
ភ្នំពេញ ៖ បណ្ឌិតបញ្ញវន្តខ្មែរ បានលើកឡើងថា ក្រោយចប់សង្គ្រាមដែលបង្កឡើងដោយទាហានចោរសៀមឈ្លានពានទឹកដីកម្ពុជា យើងត្រូវតែកសាងសារមន្ទីសង្គ្រាមឈ្លានពានមួយ ហើយត្រូវប្រែក្លាយមេរៀនសោកនាដកម្ម និងការឈឺចាប់ដែលបង្កដោយចោរសៀមឈ្លានពានលើកនេះ ទៅជាការខិតខំពង្រឹងស្មារតីជាតិនិងឯកភាពជាតិយូរអង្វែង និងពង្រឹងសមត្ថភាពយើង លើគ្រប់វិស័យ ទៅអនាគត ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានសរសេរនៅក្នុងគណនីនិងទំព័រណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ថា “បងប្អូនជនរួមជាតិ! ក្រោយចប់សង្គ្រាម យើងត្រូវតែកសាងសារមន្ទីរសង្គ្រាមឈ្លានពានមួយ ដែលប្រព្រឹត្តដោយចារសៀមឈ្លានពាន ដ៏ឃោរឃៅ។ ដូច្នេះសូមបងប្អូនទាំងអស់ ជួយប្រមែប្រមូលរូបថតសោកនាដកម្មមកលើប្រជាជននិងជាតិយើង ភ័ស្តុតាងនៃការបំផ្លិចបំផ្លាញទាំងអស់ អាវុធយុទ្ធភណ្ឌដែលចោរឈ្លានពានសៀម ប្រើប្រាស់ និងភ័ស្តុតាងផ្សេងៗទៀតដែលបង្កឡើងដោយចោរឈ្លានពាន ដើម្បីឱ្យពិភពលោកបានដឹង និងកូនខ្មែរ គ្រប់ជំនាន់ ចងចាំ។ យើងត្រូវប្រែក្លាយមេរៀនសោកនាដកម្ម និងការឈឺចាប់ដែលបង្កដោយចោរសៀមឈ្លានពានលើកនេះ ទៅជាការខិតខំពង្រឹងស្មារតីជាតិ និងឯកភាពជាតិយូរអង្វែង និងពង្រឹងសមត្ថភាពយើង លើគ្រប់វិស័យ ទៅអនាគត។ យើងមិនអាចឱ្យវីរកងទ័ពយើងស្លាប់ទៅទទេ ដោយគ្មានផលត្រឡប់ទេ យើងត្រូវរួមគ្នាជាធ្លុងមួយ ជាមួយវីរកងទ័ពយើង និងរាជរដ្ឋាភិបាលយើង ដើម្បីប្រឆាំងចោរឈ្លានពាន“ ។

លោកបណ្ឌិត គិន ភា បានបង្ហោះរូបភាព និងសំណេរបន្ថែម នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ថា “គ្មានការឈឺចាប់ណាខ្លាំងជាងការឈឺចាប់ដែលប្រទេសជាតិត្រូវសត្រូវឈ្លានពាននិងប្រមាថនោះទេ។ មានរឿងរ៉ាវជាច្រើនដែលខ្ញុំចង់សរសេរ ប៉ុន្តែខ្ញុំគិតថា រឿងរ៉ាវទាំងនោះ វាបានដក់ជាប់កប់យ៉ាងជ្រៅទៅក្នុងមនោសញ្ចេតនានិងបេះដូងរបស់ប្រជាជនខ្មែរ គ្រប់រូប រួចស្រេចទៅហើយ។ ខ្ញុំសូមបង្ហោះរូបថតប៉ុន្មានសន្លឹកនេះឡើងវិញ ដែលខ្ញុំយកចេញពីបណ្ដាញសង្គម ដែលបងប្អូនយើងបានបង្ហោះរួចហើយ។ តាមរយៈរូបថតប៉ុន្មានសន្លឹកនេះ ខ្ញុំនិងប្រជាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នការនយោបាយ ទាំងក្នុងនិងក្រៅប្រទេស សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងជំពាក់គុណដ៏សែនធ្ងន់ ចំពោះបងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ និងពលីជីវិត ដើម្បីការពារទឹកដីនិងប្រាសាទបុរាណដែលជាមរតកដូនតាខ្មែរយើង។ ប្រជាជនខ្មែរ គ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយចងចាំជានិច្ចចំពោះវីរភាពនៃការលះបង់ និងពលិកម្មដ៏ធំធេង មិនអាចកាត់ថ្លៃបាន របស់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង“ ។
