Friday, September 5, 2025
Homeនយោបាយបញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា ថារក្សាសន្តិភាព បន្តខំដោះស្រាយសន្តិវិធី

បញ្ហាព្រំដែនកម្ពុជា-ថៃ រាជរដ្ឋាភិបាលកម្ពុជា ថារក្សាសន្តិភាព បន្តខំដោះស្រាយសន្តិវិធី

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសនៅចំណុចភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលភាគីថៃ បានធ្វើសកម្មភាពជាឯកតោភាគី ឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅនិងអាស្រ័យផលជាយូរលង់មកហើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគីថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូត ដោយស្របតាមច្បាប់អន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បន្តខិតខំធ្វើយ៉ាងណាឱ្យមានដំណោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាព ដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

សេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំ ម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះពជាណាចក្រកម្ពុជា បានខិតខំការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី យ៉ាងប្តូរផ្តាច់បំផុត តាមគ្រប់មធ្យោបាយ។

 ចំពោះករណីដែលបានកើតឡើងនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ ដែលភាគីថៃ បានធ្វើសកម្មភាពជាឯកតោភាគី ចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ មក បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅនិងអាស្រ័យផលជាយូរលង់មកហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការយ៉ាងសកម្ម ដោយប្រើយន្តការគ្រប់លំដាប់ថ្នាក់ ដែលមានជាធរមាន ដើម្បីតវ៉ាទៅកាន់ភាគិថៃ និងជូនដំណឹងទៅកាន់ភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយការទូត ដោយស្របតាមច្បាប់អន្តរជាតិ រួមមាន ៖

 – ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ា ចំនួន ៣លើក ទៅកាន់ក្រសួងការ បរទេសថៃ និងបានលើកឡើងក្នុងវេទិកានានា និងជាមួយរអង្គការអន្តរជាតិ ជាច្រើនលើក រួមទាំងអង្គ ការ សហប្រជាជាតិ ជាដើម។ ជាមួយគ្នានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចនិងពិនិត្យផ្ទាល់ ដោយមានការអញ្ជើញចូលរួមពីអង្គទូត ភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលនានា ទៅកាន់ភូមិជោគជ័យ និងភូមិព្រៃចាន់ និងកន្លែងដែលរងគ្រោះពីការប៉ះទង្គិចប្រដាប់អាវុធ កាលពីចុងខែកក្កដា កន្លងទៅ។

– កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ចំនួន ១លើក និងគណៈកម្មាធិការព្រំ ដែនថ្នាក់ភូមិភាគ កម្ពុជា-ថៃ (RBC) ចំនួន ៤លើក កាលពីពេលកន្លងទៅ ដោយភាគីកម្ពុជា បានលើកឡើងជាចម្បង អំពីកិច្ចការពារបូរណភាពទឹកដីនេះដែរ។

 – រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើលិខិតកំណត់ទូតតវ៉ា ចំនួន ៣លើក ក្នុងនាមគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ទៅកាន់សមភាគីថៃ។

 – អាជ្ញាធរខេត្តបន្ទាយមានជ័យ បានធ្វើលិខិតតវ៉ា ចំនួន ២លើក ទៅកាន់អាជ្ញាធរខេត្តស្រះកែវ របស់ប្រទេសថៃ។

 – ជាមួយគ្នានេះ ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដូចជា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើកិច្ច ការងារជាមួយដៃគូរបស់ខ្លួន ដោយបានដាក់ញត្តិសុំអន្តរាគមន៍ជាបន្ទាន់លើសកម្មភាពឯកតោភាគី របស់ភាគីថៃ ជូនអ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិទទួលបានទីជម្រកសមរម្យ ការិយាល័យឧត្តមស្នងការអង្គ ការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំតំបន់អាស៊ីអាគ្នេយ៍ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ទាំង១០ប្រទេស និងស្ថាប័នជាតិសិទ្ធិមនុស្សឯករាជ្យផ្សេងៗទៀត។

ក្រៅពីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែលើកឡើងពីបញ្ហានេះ នៅរាល់ជំនួបជាមួយថ្នាក់ដឹកនាំបរទេសសំខាន់ៗ ដោយជំរុញឱ្យមានកិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី អនុ លោមតាមកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិ។ នាពេលថ្មីៗនេះ ក្នុងដំណើរអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃបូក កាលពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងធានជីង ប្រទេសចិន សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកបញ្ហានេះជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមវ៉ាង ហ៊ូនីង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ឯកឧត្តមអង់តូនីញ៉ូ ហ្គូទែររ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ សម្តេចធិបតី បានស្នើសុំឱ្យមានកិច្ចអន្តរាគមន៍ ដើម្បីជំរុញឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនិងពេញលេញ នូវបទឈប់បាញ់ តាមរយៈវត្តមានចាំបាច់នៃយន្តការតាមដានដោយភាគីទីបី ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងបញ្ឈប់ការពង្រីកតំបន់ជម្លោះ ការប្រើប្រាស់យោធាចូលកាន់កាប់ដោយខុសច្បាប់ និងបណ្តេញប្រជាពលរដ្ឋស៊ីវិលដោយបង្ខំ ចេញពីតំបន់ដែលបាននិងកំពុងរស់នៅជាយូរលង់មកហើយ ដើម្បីទប់ស្កាត់សកម្មភាពបង្កហេតុ និងបញ្ចៀសហានិភ័យដ៏ធ្ងន់ធ្ងរ ដែលអាចឈានដល់ការផ្ទុះអាវុធសាជាថ្មី និងការប្រឈមមុខដាក់គ្នា ប្រកបដោយគ្រោះថ្នាក់។

ចំណែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានប្រើប្រាស់យន្តការការទូត យ៉ាងសកម្ម នៅគ្រប់ជំនួបជាមួយមេដឹកនាំបរទេស ដើម្បីរកដំណោះស្រាយដោយសន្តិវិធីអនុលោមតាមច្បាប់អន្តរជាតិ ក្នុងការការពារអធិប តេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនសាធារណជន ជ្រាបថា ការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាល នៅពេលបច្ចុប្បន្ន និងតទៅអនាគត។ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តខិតខំធ្វើយ៉ាងណាឱ្យមានដំណោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យជាតិ បូរណភាពទឹកដី និងរក្សាបាននូវសុខសន្តិភាព ដែលជាសេចក្តីត្រូវការចាំបាច់របស់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

          អាស្រ័យហេតុនេះ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន“ ៕ 

RELATED ARTICLES