ខេត្តសៀមរាប ៖ ក្មេងស្រីតូចម្នាក់ បានកើតមានជំងឺគ្រុនឈាមកម្រិតធ្ងន់បំផុត នៅសល់តែដង្ហើមចុងក្រោយ ត្រូវបានក្រុមគ្រួសារប្រញាប់បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា ទីបំផុត ត្រូវបានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះជីវិតទាន់ពេល ដោយជោគជ័យ។

យោងតាមប្រភពពីមន្ទីរពេទ្យគន្ធបុប្ជា បានឱ្យដឹងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ថា កុមារីអាយុ៩ឆ្នាំម្នាក់ ត្រូវបានសង្គ្រោះជីវិតដោយជោគជ័យ ពីជំងឺគ្រុនឈាមកម្រិតធ្ងន់បំផុត នៅមន្ទីរពេទ្យគន្ធបុប្ផា ខណៈក្នុងអំឡុងរដូវភ្លៀង ដែលមិនទាន់បញ្ចប់នេះ ជំងឺគ្រុនឈាម នៅតែជាកង្វល់ចម្បងមួយ ដែលអាចវិវត្តន៍យ៉ាងលឿនទៅរកភាពធ្ងន់ និងអាចឆក់យកជីវិតកុមារបាន។
កុមារីរងគ្រោះនេះ ពីដំបូងបានទទួលការព្យាបាលជំងឺគ្រុនឈាមនៅគ្លីនិកឯកជនមួយ ក្នុងខេត្តត្បូងឃ្មុំ ដោយប្រើប្រាស់សេរ៉ូមអស់ ៣លីត្រ។ ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពជំងឺរបស់គាត់បានវិវត្តទៅជាធ្ងន់ធ្ងរខ្លាំង រហូតដល់ដង្ហើមចុងក្រោយ ទើបក្រុមគ្រួសារបានបញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផា។
នៅពេលមកដល់មន្ទីរពេទ្យ ត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺគ្រុនឈាម កម្រិតធ្ងន់បំផុត (Dengue Shock Syndrome – DSS) ដែលបណ្តាលឱ្យគាត់អស់ជីពចរ (shock syndrome)។ លើសពីនេះ គាត់ក៏មានអាការបែកគ្រាប់ឈាម ហូរឈាមក្នុងក្រពះពោះវៀន និងខ្សោយថ្លើម-តម្រងនោម (DSS induced HUS) ផងដែរ។
ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផា បានខិតខំប្រឹងប្រែងជួយសង្គ្រោះជីវិតកុមារីរូបនេះ ដោយបានប្រើប្រាស់ឈាមច្រើនប្លោក និងជំនួយដោយម៉ាស៊ីនសប់ដង្ហើម រយៈពេល ៦ថ្ងៃ។ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល ២០ថ្ងៃ ស្ថានភាពរបស់ក្មេងស្រីបាន ប្រសើរឡើងវិញ។ ថ្ងៃនេះ កុមារីរូបនេះ មានជីវិតរស់ឡើងវិញ ហើយបានត្រឡប់ទៅផ្ទះវិញដោយស្នាមញញឹម។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថាក្នុងខែកក្កដា ឆ្នាំ២០២៥ កុមារមានជំងឺគ្រុនឈាម ចំនួន ៣ ៩១៨នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ៕