លោកបណ្ឌិត គិន ភា បានសរសេរបន្តថា “តាមរយៈការតស៊ូប្រយុទ្ធនឹងសត្រូវឈ្លានពាន រយៈ៥ថ្ងៃ កន្លងមកនេះ យើងបានមើលឃើញយ៉ាងប្រត្យក្សនូវមហាសាមគ្គីជាតិនិងឯកភាពជាតិ នៃមហាគ្រួសារខ្មែរ ទាំងនៅសមរភូមិមុខ និងសមរភូមិក្រោយ និងទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលមិនធ្លាប់មាន រាប់សតវត្សរ៍ ឬទសវត្សរ៍មកហើយ។ ម្នាក់ៗសុទ្ធតែមានការឈឺឆ្អាលចំពោះប្រទេសជាតិ និងឈឺចាប់ចំពោះសត្រូវឈ្លានពាន ហើយបានប្រែក្លាយការឈឺឆ្អាលនិងការឈឺចាប់ទាំងនោះ ទៅជាសកម្មភាពជាក់ស្ដែង តាមរយៈការគាំទ្រជាស្មារតី សម្ភារៈ ថវិកា និងបញ្ញាញាណ ទៅតាមសមត្ថភាពនិងលទ្ធភាពរៀងៗខ្លួន។ ចំណែកបងប្អូនខ្មែរ នៅឯនាយសមុទ្រ បានចេញតវ៉ាអំពើឈ្លានពានរបស់សត្រូវ ស្ទើរពាសពេញពិភពលោក ក្នុងស្មារតីខ្មែរតែមួយ។ ឈរលើស្មារតីនៃមហាសាមគ្គីជាតិនិងឯកភាពជាតិ ដែលយើងមាននាពេលនេះ យើងត្រូវប្រែក្លាយមេរៀនសោកនាដកម្ម និងការឈឺចាប់ដែលបង្កឡើងដោយសត្រូវឈ្លានពាន ទៅជាការខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការពង្រឹងស្មារតីសាមគ្គីជាតិនិងឯកភាពជាតិ យូរអង្វែងនិងមានលក្ខណៈជាប្រព័ន្ធ និងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពជាតិយើង លើគ្រប់វិស័យ ទៅថ្ងៃអនាគត ។ ចំពោះមុខវិញ្ញាណក្ខន្ធនៃវីរកងទ័ពដ៏អង់អាចក្លាហាន ដែលបានពលីជីវិតដើម្បីការពារទឹកដីដូនតា យើងត្រូវរួបរួមគ្នាជាធ្លុងមួយ ជាមួយវីរកងទ័ពយើង និងរាជរដ្ឋាភិបាលយើង ដើម្បីបន្តរក្សាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីយើង ពីការឈ្លានពានរបស់សត្រូវគ្រប់ប្រភេទ។ យើងមិនអាចឱ្យវីរកងទ័ពយើងស្លាប់ទៅទទេៗ ដោយគ្មានផលត្រឡប់នោះទេ“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត គិន ភា បានបញ្ជាក់ប្រាប់ “នគរធំ” នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ថា គោលបំណងសំខាន់ដែលត្រូវកសាងសារមន្ទីរសង្គ្រាមចោរសៀមឈ្លានពាន គឺដើម្បីឱ្យពិភពលោកបានដឹង និងកូនខ្មែរគ្រប់ជំនាន់ចងចាំ ។
ជុំវិញការលើកឡើងរបស់លោកបណ្ឌិតគិន ភា ខាងលើនេះដែរ សម្រាប់អ្នកវិភាគ អ្នកឃ្លាំមើល និងអ្នកនយោបាយ បានសម្ដែងការចាប់អារម្មណ៍ និងយល់ស្របថា កសាងសារមន្ទីរសង្គ្រាមចោរសៀមឈ្លានពាន ជារឿងសំខាន់ ដើម្បីរំលឹកការចងចាំរបស់ពលរដ្ឋខ្មែរ និងបង្ការកុំឲ្យចោរសៀមឈ្លានពាននៅលើកក្រោយទៀត ។
លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ការរៀបចំសារមន្ទីរសង្រ្គាម ដើម្បីបង្ហាញអំពីការឈ្លានពានរបស់ថៃ មកលើកម្ពុជា នេះ គួរតែមាននៅក្នុងភូមិភាគ ឬក៏នៅក្នុងតំបន់ ដាក់នៅចំណុចកណ្ដាលណាមួយ នៅតំបន់ជម្លោះធំៗដែលកើតមាន ដើម្បីឲ្យមនុស្សនៅជុំវិញពិភពលោក និងអ្នកដែលពាក់ព័ន្ធ ចង់ដឹងរឿងនេះ អាចធ្វើការសិក្សារៀនសូត្របាន ហើយចង់ឲ្យសារមន្ទីរនេះចារឈ្មោះទាហានដែលពលី ដើម្បីការពារអធិបតេយ្យជាតិ ឲ្យខ្មែរជំនាន់ក្រោយ និងមនុស្សទាំងអស់ដែលបានដឹងរឿងនេះ ធ្វើជាសាក្សីថា ពួកគាត់បានលះបង់ និងបូជាដើម្បីបម្រើនិងការពារអធិបតេយ្យជាតិ យ៉ាងពិតប្រាកដ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “ខ្ញុំគិតថា ការរៀបចំសារមន្ទីរសង្រ្គាមឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យកម្ពុជា នៅក្នុងឆ្នាំ២០២៥ រយៈពេល៥ថ្ងៃនេះ ខ្ញុំគិតថា វាគួរតែរៀបចំនៅភូមិភាគដែលមានជម្លោះប្រដាប់អាវុធហ្នឹង ហើយប្រមូលយកភ័ស្តុតាងទាំងអស់ និងចងក្រងឯកសារជាប្រវត្តិសាស្រ្តមួយ ដើម្បីឲ្យកូនខ្មែរបានសិក្សា បានរៀនសូត្រ ហើយនិងចេះប្រុងប្រយ័ត្នចំពោះការឈ្លានពានពីប្រទេសជិតខាង ហើយក៏ជាមេរៀនមួយដើម្បីធ្វើឲ្យពិភពលោក ឬក៏អ្នកដែលចង់ដឹងទាក់ទងនឹងសាវតារពិតប្រាកដដែលនាំឲ្យកើតមានសង្រ្គាម ក៏ដូចជាការប្រើប្រាស់អាវុធដែលបំពានទៅលើក្របខ័ណ្ឌ ឬក៏ច្បាប់អន្តរជាតិ ពីសំណាក់ភាគីថៃ មកលើកម្ពុជា ហើយវាក៏ជាភ័ស្តុតាងមួយដើម្បីក្រើនរំលឹកទៅដល់ប្រទេសដែលមានបំណងឈ្លានពានកម្ពុជា ឲ្យពួកគាត់គិតគូរសាឡើងវិញ ហើយអ្នកជំនាន់ក្រោយ ក៏អាចយកទៅសិក្សា និងអាចធ្វើការពិចារណា មុននឹងពេលសម្រេចចិត្តឈ្លានពានលើដែនអធិបតេយ្យរបស់កម្ពុជា នៅពេលខាងមុខអ៊ីចឹងដូចគ្នាដែរ ។ ដូច្នេះការរៀបចំសារមន្ទីរសង្រ្គាមដើម្បីបង្ហាញអំពីការឈ្លានពានរបស់កម្ពុជា នេះ គួរតែមាននៅក្នុងភូមិភាគ ឬក៏នៅក្នុងតំបន់ ដែលដាក់នៅចំណុចកណ្ដាលណាមួយ នៅតំបន់ជម្លោះធំៗដែលកើតមានហ្នឹង ដើម្បីឲ្យមនុស្សនៅជុំវិញពិភពលោក និងអ្នកដែលពាក់ព័ន្ធ ចង់ដឹងរឿងនេះ អាចធ្វើការសិក្សារៀនសូត្របាន ។ មួយវិញទៀត ខ្ញុំបន្ថែមបន្តិច ទាក់ទងនឹងចំណុចនេះ គឺយើងចង់ឲ្យសារមន្ទីរនេះចារឈ្មោះទាហានដែលពលី ដើម្បីការពារអធិបតេយ្យជាតិ ឲ្យខ្មែរជំនាន់ក្រោយ និងមនុស្សទាំងអស់ដែលបានដឹងរឿងនេះ ធ្វើជាសាក្សី ថាពួកគាត់បានលះបង់ និងបូជាដើម្បីបម្រើនិងការពារអធិបតេយ្យភាពជាតិយ៉ាងពិតប្រាកដ ។ ដូច្នេះរាល់ឈ្មោះរបស់ពួកគាត់ គួរតែត្រូវបានចារនៅក្នុងក្រាំងមាស លើទិដ្ឋភាពដែលពួកគាត់បានលះបង់ដើម្បីជាការតបស្នងសងគុណចំពោះការលះបង់អាយុជីវិត ដើម្បីជាតិ សាសនា ដើម្បីប្រទេសជាតិយើងទាំងមូល “ ។
