ភ្នំពេញ ៖ មជ្ឈដ្ឋានមហាជនដែលនិយមតាមដានជីវិតសិល្បៈ និងជីវិតឯកជនរបស់តារាកំប្លែងមាឌតូចល្អិត ល្បីឈ្មោះ លោកទេស សុជន ហៅនាយក្រិន បុរសខកស្នេហ៍ពីរដង និងជាពោះម៉ាយកូន៣ កំពុងចាប់អារម្មណ៍ជាថ្មី ជាមួយនឹងព័ត៌មានលេចឮថា តារារូបនេះ រកបានគូស្នេហ៍ថ្មី ជានារីខ្ពស់ស្រឡះ រូបឆោមស្រស់ស្អាតម្នាក់ ជាអ្នកសិល្បៈដូចគ្នា បន្ទាប់ពីអ្នកទាំងពីរបានថតកៀកស្និទ្ធស្នាលគ្នាក្នុងវីដេអូ បង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុក ហើយមានការចម្អន់លេងពីរៀមច្បងសិល្បៈផងដែរថា អ្នកទាំងពីរ បើទោះបីរូបសម្បត្តិខុសគ្នា ខាងប្រុស ទាបតូច ខាងស្រី ខ្ពស់ធំក៏ដោយ ក៏ដួងចិត្តបុរសនារីយើង បានវេញត្របាញ់ចូលគ្នាទៅហើយ ក្លាយជាភ្លើង ស្នេហ៍ដែលកំពុងតែឆេះចេញជាអណ្ដាត ។

នារីដែលមហាជនគិតថា កំពុងចូលក្នុងជីវិតបេះដូងរបស់នាងក្រិន ចង់ស្ម័គ្រធ្វើជាម្ដាយឲ្យកូនៗទាំង៣ របស់លោកទេស សុជន នោះ មានឈ្មោះថា ភី ស័ក្ដិសាន់យ៉ា ហៅម៉ៃយ៉ា ជាតារាសម្ដែងកំពុងរះឡើងក្នុងសួនសិល្បៈ ដែលកំពុងទីផ្សារក្នុងការសម្ដែងរឿងភាគ រឿងអប់រំខ្លីៗ និងការថតស្ពតពាណិជ្ជកម្មនានា ។ តារាស្រីវ័យក្មេងស្រអែមស្រស់នេះ មានឱកាសបានកៀកស្និទ្ធស្នាលនឹងតារាកំប្លែងពោះម៉ាយកូន៣ នាយក្រិន មិនមែនជារឿងចៃដន្យទេ តែជាការរៀបចំឲ្យជួបគ្នាក្នុងការថតស្ពតផលិតផលជំនួយសុខភាពផ្លូវភេទ ដែលនាយក្រិន ត្រូវបានម្ចាស់ក្រុមហ៊ុន យកធ្វើជា BA ឯម៉ៃយ៉ា ជាតួស្រីម្នាក់ ក្នុងចំណោមតួស្រី៣នាក់ ។ ប៉ុន្តែតួស្រី២នាក់ផ្សេងទៀតនោះ មិនត្រូវបានចាប់អារម្មណ៍ថា គូស្នេហ៍ថ្មីរបស់នាយក្រិន ទេ គឺមានតែម៉ៃយ៉ា ម្នាក់គត់ កំពុងតែធ្វើឲ្យបុរសមួយចំនួននឹកច្រណែននឹងក្រិន ដែលមានវាសនាបានស្រីស្អាតរូបនេះធ្វើជាម្ចាស់បេះដូង ។

លោកសាវិន ហ្វីលីព តារាសម្ដែងជើងចាស់ម្នាក់ ដែលជាអ្នកកាន់ផេកឲ្យនាយក្រិន និងជាអ្នកថតវីដេអូស្ដីពីសកម្មភាពតួស្រីម៉ៃយ៉ា អង្គុយកៀកកិតនែបនិត្យជាប់នាយក្រិន និងអង្គុយញ៉ាំបាយ ក្បែរនាយក្រិន ជាអ្នក ប្រកាសថា នាយក្រិន រកបានគូស្នេហ៍ថ្មី ដោយលោកបានបង្ហោះវីដេអូនាយក្រិន និងម៉ៃយ៉ា នៅក្បែរគ្នានេះ ជាច្រើនឃ្លីប ជាបន្តបន្ទាប់ ភ្ជាប់ជាមួយសំណេរថា “សូមអបអរសាទរ នាយក្រិន រកបានគូថ្មីហើយ…” ។
