Friday, August 15, 2025
Homeសង្គម និងជីវិតម៉ែវីរកងទ័ពថា បើថៃ ដោះលែងវិញ កោរសក់ថ្វាយព្រះ តមបាយ១អាទិត្យ

ម៉ែវីរកងទ័ពថា បើថៃ ដោះលែងវិញ កោរសក់ថ្វាយព្រះ តមបាយ១អាទិត្យ

ខេត្តសៀមរាប ៖ ក្នុងចំណោមវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ ដែលថៃ ចាប់ទៅ មិនទាន់ដោះលែងវិញនោះ ត្រូវបានស្រ្តីមេម៉ាយទុរគតម្នាក់ អះអាងថា មានម្នាក់ជាកូនប្រុសរបស់គាត់ ដែលពេលនេះគាត់កំពុងដេកយំ បារម្ភពីសុវត្ថិភាពកូន និងបានបន់ព្រះ សំពះទេវតា បួងសួងសូមឲ្យកូនបានសេចក្ដីសុខ ឆាប់បានរួចរស់ជីវិតត្រលប់មកប្រទេសកំណើតវិញ ហើយបើកូនរបស់គាត់ ត្រូវបានទាហានថៃ ដោះលែងមកវិញដោយសុវត្ថិភាព គាត់នឹងកោរសក់ថ្វាយព្រះ លាបំណន់ និងតមហូបបាយ ១អាទិត្យទៀតផង ។

 ស្ដី្រជាម្ដាយវីរកងទ័ព ដែលកំពុងដេកយំនឹកបារម្ភពីកូននោះ មានឈ្មោះ ម៉ែន គឹមលី អាយុ៥៦ឆ្នាំ រស់នៅភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ គាត់ជាស្រ្តីមេម៉ាយ ត្រូវប្ដីស្លាប់ចោលតាំងពីឆ្នាំ២០០០ ដោយប្ដីគាត់ ក៏ជាយោធិនម្នាក់ដែរ តែបានកើតជំងឺគ្រុនចាញ់ ស្លាប់ក្នុងពេលចុះបេសកកម្ម ក្រោយបញ្ចប់ការប្រយុទ្ធនៅសមរភូមិក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ គាត់មានកូនទាំងអស់ ចំនួន៥នាក់ (ស្រី២ ប្រុស៣) ក្នុងនោះកូនប្រុស១នាក់ និងកូនស្រី២នាក់ មានគ្រួសារ ប្ដីប្រពន្ធ បានបែកទៅរស់នៅស្រុកឆ្ងាយអស់ នៅសល់តែកូនប្រុស ២នាក់ មិនទាន់រៀបការ និងសុទ្ធតែធ្វើយោធាទាំង២នាក់ ។ ក្នុងប្រុសទី៤ ឈ្មោះ ស ឡស់ អាយុ២៨ឆ្នាំ បានចូលបម្រើការជាយោធា តាំងពីឆ្នាំ២០១៧ ជាទាហានជួរមុខ ឈរជើងនៅតំបន់ភូមិ១ ខេត្តស្ទឹងត្រែង ប៉ុន្តែត្រូវបានបញ្ជូនមកឈរជើងប្រយុទ្ធនៅសមរភូមិមុខ ខេត្តព្រះវិហារ ក្រោយមានការផ្ទុះអាវុធ កាលពីថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៥ ។ ចំណែកកូនទី៥ ឈ្មោះ ស ឡ អាយុ២៥ឆ្នាំ (កំព្រាឪពុក នៅអាយុ២ឆ្នាំ) បានចូលបម្រើការជាយោធា តាំងពីឆ្នាំ២០២០ ជាទាហានឈរជើងនៅព្រំដែនឡាវ ប៉ុន្តែត្រូវបញ្ជូនទៅតំបន់ប្រយុទ្ធ ដើម្បីទប់ទល់នឹងទាហានសៀមឈ្លាន ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្រ្តីឈ្មោះម៉ែន គឹមលី ប្រាប់ថា បច្ចុ ប្បន្នគាត់កំពុងមានបញ្ហាសុខភាព ហើយកាន់តែទ្រុឌទ្រោម ដោយសារបាយមិននឹក ទឹកមិនស្រេក ដេកមិនលក់ ព្រោះនឹកបារម្ភពីកូនប្រុសជាវីរកងទ័ព ដែលត្រូវបានទាហានថៃ ចាប់ខ្លួនយកទៅ ក្រោយមានបទឈប់បាញ់នោះ ។

