Monday, August 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកោះ២ បាក់ច្រាំងជាង១ពាន់ម៉ែត្រ

កោះ២ បាក់ច្រាំងជាង១ពាន់ម៉ែត្រ

ខេត្តត្បូងឃ្មុំ ៖ កោះ២ គឺជាកោះមួយដែលដុះដោយធម្មជាតិ នៅកណ្តាលទន្លេមេគង្គ មានទឹកព័ទ្ធជុំវិញទាំងរដូវប្រាំង និងវស្សា ដោយមានប្រជាពលរដ្ឋរស់នៅ ចំនួន៦១៥គ្រួសារ ស្មើនឹងជាង២៤០០នាក់ មិនដែលជួបនិងបញ្ហាគ្រោះធម្មជាតិនោះទេ ទើបតែមកដល់រដូវវស្សា ឆ្នាំនេះ ដោយសារតែចរន្តទឹកហូរខ្លាំង ជាហេតុបណ្តាលឱ្យបា ក់ច្រាំងប្រវែងជាង១០០០ម៉ែត្រ និងបានចូលជម្រៅ៥ម៉ែត្រ ទៅដល់៤០ម៉ែត្រ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយ បារម្ភយ៉ាងខ្លាំង។

លោកខូវ អ៊ មេឃុំកោះ២ បានបញ្ជាក់ប្រាប់ កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ថា គ្រោះធម្មជាតិបាក់ច្រាំងទន្លេ បានចាប់ផ្តើមកើតឡើង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ដោយបានបាក់តិចៗ ហើយមកដល់ព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ គឺទឹកបានហូរច្រោះបាក់ផ្លូវ បេតុង ប្រវែង២០ម៉ែត្រ ដែលព្រះសង្ឃជាអ្នកសាងសង់ សម្រាប់ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ពីចំណុចកំពុងដ កោះត្រែង ឆ្លងទៅក្រូចសើច ត្រើយម្ខាងទៀត ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម។

មេឃុំកោះ២ បានបន្តថា ចាប់តាំងពីក្រោយឆ្នាំ១៩៧៩ មកដល់ឆ្នាំ២០២៣ ឃុំកោះ២ ទាំងមូល មានបណ្តោយប្រវែងជាង១០០០ម៉ែត្រ មិនដែលជួបនិងគ្រោះធម្មជាតិ បាក់ច្រាំងទន្លេ ម្តងណាឡើយ ទើបតែមកដល់ឆ្នាំ២០២៤ និង២០២៥ នេះ កោះត្រែង បាក់ច្រាំង ជាង១០០០ម៉ែត្រ កន្លែងខ្លះជម្រៅដល់៤០ម៉ែត្រ កំពុងយាយីលំនៅឋានពលរដ្ឋ ។ កត្តានេះ ត្រូវបានរូបលោកមេឃុំ សន្និដ្ឋានថា មកពីដុះខ្សាច់នៅក្បាលជ្រោយ ជាហេតុធ្វើឱ្យចរន្តទឹកហូរមកបុកចំច្រាំងទន្លេ បណ្តាលឱ្យបាក់បន្តបន្ទាប់ មានចំនួន ៤កន្លែង ស្មើនឹងជាង ១០០០ម៉ែត្រ គឺច្រាំង ចាប់ផ្តើមបាក់ នៅវេលាម៉ោង ៨និង២០នាទីព្រឹក បន្តរហូតដល់ល្ងាច បានបាក់ជម្រៅចូលប្រហែល៤០ម៉ែត្រ នៅសល់ប្រវែង ១០ម៉ែត្រទៀត នឹងដល់បង្គោលភ្លើងអគ្គិសនី។

ជាមួយគ្នានោះ កម្លាំងអគ្គិសនី ក៏បានត្រៀមលក្ខណៈសម្បត្តិរួចរាល់ ដើម្បីអន្តរាគមន៍ ដោយនាំគ្នារុះខ្សែភ្លើងចេញ ដើម្បីបង្ការកុំឱ្យបាក់ដោយទាំងខ្សែភ្លើង ហើយបង្កគ្រោះថ្នាក់ជាយថាហេតុ។

លោកមេឃុំ បានឲ្យដឹងថា ចាប់តាំងពីក្រោយថ្ងៃរំដោះ ១៩៧៩ មកដល់បច្ចុប្បន្ន ប្រជាពលរដ្ឋប្រុសស្រី រស់នៅលើកោះនេះ អាស្រ័យផលធ្វើស្រែចម្ការ ពិសេសគឺក្រូចថ្លុងកោះ២ ដែលមានរសជាតិឆ្ងាញ់ ដែលមានកើនដល់ជាង៦០០គ្រួសារ។ ក្រោយពីរូបលោកបានរាយការណ៍ជូនទៅថ្នាក់លើ ត្រូវបានលោកអភិបាលស្រុកក្រូចឆ្មារ ចុះមកពិនិត្យដោយផ្ទាល់ និងកំពុងតែតាមដានមើលពីស្ថានភាពគ្រោះធម្មជាតិបាក់ច្រាំងទន្លេនេះ។

សូមបញ្ជាក់ថា លំនៅឋានរបស់ប្រជាពលរដ្ឋ មួយខ្នង សង់អំពីឈើ ដែលមានទំហំ ៥ម៉ែត្រ គុណនឹង ៨ម៉ែត្រ របស់ឈ្មោះប៊ុន ឡេង ភេទប្រុស អាយុ៦០ឆ្នាំ ត្រូវបានរុះទាន់ពេល លុះពេលស្អែកឡើង ស្រាប់តែបាក់ច្រាំងដល់ផ្ទះតែម្តង។ ដោយឡែកលំនៅឋានប្រជាពលរដ្ឋ ផ្សេងទៀត មិនទាន់រងផលប៉ះពាល់នោះទេ ដោយសារច្រាំងទន្លេ នៅរាងឆ្ងាយ តែអាជ្ញាធរបានត្រៀមលក្ខណសម្បត្តិគ្រប់យ៉ាង ដើម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋ៕

RELATED ARTICLES