មិនតែប៉ុណ្ណោះ នៅពេលមានអ្នកលេងបណ្ដាញសង្គមមួយចំនួន បានលើកឡើងនៅក្នុងខម្មិនថា បើជាការពិតមែន ពួកគេជួយត្រេកអរជំនួស តែសូមឲ្យខាងស្រីស្រឡាញ់នាងក្រិន ចេញពីបេះដូងពិតប្រាកដ មិនមែនជាការស្រឡាញ់ដើម្បីតែផលប្រយោជន៍តែមួយគ្រា នោះ លោកសាវិន ហ្វីលីព បានចូលទៅឆ្លើយតបថា ជាការ ពិតទៀតផង ។

ទោះបីយ៉ាងណា “នគរធំ” មិនអាចសុំការបញ្ជាក់បន្ថែមពីលោកសាវិន ហ្វីលីព ជុំវិញការអះអាងរបសើលោក ខាងលើនេះបានទេ កាលពីម្សិលមិញ ដោយលេខទូរស័ព្ទ មិនអាចទាក់ទងបាន ។ ចំណែកនាយក្រិន បានចេញមុខបញ្ជាក់ថា លោកហ៊ានប្រាថ្នាម៉ៃយ៉ា ជាគូស្នេហ៍ទេ ព្រោះលោកទាប នាងខ្ពស់ ប្រៀបដូចពាក្យស្លោកថា “គីង្គក់ កុំចង់ស៊ីសាច់ក្ងាន” ។ ដូច្នេះរូបលោកនិងនាង នៅពេលនេះ បានត្រឹមតែកៀកកិតស្និទ្ធជិតគ្នានៅក្នុងសិល្បៈ ឬការថតស្ពតឲ្យក្រុមហ៊ុនប៉ុណ្ណោះ ។
នាយក្រិន បាននិយាយថា “បាទ! ការងារសិល្បៈរបស់ខ្ញុំ មិនសូវជាមមាញឹកអីទេ វាម្ដងម្កាលអ៊ីចឹងទៅ ប៉ុន្តែខ្ញុំបានថតស្ពតឲ្យផលិតផលមួយចំនួន មានដូចជាផលិតផលម្សៅ PP សញ្ញាក្រូចឆ្មារ ដែលជាក្រុមហ៊ុនសហ គ្រាស ខេ អិន ភី សញ្ញាក្រូចឆ្មារនោះ គាត់មានផលិតផលរបស់គាត់ទាំងអស់ ៤មុខ មានម្សៅ PP សញ្ញាក្រូចឆ្មារ មានតែ ខេ អិន ភី សញ្ញាក្រូចឆ្មារ ហើយនិងតែ ភីធី សញ្ញាក្រូចឆ្មារ ហើយនិងកាហ្វេ ផៅវើរ សញ្ញាក្រូចឆ្មារ ។ ការថតនេះ ខ្ញុំជា BA ធម្មតាទេ ហើយខ្ញុំនៅតែសម្ដែងឈុតខ្លីៗ បានន័យថា ធ្វើជាវីដេអូ ផុសក្នុងផេកខ្លួនឯង ដែលផេកបងសាវិន ហ្វីលីព គាត់អ្នកបង្កើតឲ្យ គឺយើងធ្វើជាវីដេអូខ្លីៗ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅមហាជនអ៊ីចឹងទៅ ហើយគាត់ធ្វើជាវីដេអូអ៊ីចឹងទៅ ជួនកាលគាត់ផ្ដល់ជាស្ពនស័រ (Sponsor) ឲ្យថត ។ ចំពោះវីដេអូដែលបង្ហោះទៅ បានធ្វើឲ្យមហាជនថា ខ្ញុំរកបានគូស្នេហ៍ថ្មីនោះ គឺខ្ញុំសុំបញ្ជាក់ថា រឿងវាអ៊ីចេះទេ គឺពេលខ្ញុំទៅថតកាលពីថ្ងៃមុនហ្នឹង ខាងក្រុមហ៊ុន លោកអគ្គនាយកសញ្ញាក្រូចឆ្មារហ្នឹង គាត់បានហៅខ្ញុំទៅថតជាមួយតួស្រី ឈ្មោះម៉ៃយ៉ា ហ្នឹង ហើយមួយទៀតឈ្មោះ ស្រីនួន ហើយមានតួស្រីមួយទៀត ឈ្មោះជូ គឺតួស្រីដល់ទៅ៣ ។ ដល់អ៊ីចឹងទៅ ខាងក្រុមហ៊ុន គាត់ចង់ឲ្យនិយាយទាក់ទងនឹងស្វីត (sweet) អីអ៊ីចឹង ពាក្យស្នេហាខ្លីៗ ព្រោះផលិតផលកាហ្វេហ្នឹង វាជួយទៅលើកម្លាំង អ្នកខ្លះគាត់ខ្សោយកម្លាំង (ផ្លូវភេទ) រឿងដៃគូអីអ៊ីចឹង ។ អ៊ីចឹងយើងនិយាយពាក្យហ្នឹងទៅ វាស៊ីជម្រៅដែរ ។ និយាយសរុបរួមខ្លីងាយស្រួលយល់ទៅ នេះគ្រាន់តែជាការសម្ដែងទេ មិនមែនខ្ញុំទៅមានដៃគូស្នេហាអីទេ ព្រោះគូជីវិតថ្មី ខ្ញុំមិនទាន់គិតដល់ទេ ដោយសារតែរាល់ថ្ងៃកំពុងពិបាករឿងជំពាក់បំណុល ។ អ៊ីចឹងរឿងហ្នឹង យើងអត់អាចគិតឃើញទេ ធ្វើម៉េចឲ្យតែរួចបំណុល ឬសងគេរួច បានរស់នៅជុំជាមួយកូនដោយអស់កង្វល់ទៅ អាចសល់ដី សល់ផ្ទះរបស់យើងវិញទៅ ខ្ញុំសប្បាយចិត្តហើយ“ ។

នាយក្រិន បន្តថា “ចំពោះមហាជនចាប់អារម្មណ៍ និងអ្នកខ្លះជូនពរឲ្យស្នេហាខ្ញុំនិងម៉ៃយ៉ា ក្លាយជាការពិតនោះ ខ្ញុំសូមឆ្លើយតបទាំងអស់សំណើច (សើច) ថានិយាយរួម ដូចជាទៅមិនរួចទេ ដោយសារមើលទៅវាខ្ពស់ស្រឡះដាច់ពីគ្នាអ៊ីចឹង គាត់នោះរូបរាងក៏ស្អាត ហើយកម្ពស់ក៏ខ្ពស់ ។ បានន័យថា យើងឈោងមិនដល់ទេ អាហ្នឹងដូច ពាក្យចាស់ថា “គីង្គក់ ចង់ស៊ីសាច់ក្ងាន” នោះ (សើច) ។ យ៉ាងណា បើសួរថា ក្នុងករណីគាត់បន្ទាបខ្លួន បន្ទន់ប្រាណ មកជិតខ្ញុំនោះ ខ្ញុំក៏នៅតែនិយាយថា អត់អាចទៅរួចទេ ព្រោះវា (បែកបាក់ស្នេហ៍) ម្ដងជាពីរដងហើយ ចេះតែមានអារម្មណ៍ខ្មាសអៀនខ្លួនឯង ហើយខ្លាចថា យើងកំពុងតែជួបការលំបាកអ៊ីចឹង យើងឈានចូលទៅដល់អាចំណុចហ្នឹងទៀត (មានស្នេហា) វានឹងរឹតតែពិបាកថែមទៅទៀត ហើយណាមួយឧទាហរណ៍ថា យើងយកគាត់មក មិនដឹងថា គាត់ស្ម័គ្រឬអត់? ហើយឧទាហរណ៍ថា បើគាត់ស្ម័គ្រវិញ ក្រែងយើងមិនអាចទៅជួយអីគាត់បាន ដូចថា យើងកំពុងតែពិបាក តែដល់គ្នាមកស្រលាញ់យើងអ៊ីចឹងទៀត វាកាន់តែពិបាកទៅទៀតហើយ ហើយណាមួយ ខ្ញុំមានកូន មានអីផង ។ ដូច្នេះហ្នឹងហើយ ខ្ញុំអត់មានស្រាយចម្ងល់រឿងអីទេ គ្រាន់តែថា កុំឲ្យ មហាជនមានការយល់ច្រឡំ ប៉ុន្តែរឿងខាងស្រី គាត់គិតឃើញយ៉ាងម៉េច អាហ្នឹងខ្ញុំអត់ដឹងដែរ ព្រោះចិត្តគាត់ ។ ប៉ុន្តែអ្វីដែលមានការចាប់អារម្មណ៍ហ្នឹង គា្រន់តែជាការសម្ដែងទេ កុំឲ្យយល់ច្រឡំថា ខ្ញុំហ្នឹងមួយជាពីរ ពីរជាបីអ៊ីចឹងហើយ អត់ចេះរាលចាលឯណានោះទេ ឬដូចគេថា មានមុខមាត់អីតិចតួច គិតរឿងស្នេហាហ្នឹងទៀតទេ ព្រោះកន្លងមកខ្ញុំបរាជ័យអារឿងជីវិតគូហ្នឹង វាច្រើនលើកច្រើនសាហើយ ។ បានន័យថា ខ្ញុំរាងចាលឬខ្លាចរអាក្នុងជីវិតគូទៀតក៏ថាបាន គឺវាដូចតែគ្នាហ្នឹង វានៅតែខ្លាចដូចគ្នាតែហ្នឹង ។ សំខាន់ពេលនេះរឿងបំណុលរបស់ខ្ញុំនៅសល់ជាង ៧ម៉ឺនដុល្លារ ហើយខ្ញុំដោះបាន ២ម៉ឺនដុល្លារហើយ ហើយកូនៗខ្ញុំសុខសប្បាយតាមរបៀបក្មេង ឧស្សាហ៍ឈឺញឹកញាប់ដែរ តែបានរៀនសូត្រធម្មតា ហើយហូបចុកវាអត់ខ្វះព្រឹក អត់ខ្វះល្ងាច មិនដូចពីមុនមក វាមានការលំបាក ប៉ុន្តែតាំងពីមានផេក ក៏ដូចជាគេទាក់ទងជួលឲ្យធ្វើវីដេអូខ្លីទៅ ក៏ខ្ញុំបានចំណូលដោះទ័លពីមួយថ្ងៃ ទៅមួយថ្ងៃដែរ“ ។
ដោយឡែក ម៉ៃយ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា រឿងមហាជនសង្ស័យថា នាងនិងក្រិន មានស្នេហានឹងគ្នានោះ នាងសុំលាក់សិន គឺនាងនឹងចេញបកស្រាយ នៅពេលខាងមុខនេះ ដែលវាអាចជាការពិតខ្លះ និងមិនមែនជាការពិតខ្លះ គ្រាន់តែអ្វីដែលនាងបញ្ជាក់បាននោះ គឺនាងពិតមានចិត្តអាណិតដល់ជីវិតរបស់នាងក្រិន និងកូនៗ ដែលការអាណិតនេះ វារុញច្រានឲ្យនាងកើនក្ដីស្រលាញ់ចំពោះនាយក្រិន តែស្រ លាញ់ក្នុងនាមជាអ្វី នាងនឹងប្រាប់ឲ្យដឹងនៅពេលក្រោយ ។

ម៉ៃយ៉ា បាននិយាយថា “ចា! ខ្ញុំមានអារម្មណ៍អាណិតគាត់ ដែលគាត់ជាឪពុកដ៏ល្អ ខិតខំមើលថែកូនៗ ធ្វើឲ្យខ្ញុំកើតក្ដីស្រលាញ់ចំពោះគាត់ តែស្រលាញ់ក្នុងនាមអ្វី ខ្ញុំសុំលាក់សិន គឺខ្ញុំ និងគាត់ចេញបកស្រាយឲ្យមហាជន បានដឹង អស់សង្ស័យ អស់ចម្ងល់ នៅពេលក្រោយ ។ ដូច្នេះខ្ញុំមិនអាចនិយាយអ្វីបានលើពីហ្នឹងទេ គ្រាន់តែថា ពេលបកស្រាយទៅ វាអាចការពិត ឬមិនពិតខ្លះ តែសំខាន់ពេលនេះ ខ្ញុំពិតជាអាណិតបងក្រិន“ ៕ កុលបុត្រ