ស្ត្រីជាម្តាយវីរកងទ័ពខាងលើ ឲ្យដឹងថា ក្នុងចំណោមកូនប្រុសទាំង២នាក់ ដែលធ្វើទាហាននេះ សម្រាប់កូនប្អូន គេមកលេងផ្ទះ ជួបជុំគាត់ជាម្ដាយ ហើយពេលនេះគេក៏ត្រូវលាទៅសមរភូមិវិញ គាត់ក៏ត្រូវរៀបចំឲ្យនូវមធ្យោ បាយការពារខ្លួនមួយចំនួន រួមមាន ថ្នាំពេទ្យ (ថ្នាំកម្លាំង) ម៉ាស និងនំ ជាដើម ។ ចំណែកកូនប្រុសបង ដែលថៃ ចាប់ទៅនោះ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៩ព្រឹក នៅពេលដែលទ័ពសៀម ចាប់ផ្ដើមវ៉ៃសម្រុកនៅតំបន់មុំបី ខេត្តព្រះវិហារ និងប្រាសាទតាមាន់ ជាដើមនោះ គេបានឆាតមកប្រាប់គាត់ថា “សូមម៉ែឲ្យពរកូនផង នៅកន្លែងសមរភូមិកូន (នៅជិតភ្នំខ្មោច) ផ្ទុះគ្រាប់ខ្លាំងណាស់ លាន់ឮក្ឌុងៗតែម្ដង” ។ ពេលនោះ គាត់បានឆាតឲ្យពរកូន និងឲ្យកូនសូត្របាលីការពារគ្រាប់ ហើយក៏មិនភ្លេចផ្ដាំកូនថា បើកូនស្រេកទឹក រកសំបកដើមឈើណាដែលមានជាតិទឹក បៀមទៅ ដើម្បីបំបាត់ការស្រេក បើកូនអត់មានទឹកហូប ។

អ្នកស្រី ម៉ែន គឹមលី បានរៀបរាប់បន្តថា ប៉ុន្តែប្រហែលជាត្រូវជាប់ដៃប្រយុទ្ធខ្លាំង មិនឃើញកូនតបឆាតមកវិញ ហើយតាំងពីថ្ងៃនោះមក អ្នកស្រីយំរាល់យំ មិនដែលហូបបាយទេ ផឹកតែទឹកផ្សើមបំពង់កបន្តិចៗ ដេកក៏មិនលក់ តែនៅតែមានកម្លាំង រង់ចាំកូនត្រលប់មកវិញ ។ លុះមកដល់ថ្ងៃទី២៨ កក្កដា ឆ្នាំ២០២៥ មេអង្គភាពកូនប្រុសរបស់អ្នកស្រី បានទូរស័ព្ទមកប្រាប់គាត់ថា “ម៉ែអាឡស់ អើយ! សប្បាយចិត្តទៅ កូនមានសុវត្ថិភាពហើយ” ព្រោះភាគីទាំងពីរ ចរចាគ្នាហើយ ដែលធ្វើឲ្យគាត់បានស្ដាប់ហើយ មានអារម្មណ៍រីករាយឡើងវិញខ្លះ និងបានហូបបាយនៅព្រឹកនោះ ប៉ុន្តែនៅព្រឹកនោះ ទន្ទឹមនឹងក្ដីរីករាយ ស្រាប់តែអ្នកស្រីទទួលដំណឹងថា គេចាប់កូនអ្នកស្រី ដែលធ្វើឲ្យមានអារម្មណ៍ដូចស្លាប់ទាំងរស់ និយាយអ្វីលែងចេញ គិតតែយំ ។ ប៉ុន្តែអ្នកស្រីចេះតែគិតដែរថា អ្នកស្រីនៅមានកូនប្រុសម្នាក់ទៀត ដែលធ្វើទាហាន បើគាត់កើតអីយ៉ាងណានោះ កូនប្រុសគាត់ អត់មានកម្លាំងតស៊ូប្រយុទ្ធក្នុងសមរភូមិទេ ។ ដូច្នេះអ្នកស្រីត្រូវខំប្រឹងរស់ ដើម្បីចាំជួយផ្ដល់កម្លាំងចិត្តដល់កូនជាយោធា ។ រហូតមកដល់ពេលនេះ អ្នកស្រី មិនដែលបានឃើញកូន ឮដំណឹងកូនទេ បានឃើញតែក្នុងរូបភាពព្រាលៗ កំពុងហូបបាយនៅកន្លែងឃុំឃាំង នៅស្រុកថៃ មិនដឹងជារូបកូនប្រុសរបស់គាត់ពិតឬយ៉ាងណាទេ មិនបានស្ដាប់ឮសំឡេងកូន ធ្វើឲ្យអ្នកស្រី មិនទាន់ជឿជាក់ថា ក្នុងរូបភាពនោះ ជាកូនប្រុសរបស់អ្នកស្រី មួយរយភាគ រយទេ ។ យ៉ាងណា អ្នកស្រីសង្ឃឹមថា កូនប្រុសរបស់គាត់ នៅរស់ ។

 ស្រ្តីចំណាស់ បន្តទៀតថា បើទោះបីគ្មានវត្តមានកូនប្រុសនៅប្រចាំការក៏ដោយ ក៏ខាងអង្គភាពរបស់កូនប្រុសជាទាហាន បានទម្លាក់ប្រាក់ខែ មកឲ្យគាត់ជាម្ដាយ និងទទួលបានការឧបត្ថម្ភពីរដ្ឋបាលឃុំ ពីរដ្ឋាភិបាល និងពីសប្បុរសជនមួយចំនួន អាចឲ្យគាត់យកមកដោះស្រាយជីវភាពដែលខ្វះខាតបានខ្លះដែរ តែទោះបីក្រ ក៏អ្នកស្រីមិនចង់បានលុយទេ បើដរាបណាមិនឃើញកូនប្រុសរបស់អ្នកស្រី បានវិលត្រលប់មកជួបម្ដាយវិញ ដោយសុ វត្ថិភាព ។ ម្យ៉ាងទៀត អ្នកស្រីមានបញ្ហាសុខភាព ខ្លាចតែមិនបានជួបមុខកូន ព្រោះកាលកូននៅមិនទាន់បាត់ ដំណឹង ពេលគេមកលេងផ្ទះម្ដងៗ គាត់តែងតែវិលមុខដួល ហើយត្រូវបានកូនជួយសង្រ្គោះ មើលថែ ហើយរាល់ថ្ងៃនេះ នៅតែពីរនាក់ចៅ អាយុ៤ឆ្នាំ ឯកូន៣នាក់ ដែលមានប្ដីប្រពន្ធ នៅស្រុកឆ្ងាយអស់នោះ មិនសូវបានមកលេងម្ដាយទេ គឺ១ឆ្នាំ ទើបអើតមើលម្ដង ឯកូន២នាក់ នៅលីវ ធ្វើទាហាន ឧស្សាហ៍មកលេងម្ដាយញឹកញាប់ដែរ កាលមិនទានមានសង្គ្រាមថៃឈ្លានពាន។ ប៉ុន្តែពេលនេះឃើញតែកូនប្រុសម្នាក់មក ឯកូនប្រុសម្នាក់ទៀត បាត់ដំណឹងឈឹង មិនឃើញត្រលប់មកវិញ ដែលធ្វើឲ្យគាត់នឹងបារម្ភពីគេខ្លាំងណាស់ និងរង់ចាំមើលផ្លូវគេគ្រប់វិនាទី ។

