ខេត្តព្រះសីហនុ ៖ ដើមឈើ ១ដើមធំ ត្រូវបានខ្យល់កន្ត្រាក់បោកបក់ បណ្តាលឱ្យបាក់រលំកាត់ទទឹងផ្លូវ សង្កត់ពីលើរថយន្ត ១គ្រឿង ដែលកំពុងបើកបរតាមដងផ្លូវ និងមានដឹកម៉ូតូ ១គ្រឿង ពីលើរថយន្តផង តែសំណាងល្អ ហេតុការណ៍នេះ មិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះ ថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅម្តុំក្បែជិតវត្តសារ៉ាយ ត្រពាំងគា ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៧១-១៧២ ស្ថិតក្នុងភូមិត្រពាំគា ឃុំជើងគោ ស្រុកព្រៃនប់។

រថយន្តដែលរងការខូចខាត ម៉ាកតូយ៉ូតា តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-8595។ ចំណែកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ។

តាមប្រភពពលរដ្ឋ បានឱ្យដឹងថា នៅវេលាកើតហេតុខាងលើ មានខ្យល់កន្ត្រាក់ បានបោកបក់មកយ៉ាងខ្លាំងមួយប្រាវ ធ្វើឱ្យដើមឈើ ១ដើម តាមផ្លូវជាតិលេខ៤ នៅម្តុំក្បែជិតវត្តសារ៉ាយ ត្រពាំងគា បានដួលរលំលើរថយន្ត ១គ្រឿង ដែលមានដឹកម៉ូតូ ១គ្រឿង បណ្តាលឱ្យម៉ូតូ និងរថយន្តនោះ រងការខូចខាត។

ក្រោយពេលកើតហេតុ មានសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ និងបានបញ្ជាក់ថា ករណីខាងលើ មិនបង្ក គ្រោះថ្នាក់អ្វីដល់អ្នកបើកបរនិងធ្វើដំណើរលើផ្លូវឡើយ ហើយភ្លាមៗនោះសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន បានចុះកាត់ដើមឈើ ប្រមូលយកចេញ ដើម្បីកុំឱ្យស្ទះចរាចរណ៍ ស្របពេលដែលភ្លៀងនៅតែបន្ត។

សូមបញ្ជាក់ថា នៅតាមផ្លូវជាតិលេខ៤ ក្នុងមូលដ្ឋានស្រុកព្រៃនប់ កន្លងមកថ្មីៗនេះ ស្របពេលដែលទទួល រងចំហាយឥទ្ធិពលព្រុះវីផា ក៏មានដើមឈើដួលរលំមកលើផ្លូវជាតិផងដែរ៕

