ភ្នំពេញ ៖ មេចុងភៅកម្ពុជា លោកសៅ សុភ័ក្រ បានទទួលពានរង្វាន់លេខ១ និងក្លាយជាម្ចាស់ពាន Private Chef World Cup នៅប្រទេសបារាំង លើកដំបូង បន្ទាប់ពីបង្ហាញស្នាដៃបង្អែម «ពងក្នុងសំបុក» (l’oeuf dans le nid)។

បង្អែម “ពងក្នុងសំបុក” (l’oeuf dans le nid) របស់មេចុងភៅ លោកសៅ សុភ័ក្រ បានទទួលពានរង្វាន់លេខ១ ក្នុងការប្រកួត នាឱកាសពិព័រណ៍ម្ហូបអាហារអន្តរជាតិ (VILLAGE INTERNATIONAL DE LA GASTRONOMIE) កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
គួរបញ្ជាក់ថា ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (VILLAGE INTERNATIONAL DE LA GASTRONOMIE) បានរៀបចំឡើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកញ្ញា នៅទីក្រុងប៉ារីស តាមដងទន្លេសែន ទល់មុខទួរអេហ្វហ្វែល (Tour Eiffel) ដោយមានការចូលរួមពីបណ្តាប្រទេសនិងតំបន់ចំនួន ៦២លើពិភពលោក។

នៅក្នុងពិធីពិព័រណ៍ម្ហូបអាហារអន្តរជាតិ Village International de la Gastronomie នៅក្រុងប៉ារីស នេះ លោកសៅ សុភ័ក្រ មេចុងភៅកម្ពុជា បានយកឈ្នះមេចុងភៅ Marty Sokouri តំណាងអាហ្វ្រិក និងមេចុងភៅ Moisan Theo តំណាងអឺរ៉ុប ក្លាយជាជើងឯកពាន Private Chef World Cup លើកដំបូង ជាមួយស្នាដៃបង្អែម «ពងក្នុងសំបុក» (l’oeuf dans le nid)។

លោកលុយ ដាវីត ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានឱ្យដឹងថា នេះជាមោទនភាពសម្រាប់កម្ពុជា ដែលត្រូវបានជ្រើសរើសជាប្រទេសកិត្តិយស (Pays a l’honneur) ក្នុងពិព័រណ៍ម្ហូបអាហារអន្តរជាតិមួយនេះ។ នៅក្នុងនោះដែរ កម្ពុជា បានដាក់តាំងផលិតផលក្នុងស្រុករបស់យើង មានដូចជា ម្រេចខ្មៅកំពត គ្រាប់ស្វាយចន្ទី ដំណាប់ស្វាយ ស្ករត្នោត នំសម្រន់គ្រប់ប្រភេទ ប្រហុក ក្រមាខ្មែរ និងផលិតផលជាច្រើនទៀត។ ជាមួយគ្នានេះ យើងក៏មានមេចុងភៅ សៅ សុភ័ក្រ និងសាលារៀន PAUL DUBRULE បានចម្អិនម្ហូបខ្មែរ បង្ហាញជូនភ្ញៀវអន្តរជាតិ បានស្គាល់និងភ្លក្សរសជាតិផងដែរ។

ក្នុងព្រឹត្តិការណ៍នោះ កម្ពុជា បានបង្ហាញអំពីទស្សនីយភាពសិល្បៈ និងកម្មវិធីវប្បធម៌ផ្សេងៗផងដែរ ដូចជា ការបកស្រាយចម្រៀងរបស់តារាចម្រៀង កុយ វណ្ណា ការសម្តែងក្បាច់គុនល្បុក្កតោ របាំក្រមា របាំទេពមនោរម្យ (សម្រស់មយូរី) ការដើរម៉ូដរបស់ក្រុមបវរកញ្ញាកម្ពុជា នៅបារាំង និងសកម្មភាពផ្សេងៗទៀត៕