អ្នកស្រី ម៉ែន គឹមលី បានថ្លែងទាំងទឹកភ្នែកថា “ខ្ញុំគ្មានអីទេ ខ្ញុំមានតែបួងសួងសូមឲ្យវត្ថុស័ក្ដិសិទ្ធិ មានឫទ្ធិបារមីខ្លាំងពូកែ ជួយតាមថែរក្សាកូនខ្ញុំ ឲ្យកូនខ្ញុំមានសុវត្ថិភាព បានត្រលប់មកមាតុភូមិយើងវិញ ព្រោះម៉ែកំពុងតែរង់ ចាំកូនគ្រប់ពេលវេលា មិនថាម៉ោងណា វេលាណាទេ ។ បើកូនមកវិញដោយសុវត្ថិភាព ម៉ែនឹងទៅតាំងសមាធិ អត់ហូបបាយក៏បានដែរ ព្រោះខ្ញុំបន់រួចហើយ គឺបន់អ្នកតារាជ សូមជួយមើលថែរក្សាកូនខ្ញុំ បើកូនខ្ញុំបានវិល ត្រលប់មកវិញ ខ្ញុំនិមន្តលោកឆាន់មួយព្រឹក ហើយបើកូនខ្ញុំមកវិញមែន ខ្ញុំនឹងទៅតាំងសមាធិ អត់ហូបបាយមួយអាទិត្យ ហើយក៏កោរសក់ថ្វាយព្រះទៀត ហើយខ្ញុំក៏នឹងសែនក្បាលជ្រូក នៅក្នុងផ្ទះ ឲ្យព្រលឹងឪរបស់គេ ជួយតាមថែរក្សាកូន ។ ខ្ញុំបន់អស់ហើយ ដាក់បាត្រលោក រាល់ព្រឹក លុយដែលគេជូនខ្ញុំទាំងប៉ុន្មាន ខ្ញុំក៏ចែករំលែកជូនទៅអ្នកក្រដូចគ្នាខ្លះ ។ ខ្ញុំក្រខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនចង់បានលុយទេ ចង់ឲ្យតែកូនខ្ញុំត្រលប់មកវិញ សំខាន់ជាងលុយទៅទៀត សំខាន់បំផុតគឺជីវិតកូនប្រុស ។ ខ្ញុំសង្ឃឹមថា កូនខ្ញុំទាំងពីរ នឹងនៅក្រោមម្លប់ខ្ញុំជាម្ដាយចុងក្រោយ ។ ខ្ញុំគិតថា បើសិនជាកូនខ្ញុំស្លាប់ ដើម្បីប្រទេសជាតិ សាកសពដែលយកមកផ្ទះ ខ្ញុំមោទនភាព ខ្ញុំកាត់ចិត្តបាន ខ្ញុំទទួលបានគ្រប់យ៉ាង គឺដើម្បីប្រទេសជាតិយើង ព្រោះគ្រួសារខ្ញុំ ស្រលាញ់ប្រទេសជាតិណាស់ ទាំងប្ដី ទាំងកូន តែនេះគេយកកូនខ្ញុំ ទៅធ្វើបាបស្អីខ្លះក៏មិនដឹងដែរ ។ ដូច្នេះសំណូមពរទៅដល់រដ្ឋាភិបាល និងអង្គការអន្តរជាតិ សូមជួយអន្តរាគមន៍ឲ្យកូនខ្ញុំបានត្រលប់មកមាតុភូមិខ្មែរវិញ ហើយក៏ម្ដាយត្រូវការកូនណាកូនមាសម្ដាយ (យំ)“ ៕ កុលបុត្រ

RELATED ARTICLES