Thursday, August 14, 2025
Homeព័ត៌មានសិល្បៈCAMBO RAPPER ម្ចាស់ជ័យលាភី ១០០លានរៀល សហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នឹងផ្សាយនៅ CTN

CAMBO RAPPER ម្ចាស់ជ័យលាភី ១០០លានរៀល សហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស នឹងផ្សាយនៅ CTN

ភ្នំពេញ៖កម្មវិធី «CAMBO RAPPER» ដែលមានការចូលរួមសហការរៀបចំរវាងផលិតកម្ម Galaxy Navatra ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស ស្ថានីយ៍ទូរទស្សន៍ CTN នឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខនេះហើយ ក្នុងនោះបេក្ខជនចំនួន ៧០នាក់នឹងត្រូវជ្រើសរើសឡើងសង្វៀន​ប្រកួតប្រជែងក្នុងកម្មវិធីប្រឡងចម្រៀងរ៉េប ដើម្បីបង្កើតជាសករាជថ្មី ជាពិសេសដើម្បីបង្កើតធនធានមនុស្សនិងសិល្បករវ័យក្មេងសម្រាប់វិស័យចម្រៀងរ៉េបនៅកម្ពុជា ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង តំណាងក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស អ្នកឧកញ៉ា ឡេង ប្រុស លោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ច​ពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយក Galaxy Navatra Group និង លោក David Ulmer, CEO របស់ស្ថានីយ៍ទូរទស្សន៍ CBS ព្រមទាំងភ្ញៀវកិត្តិយសទាំងអស់ នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ ។

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនហ្គាឡាក់ស៊ី ណាវាត្រា គ្រុប មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានផ្លូវការ ស្ដីពីការប្រកួត «CAMBO RAPPER» ថា៖ “តាង​នាមឱ្យផលិតកម្ម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស (KHB) និងស្ថានីយ៍ទូរទស្សន៍ CTN  ដែលផ្តល់កិច្ចសហការក្នុងការរៀបចំកម្មវិធីដ៏ពិសេសនេះ។ ផលិតកម្ម Galaxy Navatra តែងតែបានជំរុញ និងព្យាយាមប្រមូលផ្តុំតារាចម្រៀងរ៉េបដែលមានសមត្ថភាពនិងព្រមទាំងបានជំរុញដុសខាត់សមត្ថភាពប្អូនៗជំនាន់ក្រោយជាច្រើនរូបក្នុងវិស័យចម្រៀងរ៉េបនេះ។ផលិតកម្ម Galaxy Navatra មានមហិច្ឆិតាខ្ពស់ក្នុងការចូលរួមអភិវឌ្ឍនិងពង្រឹងវិស័យរ៉េបនេះឱ្យកាន់តែឈានឆ្ពោះទៅមុខជាលំដាប់។

ក្នុងឱកាសនោះដែរ លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ បន្ថែមទៀតថា៖ “ត្បិតថា កម្ពុជា បានបោះជំហានក្រោយគេនៅលើឆាកអន្តរជាតិពិតមែន តែតារារ៉េបកម្ពុជាមានភាពលេចធ្លោ និងទទួលបានការចាប់អារម្មណ៍យ៉ាងសម្បើមពីមហាជនទាំងក្នុងនិងក្រៅប្រទេស។ តារាចម្រៀងរ៉េបដែលមានសមត្ថភាព ត្រូវចេះទាំងការនិពន្ធទំនុកច្រៀង និពន្ធបទភ្លេង និងជាពិសេសមានទឹកដមសម្លេងអាចច្រៀងរ៉េប ទៅតាមស្ទាយរបស់ខ្លួន ខុសប្លែកពីគេទៀតផង។”

កម្មវិធី «CAMBO RAPPER» នឹងកាន់តែពិសេស ហើយប្លែកពីកម្មវិធីប្រឡងចម្រៀងដទៃទៀត ជាមួយវត្តមាន Coach ពិសេសៗ និងវត្តមានគណៈកម្មការពិសេសនៅក្នុងកម្មវិធី ដោយមិនបញ្ចេញមុខ (Secret Coach) ជាដើម។ កាន់តែពិសេសទៀតនោះ កម្មវិធីមានប្រភេទ Theme និងនីតិវិធីជ្រើសរើសក្នុងវគ្គនីមួយៗ ដែលមានលក្ខណៈថ្មី មិនដែលមានពីមុនមក និងប្រកបដោយភាពរំភើប ញាប់ញ័រ ភ្ញាក់ផ្អើល និងមិនអាចទាយដឹងមុនបាន នៅគ្រប់ៗវគ្គ មានភាពពិសេសទាំងការប្រកួតប្រជែងសង្គ្រាមចង្វាក់ភ្លេង ពាក្យពេជន៍ កាយវិការ និងទឹក​ដមនៃការ Rap ពីសំណាក់បេក្ខជនគ្រប់ៗរូប និងអាចបង្កើតនូវចំណីអារម្មណ៍ថ្មីសម្រាប់ទស្សនិកជនទូទាំងប្រទេស កម្ពុជា។

  សូមបញ្ជាក់ថា ការប្រកួតនឹងចាប់ផ្តើមនាពេលឆាប់ៗខាងមុខហើយនឹងមានការជ្រើសរើសបេក្ខជនបេក្ខនារីជាច្រើនរូបដើម្បីប្រកួត ប្រជែង។ កម្មវិធីនេះនឹងប្រព្រឹត្តទៅក្នុងរយៈពេល 16 សប្តាហ៍ ដែលតម្រូវឲ្យបេក្ខជន បេក្ខនារីចូលរួមប្រកួតដើម្បីដណ្ដើមជ័យលាភី និងប្រាក់រង្វាន់រហូតដល់ទៅ ១០០លានរៀលនិងនាឡិកាពេជ្រតំណាងឱ្យពានរង្វាន់ ក្រៅពីប្រាក់រង្វាន់ធំ កម្មវិធីក៏ផ្តល់ជូនបេក្ខជនម្ចាស់ជ័យលាភី នូវឱកាសក្លាយទៅជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្ម Galaxy Navatra និងមានឱកាស Collaboration ជាមួយរៀមច្បងល្បីៗនិងមានទេពកោសល្យរបស់ផលិតកម្មផ្ទាល់តែម្ដង៕

RELATED ARTICLES