ភ្នំពេញ ៖ ក្រោយបែកបាក់ប្រពន្ធ ២នាក់ រួចមក លោកទេស សុជន ហៅនាយក្រិន អតីតតារាកំប្លែងល្បីក្នុងក្រុមនាយកុយ ស្រាប់តែផ្ទុះរឿងថា ទទួលបានលាភថ្មី ជាទីគាប់ចិត្ត ដោយរកប្រពន្ធថ្មីបានដល់ទៅ ២នាក់ និងកំពុងសម្ងំរួមរស់យ៉ាងមានក្តីសុខ នៅឯខេត្តបាត់ដំបង។

គួរបញ្ជាក់ថា តារាកំប្លែងរូបរាងតូចល្អិត វ័យ៤០ឆ្នាំប្លាយ លោកទេស សុជន ហៅនាយក្រិន បន្ទាប់ពីបែកបាក់ប្រពន្ធទី១ ឈ្មោះហ៊ិន ចាន់ធឿន ហៅសុវណ្ណរ៉ា (មានកូន១) នៅខេត្តព្រះសីហនុ និងបែកបាក់ប្រពន្ធទី២ ឈ្មោះយ៉ាយ៉ា នៅភ្នំពេញ ដោយបន្សល់ទុកកូន ចំនួន៣នាក់ (ប្រុស២ ស្រី១) និងបំណុលជាង ៩ម៉ឺនដុល្លារ មក ស្រាប់តែថ្មីៗនោះ មានការផ្អើលថា នាយក្រិន រកបានប្រពន្ធថ្មី ដល់ទៅ២នាក់ និងកំពុងរួមរស់ជុំគ្នាយ៉ាងផ្អែមល្ហែមទៀតផង។
គូស្នេហ៍ថ្មីទាំង២នាក់ របស់នាយក្រិន រួមមាន ទី១-ឈ្មោះម៉ៃយ៉ា អាយុជាង២០ឆ្នាំ មានស្រុកកំណើតនៅម្តុំអ្នកលឿង ខេត្តព្រៃវែង និងទី២-មានឈ្មោះស្រីនួន។

យោងតាមបទសម្ភាសន៍ជាមួយលោកសាន្ត ប៊ុនធឿន អ្នកសារព័ត៌មានអនឡាញល្បីឈ្មោះ ១រូប កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកទេស សុជន ហៅនាយក្រិន បានទទួលស្គាល់ថា ពេលនេះលោកនិងគូស្នេហ៍ ទាំង២នាក់ (ម៉ៃយ៉ា និងស្រីនួន) ពិតជាកំពុងមើលចិត្តគ្នា បណ្តើរៗប្រាកដមែន តែមិនទាន់ឈានដល់ទំនាក់ ទំនងស៊ីជម្រៅនៅឡើយទេ។
នារីជាគូស្នេហ៍នាយក្រិន ឈ្មោះម៉ៃយ៉ា បានបញ្ជាក់ប្រាប់ថា ដំបូងឡើយ រវាងនាង និងនាយក្រិន គឺជាអ្នក រួមការងារប្រូម៉ូតផលិតផលជាមួយគ្នាប៉ុណ្ណោះ លុះក្រោយពីទំនាក់ទំនងស្គាល់គ្នាមួយរយៈមក ពួកនាងក៏ចាប់ផ្តើមមានចិត្តលើគ្នា ហើយមកដល់សព្វថ្ងៃ ពួកនាងកំពុងតែ មើលចិត្តគ្នាទៅវិញទៅមក ដោយអាចរាប់ថាជាសង្សារ តែមិនទាន់មានទំនាក់ទំនងអ្វីលើសលស់ ឬស៊ីជម្រៅនៅឡើយ។

នាងម៉ៃយ៉ា បានឱ្យដឹងថា សម្រាប់នាង មិនបានគិតថា នឹងមកបោកប្រាស់នាយក្រិនទេ ហើយក៏មិនដែលគិតថាមកពីគាត់ជាបុគ្គលល្បីឬក៏អ្វីដែរ តែនាងគោរពស្រលាញ់នូវទំហំទឹកចិត្តរបស់គាត់ដែលជាបុរសពោះម៉ាយ ខំប្រឹងមើលថែចិញ្ចឹមបីបាច់កូនៗតែម្នាក់ឯង ទាំងកំពុងជាប់ បំណុលធនាគារ រាប់ម៉ឺនដុល្លារទៀត ដែលទង្វើទាំងនោះបានធ្វើឱ្យនាងមានចិត្តអាណិតស្រលាញ់ និងឆក់យកទាំងបេះដូងរបស់នាងទៀតផង។
ចំណែកនារីឈ្មោះស្រីនួន បានរៀបរាប់ប្រាប់ថា នាងក៏បានជួបស្គាល់នាយក្រិន ក្រោយពីបានរួមការងារនឹងគ្នា មួយរយៈមកដែរ និងបានសង្កេតឃើញថា នាយក្រិន ជាមនុស្សល្អ ហ្មត់ចត់ អត់ធ្មត់នឹងការងារ ពិសេសថែមទាំងមានទំនួលខុសត្រូវខ្ពស់ទៀតផង មិនថារឿងការងារ ឬជីវិតផ្ទាល់ខ្លួននោះទេ លុះក្រោយពីទំនាក់ទំនងគ្នាបានមួយរយៈ បានធ្វើឱ្យនាងមានចិត្តអាណិតលើនាយក្រិន កាន់តែធ្ងន់ឡើង រហូតឈានដល់ក្តីស្រលាញ់តែ ម្តង។

ដោយឡែក នាយក្រិន បានលើកឡើងថា លោកពិតជាមានសំណាងណាស់ ដែលបាននារីដ៏ស្រស់ស្អាតទាំងពីរនាក់ បានឈានជើងចូលមកក្នុងជីវិតរបស់លោក ព្រមគ្នាបែបនេះ តែយ៉ាងណា ជំហានដំបូង ពួកលោកត្រូវការពេលវេលាសិក្សាចិត្តគ្នាបន្ថែមទៀតថា តើពិតជាអាចដើរលើផ្លូវជីវិតរួមគ្នាបានមែនឬយ៉ាងណា?
នាយក្រិន បានបញ្ជាក់ថា អ្វីដែលលោកចង់និយាយទៅកាន់មហាជន នៅត្រង់ថា ពិតណាស់ នៅពេលដែលលោកប្រកាសថា កំពុងសិក្សាចិត្តគ្នាជាមួយស្រីស្អាតទាំងពីរ ច្បាស់ណាស់ថា នឹងមានអ្នកចោទជាសំណួរថា ហេតុអ្វីនាយក្រិន មានមនុស្សស្រីស្ម័គ្រចិត្តចូលមកក្នុងជីវិត ព្រមគ្នាបែបនេះ? តើនាយក្រិន មានចេះមន្តអាគមស្នេហ៍ស្នូក ឬយ៉ាងណា? ត្រង់នេះ លោកសូមបញ្ជាក់ថា លោកមិនមានមន្តស្នេហ៍ ឬចេះអាគមស្នេហ៍អ្វីទាំង អស់ ហើយបើលោកពិតជាចេះមែននោះ មិនមែនប្រពន្ធមុន ចុះចោលជាបន្តបន្ទាប់ ដល់ទៅ២នាក់ឡើយ។

យ៉ាងណា មហាជនមួយចំនួន យល់ថា ទាំងនាយក្រិន និងស្រីស្អាតទាំង២នាក់ ខាងលើ គ្រាន់តែជាកសម្តែងដើម្បីទាក់ទាញអ្នកចូលមើល និងឃោសនាលក់ផលិតផលជាមួយគ្នាប៉ុណ្ណោះ ។ ប៉ុន្តែបើជាការពិតមែននោះ ពួកគាត់ជូនពរឱ្យជីវិតនាយក្រិន សមប្រកបនឹងស្នេហា ស្រលាញ់គ្នាដល់ចាស់កោងខ្នង កុំឱ្យនាងទាំង២ រត់ចោលដូចប្រពន្ធ២នាក់ ពីមុនទៀត៕