាន ទី១-ឈ្មោះឯម ម៉េត ភេទស្រី អាយុ៤២ឆ្នាំ (របួសធ្ងន់)។ ទី២-ឈ្មោះ ម៉េង ស្រស់ ភេទប្រុស អាយុ៣០ឆ្នាំ (របួសស្រាល)។ ទី៣-ឈ្មោះហួរ ស្រីនាង ភេទស្រី អាយុ២៧ឆ្នាំ (របួសស្រាល) និងទី៤-ឈ្មោះម៉ន ផា ភេទស្រី អាយុ៤៥ឆ្នាំ (របួសស្រាល)។

 លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ ឱ្យដឹងថា ករណីនេះ បង្កឡើងដោយរថយន្តម៉ាក SSANG YOUNG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-0048 ដែលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ រថយន្តនេះ បានបើកបុករះម៉ូតូ ចំនួន៣គ្រឿង ដែលធ្វើដំណើរផ្ទុយទិសគ្នា បណ្តាលឱ្យប្តីប្រពន្ធ ២នាក់ បាត់បង់ជីវិតនៅនឹងកន្លែង។ ចំណែកមនុស្ស ៤នាក់ទៀត រងរបួសធ្ងន់-ស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗ។

លោកអធិការ បន្តថា ក្រោយកើតហេតុ កម្លាំងនគរបាលចរាចរណ៍ បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ពិនិត្យនិងបានសន្និដ្ឋានថា គ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើកបររថយន្តបង្កហេតុ មានការធ្វេសប្រហែស បើកលឿននៅត្រង់ផ្លូវកោង។

បន្ទាប់ពីធ្វើការវាស់វែងរួច សមត្ថកិច្ចបានអូសយករថយន្ត និងម៉ូតូ ទាំង៣គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ រង់ចាំដោះស្រាយតាមនីតិវិធី។ ចំណែកសពជនរងគ្រោះ ទាំង២នាក់ប្តីប្រពន្ធ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES