ភ្នំពេញ ៖ បន្ទាប់ពីចេញមុខទទួលស្គាល់ថា លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង គឺជាប្តីថ្មីរបស់ខ្លួនមក តារាចម្រៀង មាស សុខសោភា ដែលរងការរិះគន់ ប្រមាថ ពិសេសការប្រើពាក្យសម្តីមិនសមរម្យ ចំអកចំពោះទំនាក់ទំនងរវាងនាងនិងប្តីថ្មី បានចេញមករំលឹកជាថ្មី ពីរឿងរកស៊ីចិញ្ចឹមអតីតប្តី ១០ឆ្នាំ ដោយខំដើរច្រៀង ពេលបានលុយ ប្តីយកទៅទិញរបស់ដាក់ឈ្មោះរួមគ្នា លុះពេលឈឺ គ្មានអ្នកមើលថែ មានប្តីដូចអត់ប្តី។

កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានបញ្ចេញសារមួយតាមបណ្តាញសង្គម រំលឹកពីការរកស៊ីចិញ្ចឹមប្តី (លោកអ៊ិត រ៉ាដា) អស់១០ឆ្នាំ បែរជាទទួលបានមកវិញនូវការប្រមាថ រករឿងប្រចណ្ឌ ចោទថាផិតក្បត់ មិនឱ្យតម្លៃប្រពន្ធ ដែលប្រឹងដើរច្រៀង រហូតដល់រលូតកូន តើស្រីណាទ្រាំបាន?
តារាចម្រៀង មាស សុខសោភា បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាងថា “តើនៅលើលោកនេះ មានស្ត្រីម្នាក់ណាដែលមានប្តីហើយ រកស៊ីចិញ្ចឹមប្តី ជាង១០ឆ្នាំ ដូចរូបនាងខ្ញុំដែរទេ? រស់នៅជាង១០ឆ្នាំ ជាមួយប្តី នាងខ្ញុំមិនដែលបានទទួលលុយពីប្តី សូម្បីតែមួយរយដុល្លារ មានតែខំដើរច្រៀង ពេលបានលុយ ប្តីយកទៅទិញរបស់ដាក់ឈ្មោះរួមគ្នា លុយបានពីការច្រៀងទាំងប៉ុន្មាន ប្តីទារយកកាន់លុយទាំងអស់ មិនត្រឹមតែប៉ុណ្ណោះ រករឿងប្រចណ្ឌទម្លាក់កំហុស ដេញម្តាយ បងប្អូនយើងចេញពីផ្ទះ ចោទប្រកាន់ខ្ញុំផិតក្បត់ជា មួយកូនអ្នកធំនេះ អ្នកធំនោះ គ្រប់មនុស្សដែលគេមិនពេញចិត្ត គេចោទប្រកាន់ថា យើងផិតក្បត់គ្រប់គ្នា ពេលឈឺ គ្មានអ្នកមើលថែ មានប្តី ដូចអត់ប្តី មិនដែលឱ្យតម្លៃខ្ញុំជាប្រពន្ធ ខំដើរច្រៀងរហូតដល់រលូតកូន តើស្ត្រីណាទ្រាំរស់នៅជាមួយបាន?…”។

តារាចម្រៀង មាស សុខសោភា បានបន្តថា “ពេលលែងលះគ្នា ប្រគល់ទ្រព្យដែលខ្លួនរកបានពីការច្រៀង បែងចែកទៅឱ្យទៀត តើនេះឬសុភមង្គលជាង១០ឆ្នាំ? ព្រោះតែចង់មានសុភមង្គល ទោះប្តីមានស្រី ប្តីចោទប្រកាន់ផិតក្បត់ ក៏ស៊ូខាំមាត់សង្កត់ចិត្ត មិនតបត ស៊ូខុសជាមួយ បងប្អូន និងអ្នកម្តាយជាទីស្រលាញ់ ខំសើចបន្លំភ្នែកមហា ជន ទាំងក្នុងទ្រូងស្ទើរប្រេះធ្លាយ នេះហើយមូលហេតុមកពីមិនយល់ធម៌ មិនស្គាល់ខ្លួនឯង ប៊ិះនឹងសម្លាប់ខ្លួនដោយសារអាប្តីហេងស៊យនោះទៅទៀត បើគ្មានអ្នកព្រះធម៌ ចេញមកពន្យល់បានទាន់ពេលទេនោះ ជីវិតត្រូវ លាចាកលោកយូរមកហើយ។ សោកស្តាយណាស់ ដែលមនុស្សគ្មានគុណធម៌មួយចំនួន នាំគ្នាទៅកាន់ជើងមនុស្សពាល កន្លងមក នាំឯងសាងតែអំពើបាប នាំឯងដើរផឹកស៊ី កំដរពួកម៉ាកវារាល់យប់ ម៉្ងៃៗនិយាយតែរឿងកាប់ចាក់ តើមានស្រីណាទ្រាំរស់នៅជាមួយបាន បើអ្នកណាទ្រាំបានក៏ទ្រាំចុះ ហើយកុំមកវាយប្រហារ ប្រមាថមកលើរូបនាងខ្ញុំទៀត…”។

មាស សុខសោភា បានបន្តទៀតថា “កន្លងមក នាងខ្ញុំល្បីដោយសារសំឡេងចេញពីធម្មជាតិពិតរបស់ខ្លួន ហើយក៏មិនបានជួលឬទៅទិញទឹកចិត្តអ្នកណាឱ្យមកស្តាប់សំឡេងរបស់នាងខ្ញុំ ដើម្បីមកគាំទ្រនាងខ្ញុំដែរ។ អ្នកគ្រប់គ្នាមានទុក្ខសោក ធុញថប់ក្នុងអារម្មណ៍ នាំគ្នាមកស្តាប់ចម្រៀងនាងខ្ញុំ ដើម្បីបន្ធូរភាពធូរទ្រូងរបស់ខ្លួន បែរជាមកតាំងខ្លួនថា បើគ្មានពួក Fan ចេញមកគាំទ្រខ្ញុំទេ ក៏នាងខ្ញុំមិនមានភាពល្បីដល់ថ្ងៃនេះដែរ។ ត្រូវចាំថា សំឡេងរបស់នាងខ្ញុំទេដែលធ្វើឱ្យនាងខ្ញុំល្បី នេះជាសំឡេងចេញពីធម្មជាតិដែលជាសច្ចធម៌ពិត មិនមែន Fan ក្លែងក្លាយទាំងអស់នោះ ជាអ្នកផ្តល់ភាពល្បីមកឱ្យនាងខ្ញុំនោះទេ ខ្ញុំល្បីដោយសារសំឡេងពិតពីធម្មជាតិនាងខ្ញុំផ្ទាល់ មិនមែនល្បីដោយសារអ្នកគ្រប់គ្នា fan ក្លែងក្លាយនោះទេ។ បងប្អូនទាំងអស់គ្នា កាលដែលនៅពេញចិត្តនាងខ្ញុំ ក៏នាំគ្នានិយាយថា សំឡេងងនាងខ្ញុំពីរោះចេញពីធម្មជាតិពិតប្រាកដមែន តែពេលអ្នកគ្រប់គ្នាមិនពេញចិត្ត តើអ្នកគ្រប់គ្នាអាចនិយាយថា មិនពីរោះដែរទេ? ព្រោះសច្ចធម៌ពិត បើពីរោះ គឺវានៅតែពីរោះដដែល ដូច្នេះនាងខ្ញុំមិនខ្វល់ថា មានអ្នកគាំទ្រ ឬមិនមានអ្នកគាំទ្រនោះទេ បើសំឡេងនាងខ្ញុំនៅតែពីរោះ ខ្ញុំនៅតែមាន fan ពិតប្រាកដគាំទ្រនាងខ្ញុំដដែល ហើយនាងខ្ញុំនៅតែបន្ត គឺបង្កើនអាល់ប៊ុមចម្រៀងថ្មីៗ ច្រៀងកំដរ Fan Fan ពិតប្រាកដរបស់នាងខ្ញុំរហូត។ គិតទៅគួរឱ្យចង់សើច យូរៗទៅ នាំគ្នាមកយកករឿងឯកជនរបស់នាងខ្ញុំ ទៅធ្វើជាប្រធានបទបំពុលសង្គម ទាំងស្រុកទេសកំពុងជួបបញ្ហា។ នាងខ្ញុំសុំចិត្តបងប្អូនទៅចុះ នាំគ្នាយកពេលទៅជួយគិតគូរដល់ថ្នាក់ដឹកនាំប្រទេស និងរួមគ្នាជួយគិតគូរប្រយោជន៍រួមផង…”។
ដោយឡែក កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ តារាចម្រៀងមាស សុខសោភា បានបញ្ចេញវីដេអូមួយ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន ផ្ញើជូនអ្នកប្រមាថ ដោយនាងបាននិយាយថា “ជម្រាបសួរ ពុកម៉ែ បងប្អូនទាំងអស់គ្នា! ថ្ងៃនេះនាងខ្ញុំ មាស សុខសោភា សូមចូលខ្លួនមកបកស្រាយនូវរឿងមន្ទិលសង្ស័យជាច្រើន ដែលពុកម៉ែ បងប្អូន តែងតែចង់ឱ្យខ្ញុំ អ្នកខ្លះក៏គាត់ឆ្ងល់ទៅ អ្នកខ្លះក៏គាត់ថា រាង Zoom in Zoom out អ៊ីចឹងទៅ ពេលឃើញខ្ញុំអ៊ីចឹង គាត់ថាខ្ញុំហ្នឹង ប្រហែលជាដូចគេនិយាយហើយ យកប្តីគេ ឬក៏លោកឪហ្នឹង យកប្រពន្ធគេ អ៊ីចឹងៗទៅ ឬក៏ខ្ញុំហ្នឹងអត់ជួយជាតិ ឬក៏ខ្ញុំហ្នឹងជាជនអីមួយនៅសមាធិ ងប់ងុលនឹងធម៌អាថ៌ហ្នឹង មិនបាច់ងើបមកធ្វើកិច្ចការសង្គមអីទេ វាជ្រួលច្របល់អ៊ីចឹងទៅ។ មានការវែកញែកជាច្រើន នៅក្នុងខម្មិនរបស់ពុកម៉ែ បងប្អូន កាលពីម្សិលមិញ ដែលខ្ញុំផុសហ្នឹងហើយ ខ្ញុំគិតថាមិនចង់ ចេញទេ ព្រោះតែចេញទៅ ដឹងតែជេរទៀតហើយ ខ្ញុំអត់ដឹងថា ឥឡូវសតិអារម្មណ៍របស់មនុស្សដែលមានសន្តានជាតិរច្ឆានហ្នឹង គឺថាគាត់យកស្អីមកគិតទេ គាត់ចូលក្នុងផេករបស់ខ្ញុំ គឺថាគាត់ជេរសាហាវៗតែម្តង ហើយអត់យល់ថា គាត់និយាយនេះ គឺជាជនជាតិខ្មែរ ឬក៏ជនជាតិអី ឬក៏ធ្វើក្នុងចេតនាអីមួយ ខ្ញុំអត់យល់ទេ សុំមិនយល់។ អ្នកខ្លះទៅក៏វែកញែកថា កុំចេញអី ឱ្យស្ងប់ស្ងាត់ទៅ អ្នកខ្លះថា យើងអ្នកបួសអ្នកអី ឱ្យស្ងប់ស្ងាត់ទៅ កុំចេញអីច្រើនពេក តែតិចទៀតបាត់ហើយ តែអត់បាត់ទេ គឺថាចេញមកជេររហូត ជេរអត់យល់អារម្មណ៍របស់យើងថាយើង នាងខ្ញុំហ្នឹងគឺជាមនុស្សជាតិមួយ ជនជាតិដែលប្រជាជនខ្មែរ ឱ្យតម្លៃខ្ញុំមួយួរូបដែរ រហូតដល់ខ្ញុំទទួលបានការគាំទ្រ រាប់សិបលាននាក់ កន្លងមក ហើយខ្ញុំមិនចង់និយាយពាក្យអីដែលថា មោទនភាពលើខ្លួនឯងពេកទេ ក៏ប៉ុន្តែមនុស្សដែលមិនចំមនុស្ស ដែលចូលមកប្រមាថខ្ញុំៗអត់ត្រូវការការកោតសរសើរ និងយកយោបល់តាមគេទេ ព្រោះប្រជាប្រិយដែលបានមកពីប្រភេទមនុស្សមិនចំមនុស្សបែបនេះ គឺវាស្ថិតនៅក្រោមបាតជើងរបស់គេទេ អ៊ីចឹងខ្ញុំសូម ban ចោល ហើយកុំថាខ្ញុំកាច ចាប់ពីពេលនេះទៅ ខ្ញុំសុំមិនមែនកាចទេ គឺយើងយកសច្ចធម៌ យកការពិត មកនិយាយខ្លះ បើមិនអ៊ីចឹងទេ ពុកម៉ែ បងប្អូន នៅតែយល់ច្រឡំថា ខ្ញុំហ្នឹងជាមនុស្សបែបនេះ បែបនោះ តាមតែមាត់របស់បុគ្គលដែលមិនមានធម៌នៅក្នុងខ្លួនហ្នឹង លាបពណ៌ហ្នឹង»។

មាស សុខសោភា បន្តថា «ឱ្យមនុស្សជាតិ មនុស្សដែលស្នេហាជាតិនេះ ធ្វើការដើម្បីជាតិសាសនា រាប់សិបឆ្នាំមក វាទៅជាប្រឡូកប្រឡាក់ដោយសារតែមនុស្សមាត់កន្ថោរបែបហ្នឹង។ និយាយឱ្យអស់ទៅ អ្នកខ្លះគេថាសមាធិ កុំយកចិត្តទោសៈ មោហៈ អត់ទេ ខ្ញុំមិនមែនព្រះទេបងប្អូន សូម្បីតែព្រះ ក៏គាត់ប្រើបាលីផ្ចាញ់មារ មកដែរ អត់បានទេ គឺពេលនេះ ម៉ោងនេះ យើងត្រូវតែចេញមកពន្យល់ប្រាប់ពួកគាត់ថា ទង្វើអស់នេះ អត់ពិតទេ សូមច្រានចោលនូវរឿងថា លោកឪ ដណ្តើមប្រពន្ធគេ នាងខ្ញុំយកប្តីគេ គឺអត់មានទៀតទេ ហើយក៏សូមថា អ្នកដែលនិ យាយបែបនេះ គាត់អត់ដឹងថាគាត់ហ្នឹង អ្នកខ្លះជាមនុស្សដែលធ្លាប់ស្គាល់ខ្ញុំទៅទៀត ធ្លាប់សមាធិជាមួយគ្នា តែយូរៗទៅ ដូចរមិលគុណ វាទៅជាអ៊ីចឹងទៅ បែកធម៌ ហ្នឹងគេហៅថាបែកធម៌។ នាងខ្ញុំមានសតិត្រឹមត្រូវ ហើយបើបងប្អូនថា សតិរបស់ខ្ញុំមិនត្រឹមត្រូវ វាជាសិទ្ធិរបស់បងប្អូន ក៏ប៉ុន្តែបងប្អូនហាមមកចូលប្រមាថនៅក្នុងផេកផ្ទាល់ ខ្លួនរបស់ខ្ញុំ វាស្មើនឹងអ្នកឯងមកវ៉ៃចូលក្នុងផ្ទះរបស់ខ្ញុំហើយ ចង្អុលបញ្ចោរជេរនៅក្នុងផ្ទះខ្ញុំ ស្មើនឹងអ៊ីចឹងណា កុំឱ្យតែមានទូរស័ព្ទចេះតែខម្មិនផ្តេសផ្តាស វាមិនមែនជាមនុស្សដែលស្រលាញ់ជាតិទេ មនុស្សដែលស្រលាញ់ជាតិ គេមិនទៅធ្វើអ៊ីចឹងទេបងប្អូន គេរៀនធ្វើអីដែលមានប្រយោជន៍មកដល់សង្គមជាតិ ហើយអ្វីក៏ខ្ញុំធ្វើអ្នកណាគេថាខ្ញុំអត់ចេញមកជួយជាតិទេ ស្រុកច្របូកច្របល់ ម៉េចដឹងខ្ញុំអត់ជួយ? ខ្ញុំជួយសម្ងាត់ ខ្ញុំអត់បង្ហាញ បង្ហោះ ព្រោះការជួយដោយបង្ហាញបង្ហោះហ្នឹង កម្លាំងបុណ្យវាខ្សោយ ព្រោះយើងដើរមកដល់ចំណុចនេះហើយ យើងដឹងច្បាស់ ការធ្វើធម្មទានបែបណា? ការធ្វើទានបែបណា? ទៅបុគ្គលបែបណា? វាមិនមែនខ្ញុំពីមុនទៀតទេ ពីមុនយើងគឺជាអ្នកសិល្បៈ អ្នកសម្តែង ដើម្បីបានប្រជាប្រិយភាព ឥឡូវប្រជាប្រិយភាពបានហើយ ចង់បានអី ទៀត? លែងចង់បានហើយ គឺចង់បានសេចក្តីស្ងប់ពិតប្រាកដ ព្រោះយើងស្គាល់មនុស្ស ស្គាល់ប្រទេសជាតិ ស្គាល់ភាពល្បីល្បាញហ្នឹងអស់ហើយ តែយើងអត់ទទួលបានសេចក្តីសុខ ទើបយើងចាកចេញពីសេចក្តីទុក្ខ មករកសេចក្តីសុខពិតប្រាកដ ដោយយកការសមាធិជាគោលនេះ ដើរផ្លូវព្រះធម៌ មិនលម្អៀងទៅខាងណាទេ បើខុសថាខុស បើត្រូវថាត្រូវ»។

មាស សុខសោភា បន្តថា «ហើយអ្នកខ្លះប្រមាថ សុទ្ធតែខ្ញុំហ្នឹងទៅស្រលាញ់ឥសី អត់ទេ រូបភាពហ្នឹងគឺសារព័ត៌មាន គាត់កាត់តរូបភាព តាំងពី៣-៤ឆ្នាំ តាំងពីលោកឪនៅលើភ្នំត្បែង ឯណោះ លោកឪចុះមលើភ្នំហ្នឹង ចូល២ឆ្នាំជាងហើយ គាត់សឹក គាត់អីហើយអស់ ហើយ ហើយគាត់ធ្វើជាមនុស្សសាមញ្ញតើ គ្រាន់តែគាត់នៅបដិ បត្តិធម៌ ដោយយកការសមាធិជាគោល ចម្រើនដើម្បីឱ្យវាមានកើតបញ្ញា ក្នុងការថែធម្មជាតិរបស់ខ្លួនឯង ទៅរកសេចក្តីសុខពិតប្រាកដ ជាសេចក្តីសុខជាអមតៈ អាហ្នឹងគេត្រូវធ្វើអ៊ីចឹង តែគ្រាន់វិន័យយើងអត់ពាក់ស្បង់ចីវរ ពាក់អីទៀតទេ ឈប់ហើយ តែអ្នកសារព័ត៌មាននៅតែកាត់តរូបអតីតកាលរបស់ខ្ញុំ រវាងស្អីណា ខ្ញុំអត់យល់ទេមែនតើ ខ្ញុំអត់ដឹងថាអ្នកទាំងអស់គ្នា សារព័ត៌មានហ្នឹង ធ្វើក្រមសីលធម៌ ដើម្បីជួយជាតិ ឬកំពុងតែបំផ្លាញមនុស្សជាតិនេះ ខ្ញុំហ្នឹងហើយមនុស្សជាតិ មនុស្សដែលជាតិឱ្យតម្លៃ ហើយតែយើងបំផ្លាញគ្នាឯងហើយ អាហ្នឹងវាស្មើនឹងយើងកំពុងតែនាំគ្នាបំផ្លាញមនុស្សដែលមានជនជាតិ សញ្ជាតិខ្មែរធម្មជាតិនេះ។ ត្រូវចាំណា ជាតិ មានសាសនា បែកចែកពាក្យឱ្យច្បាស់ ប្រទេសជាតិ ខ្ញុំធ្វើហើយអស់ហើយបងប្អូន ការច្រៀងរបស់ខ្ញុំ ចែកធម្មទានទៅដល់បងប្អូនរាប់ពាន់បទនេះ ខ្ញុំដែលបាន១រៀល ពីបងប្អូនទេ? អត់ទេ នេះគឺជាការជួយជាតិដែរ ជួយឱ្យមនុស្សជាតិ មានអារម្មណ៍ល្អ ទទួលបាននូវសេចក្តីជ្រះថ្លាក្នុងការស្តាប់ចម្រៀង ទៅតាមបទនីមួយៗហ្នឹង រាប់ពាន់បទ តើខ្ញុំបានអ្វីពីបងប្អូនទេ? អត់ដែលទេ ស្តាប់ហ្វ្រី អាហ្នឹងហើយជាការជួយជាតិ ហើយឆ្លៀតពេលខ្លះ ក៏ខ្ញុំទៅធ្វើរឿងធម៌អាថ៌ ជួយទៅដល់អ្នកមានសីលខ្លះ អ្នកដែលគាត់បដិបត្តិធម៌គាត់ខ្វះខាត ហើយជនទុរគតខ្លះ តែខ្ញុំអត់បង្ហាញ ព្រោះតែយើង បង្ហាញវាខ្សោយនូវគុណធម៌ហើយ កម្លាំងបុណ្យហ្នឹងវាខ្សោយបងប្អូន តែបើបងប្អូនគាត់ធ្វើក៏ធ្វើចុះ អត់អីទេ វាជាគំរូល្អៗ ធ្វើទៅ តែកុំមកប្រមាថខ្ញុំ ហើយយកត្រូវខ្លួនឯង មកទម្លាក់កំហុសថាខ្ញុំជាមនុស្សមួយដែលងប់ងុលទៅរឿងមួយផ្តេសផ្តាស ជំនឿផ្តេសផ្តាសទៅវិញ»។
មាស សុខសោភា បន្តទៀតថា «គេថាខ្ញុំតាំងតួតាំងអីណា អត់ទេ ខ្ញុំតាំងតួត្រង់ណា? ខ្ញុំគិតតែខ្ញុំធុញថប់ចង់ងាប់នេះបងប្អូន រស់នៅទៅតាមជាមួយអ្នកល្បីស្រួលណាស់អីបងប្អូន ទៅណាទៅណីហ្នឹង? គេ Zoom in Zoom out នៅក្រៅស្អាត នៅក្នុងអ៊ីចេះអ៊ីចុះ ឮអស់ហើយធុញថប់ ទើបដើរមករកផ្លូវមួយដែលស្ងប់ស្ងាត់ ឃើញមនុស្សជាតិ កំពុងតែដើរផ្លូវដែលខ្លួនឯងដើរពីមុនមកដើរខុស ក៏ចង់ប្រាប់ ចែករំលែកមួយឃ្លីបៗទៅ តែពេលខ្លះទទួលបានមកវិញគឺការប្រមាថ អត់បានទទួលមកវិញ មិនចង់ឱ្យសរសើរអីទេ ហើយប្រមាថក៏ប្រមាថទៅ ក៏ប៉ុន្តែឈប់ពីពេលនេះទៅ ខ្ញុំត្រូវតែ ban ចោល ព្រោះអីវាបង្កើតនូវថាមពលអាក្រក់នៅក្នុងសង្គមមួយនេះ ដោយចេតនា ហើយមកតាំងខ្លួនថា ខ្លួនឯងហ្នឹងជួយជាតិ ជួយត្រង់ណា? មើលអ្នកដែលនិយាយហ្នឹង ជួយត្រង់ណាហើយ? ជួយលើសខ្ញុំនៅ? ជួយក៏ជួយួចុះ ខ្ញុំមិនដែលទៅសុំក្តីស្រលាញ់អ្នកណា ទៅសំពះសុំអ្នកណាឱ្យមកដើរតាមផ្លូវខ្ញុំទេ អត់ទេ ទើបរក្សាភាពស្ងប់ស្ងាត់ហ្នឹង មានអីក៏ចែករំលែកបានទៅតាមអ្វីដែលខ្លួនឯងដើរនៅលើផ្លូវការពិតហ្នឹង ដឹងប៉ុនណា មកប្រាប់ជូនពុកម៉ែ បងប្អូនគាំទ្រប៉ុណ្ណឹង អ្វីដែលខ្ញុំនិយាយ តែពីមុនអត់អ៊ីចឹងទេ គ្រាន់តែថាបែកបាក់ស្វាមីភ្លាម លេងចាប់ផ្តើមមានខម្មិនចម្លែកៗចូលមកហ្មង ចេញមកអស់ហើយ អ៊ីចឹងបានខ្ញុំថា ស្អប់ខ្ញុំចុះ កុំបំផ្លាញខ្ញុំ ទុកឱ្យខ្ញុំរស់ផង ហើយទង្វើនេះ មិនមែនជាទង្វើមនុស្សដែលស្រលាញ់ខ្ញុំទេ មនុស្សដែលមានចេតនាបំផ្លាញមនុស្សជាតិខ្មែរហើយ អានេះខ្ញុំនិយាយតាមសច្ចធម៌គឺអ៊ីចឹង មនុស្សស្រលាញ់ជាតិ គេអត់ធ្វើទេ គេអត់និយាយតែម្តង គឺគេជួយដោយសម្ងាត់ តែអ្នកខ្លះគាត់មានចេតនាល្អ ក៏អត់អីដែរ ការបង្ហាញ ការសម្តែងខ្លះ ជាការសម្តែងដោយសេចក្តីជ្រះថ្លា ក៏អត់អីដែរ តែខ្ញុំៗដើរដល់ផ្លូវហ្នឹងហើយ ខ្ញុំធុញថប់ ខ្ញុំលែងចង់បានភាពល្បីល្បាញហ្នឹងទៀតហើយ ខ្ញុំធុញណាស់ ព្រោះវាបានហើយអស់ហើយ នៅពេលដែលមានរឿងម្តងៗ អត់ឃើញណាគេមកទេលោកអើយខ្លាច ភ័យខ្លាច ការភ័យខ្លាចហ្នឹងហើយដែលយើងខ្លាចគេជេរនោះ អត់ហ៊ានមកកាន់ជើងអាយដល ខ្លាចគេជេរ អ៊ីចឹងភ័យ ការភ័យខ្លាចហ្នឹងហើយ វាជាឬសគល់នៃអវិជ្ជា ហើយមិនអាចរកធម៌ សេចក្តីសុខពិតដាក់ខ្លួនបានទេ។ ខ្ញុំចង់ប្រាប់តែប៉ុណ្ណឹងទេបងប្អូន អ្វីដែលយើងធ្វើត្រូវ យើងត្រូវតែបង្ហាញ ហើយនិយាយនេះ ក៏អត់ចង់ឱ្យបងប្អូនហ្នឹងមកស្តាប់ខ្ញុំអីដែរ តែគ្រាន់តែថា មនុស្សឥឡូវ ម៉េចក៏ដល់ថ្នាក់ហ្នឹង ខ្សោយគុណធម៌យ៉ាងនេះ? អត់យល់ សុំអស់យោបល់…”។

គួររំលឹកថា កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ លោកពេជ្រ សង្វារវង្ស ហៅតាសក់សភ្នំត្បែង បានធ្វើការឡាយវីដេអូ តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួន របស់លោក ប្រកាសក្តែងៗថា ខ្លួនគឺជាស្វាមីបច្ចុប្បន្នរបស់តារាចម្រៀងមាស សុខសោភា ហើយទោះបីរឿងនេះមិនទាន់មានចាស់ទុំទាំងសងខាងដឹងឮ តែមានទេវតាដឹងឮមុនហើយ និងថែមទាំងផ្តាំទៅស្ត្រីៗទាំងឡាយ ឈប់យល់ច្រឡំ ភ័យខ្លាចមាស សុខសោភា ទាក់ទងប្តីខ្លួនទៀតទៅ។
ការបញ្ជាក់បែបនេះ គឺធ្វើឡើងបន្ទាប់ពីកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ តារាចម្រៀង មាស សុខសោភា បានចេញមុខទម្លាយប្រាប់មហាជនថា នាងពិតជាបែកបាក់ជាមួយស្វាមី លោកអ៊ិត រ៉ាដា ដូចដែលមហាជនមានការសង្ស័យមែន ដោយមាស សុខសោភា បានអះអាងថា ស្វាមីនាង រួមតែសុខ ដល់ពេលនាងមានទុក្ខ ស្ទើរនឹងបាត់បង់ជីវិត ត្រូវការការសង្គ្រោះ ប្តីមិនជួយផ្តល់កម្លាំងចិត្ត ឬខ្វល់ខ្វាយជូនប្រពន្ធទៅរកការព្យាបាល បែរជាប្រមាថថានាងឆ្កួត សតិមិនគ្រប់ ងប់ងុលនឹងជំនឿអរូបីទៅវិញ៕ ដារិទ្ធ