ខេត្តកណ្តាល ៖ ក្មេងប្រុសម្នាក់ ត្រូវកូនរបស់វីរកងទ័ពការពារទឹកដីព្រំដែន ដែលកំពុងឈរជើងនៅសមរភូមិជួរមុខ បានលង់ទឹកស្លាប់ បន្ទាប់ពីជិះកង់ដើរលេង និងចុះទៅដងត្រី នៅមាត់ប្រឡាយមួយកន្លែង រអិលជើងធ្លាក់ចូលទឹក ធ្វើឱ្យបុរសជាឪពុក ដែលជាវីរកងទ័ពជួរមុខ បានបង្ហាញនូវអារម្មណ៍រន្ធត់ចិត្ត និងបង្ហោះសារសុំទោសកូនប្រុសថា “ប៉ាការពារទឹកដីបាន ការពារកូនអត់បាន…”។

ករណីក្មេងប្រុសលង់ទឹកស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង៤៨នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅចំណុចទំនប់៩៦ ស្ថិតក្នុងភូមិអាច់កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។
ក្មេងប្រុសរងគ្រោះ ដែលលង់ទឹកស្លាប់ មានឈ្មោះម៉ាប់ ប៊ុនឡុង ភេទប្រុស អាយុ១២ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងមានឪពុកជាវីរកងទ័ពជួរមុខ កំពុងឈរជើងការពារទឹកដីព្រំដែន នៅតំបន់ប្រាសាទតាមាន់។
តាមការបំភ្លឺរបស់ឈ្មោះគា ចន្ទវិសិដ្ឋ ភេទប្រុស អាយុ១៤ឆ្នាំ ត្រូវជាមិត្តភក្តិរបស់ក្មេងប្រុសរងគ្រោះ បានរៀប រាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤និង៥០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ខ្លួននិងជនរងគ្រោះ បាននាំគ្នាជិះកង់លេង នៅចំណុចប្រឡាយ៩៦ ស្ថិតនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយជនរងគ្រោះធ្លាប់ទៅលេង ចំនួន២លើកមកហើយ។ ពេលជិះដល់ប្រឡាយ៩៦ ពួក ខ្លួនបានយកកង់ទុកនៅជិតប្រឡាយ រួចនាំគ្នាចុះទៅច្រាំងលេង យកដុំថ្មគប់ទឹកលេង ជនរងគ្រោះបានឃើញ មានកូនត្រីតូចៗ ក៏យកកំប៉ុងជ័រ ចុះចាប់កូនត្រី មិនប្រយ័ត្នធ្វើឱ្យជនរងគ្រោះរអិលជើងធ្លាក់ចូលទឹក ភ្លាមនោះខ្លួនក៏ធ្លាក់ចូលទឹកដែរ និងព្យាយាមតោងជនរងគ្រោះឱ្យឡើងគោក តែទឹកហូរពេក ទើបទាញមិនបាន ក៏ប្រ ញាប់ឡើងគោក និងស្រែកហៅគេឱ្យជួយ។
ប្រភពដដែល បន្តថា ដោយសារតែនៅកន្លែងកើតហេតុ គ្មានផ្ទះប្រជាពលរដ្ឋ ទើបគ្មានអ្នកបានឮនិងមកជួយទាន់ ចំណែកជនរងគ្រោះបានលង់លិចចូលទឹកបាត់។ បន្ទាប់មកខ្លួនបានរត់រកហៅប្រជាពលរដ្ឋ ចំនួនប្រហែល៦ទៅ៧នាក់ ឱ្យមកជួយចុះរាវរក និងផ្អើលដល់ប្រជាការពារ ជិះម៉ូតូទៅប្រាប់ក្រុមគ្រួសារ និងទាក់ទងហៅបង ប្អូនខ្មែរអ៊ិស្លាម ចុះរាវបានស្រង់ជនរងគ្រោះ តែទម្រាំរាវរកឃើញ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ បន្ទាប់មក បានរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ចចុះមកពិនិត្យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

ជុំវិញករណីខាងលើនេះ បុរសជាឪពុកក្មេងប្រុសរងគ្រោះ ដែលជាវីរកងទ័ពជួរមុខ កំពុងឈរជើងការពារព្រំដែននៅសមរភូមិប្រាសាទតាមាន់ ក្រោយពីទទួលបានដំណឹងដ៏រន្ធត់នេះ ក៏បានបង្ហោះសារយ៉ាងក្តុកក្តួលថា “ប៉ាការពារទឹកដីបាន ហេតុអ្វីប៉ាការពារកូនមិនបាន? ប៉ាសុំទោសនេះជាកំហុសរបស់ប៉ា ដែលប៉ាមិនបានមើលថែកូន ប៉ាទទួលយកអត់បានទេ? កូនសម្លាញ់ប៉ា ទ្រាំបន្តិចទៅ ប៉ាជិតទៅដល់ហើយ កូនប៉ា មិនអីទេ កូនខ្លាំង កូនប៉ារឹងមាំណាស់ កូនប៉ាឆ្លាតណាស់ ចាំប៉ានាំកូនដើរលេង ញ៉ាំចំណីដែលកូនចូលចិត្ត ទិញស្បែកជើងថ្មីឱ្យកូន ចាំប៉ាណាកូន…”។
សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