ស្រដៀងគ្នានេះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលថា គួរតែបង្កើតសារមន្ទីរវរយុទ្ធជន ឬសារមន្ទីរវីរបុរសខ្មែរ ដែលពលីនៅក្នុងសង្រ្គាមកម្ពុជា-ថៃ ដើម្បីជាការដាស់តឿនដល់ស្មារតីកូនខ្មែរថា ត្រូវតែរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិ ស្រលាញ់ជាតិសាសន៍ខ្មែរគ្នាឯង ឲ្យបានច្រើន ជាជាងជាតិសាសន៍ដទៃ ព្រោះជាតិសាសន៍ដទៃ ពេលណាគេពេញចិត្តយើង ក៏គេសប្បាយជាមួយយើងទៅ តែបើថាគេមិនពេញចិត្តទេ គឺគេដាក់យុទ្ធសាស្រ្តឈ្លានពានយើង លេបត្របាក់ទឺកដីយើង ។

លោកម៉ែន ណាត បានមានប្រសាសន៍ថា “គំនិតហ្នឹង គំនិតល្អ ខ្ញុំធ្លាប់ជជែកជាមួយមិត្តភក្ដិដែររឿងហ្នឹង ប៉ុន្តែយើងមិនដាក់ឈ្មោះថាជាសារមន្ទីរចោរសៀមឈ្លានពានទេ យើងអាចបង្កើតសារមន្ទីរប្រវត្តិសាស្រ្តមួយ សម្រាប់បងប្អូនយុទ្ធជនយើងដែលបានតស៊ូពលីជីវិត តម្កល់ជាស្នាដៃការពារបូរណភាពទឹកដីជាតិហ្នឹង ប្រឆាំងជាមួយនឹងពួកឈ្លានពាន គឺពីសំណាក់ប្រទេសថៃ ពីសំណាក់ទាហានថៃ រដ្ឋាភិបាលថៃ ។ អាហ្នឹងយើងដាក់ទៅ យើងចង់ដាក់ឈ្មោះអីក៏បានដែរ ប៉ុន្តែនៅក្នុងខ្លឹមសារហ្នឹង ។ ហ្នឹងហើយ គួរតែបង្កើតសារមន្ទីរវរយុទ្ធជន ឬសារមន្ទីរវីរបុរសខ្មែរ ដែលពលីនៅក្នុងសង្រ្គាមកម្ពុជា-ថៃ ហ្នឹង ។ គំនិតហ្នឹងល្អ ខ្ញុំឲ្យយោបល់រដ្ឋាភិបាលកម្ពុជាពិចារណាទៅ គួរតែមានសារមន្ទីរហ្នឹង ហើយយើងមិនចាំបាច់ដាក់កោសរូស ឬក៏រោលរាលពេកទេ យើងដាក់ពាក្យឲ្យវាមានខ្លឹមសារល្អ អ្នកទេសចរអន្តរជាតិ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត អ្នកណាអ្នកណីមកមើលទៅឃើញថាពាក្យពេចន៍ល្អ ពោរពេញទៅដោយការនឹករលឹកទៅដល់គុណូបការៈរបស់អ្នកតស៊ូខ្មែរ នៅក្នុងសង្រ្គាមឈ្លានពានរបស់ប្រទេសជិតខាងហ្នឹង ហើយក៏ជាការដាស់តឿនដល់ស្មារតីកូនខ្មែរថា ត្រូវតែរួមគ្នា សាមគ្គីគ្នាជាធ្លុងមួយ ការពារជាតិ ស្រលាញ់ជាតិសាសន៍ខ្មែរគ្នាឯងឲ្យបានច្រើន ជាជាងជាតិសាសន៍ដទៃ ព្រោះជាតិសាសន៍ដទៃ ពេលណាគេពេញចិត្តយើងទៅ ក៏គេសប្បាយជាមួយយើងទៅ តែបើថាគេមិនពេញចិត្តទេ គឺគេដាក់យុទ្ធសាស្រ្តឈ្លានពានយើង លេបត្របាក់ទឺកដីយើង ។ កន្លែងហ្នឹង យើងត្រូវប្រយ័ត្ន ។ អ៊ីចឹងការស្រលាញ់ជាតិសាសន៍ខ្លួនឯងនេះ វាជារឿងមានសារសំខាន់ណាស់ ហើយសារមន្ទីរហ្នឹងរំលឹកស្នាដៃជាច្រើនទៅ អាហ្នឹងអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលទេ ឬក៏ក្រសួងពាក់ព័ន្ធ ដែលត្រូវរៀបចំយ៉ាងម៉េចដើម្បីតម្កល់ស្នាដៃ តម្កល់វីរភាពរបស់អ្នកតស៊ូខ្មែរ នៅក្នុងសង្រ្គាមនេះ ។ ដូច្នេះខ្ញុំអត់មានយោបល់អីច្រើនទេ ចំពោះខ្ញុំមានគំនិតហ្នឹងដែរ គួរណាតែរដ្ឋាភិបាលពិចារណាមើលទៅ វាជាគំនិតល្អ ហើយរកឈ្មោះណាមួយដាក់ឲ្យល្អ ហើយរំលឹកស្នាដៃដូចខ្ញុំបញ្ជាក់ជូនខាងលើអ៊ីចឹងទៅ“ ។
ដោយឡែក លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ប្រវត្តិសាស្រ្ត វាជារឿងមួយ ដែលមិនអាចលាក់បាំងការពិតបាន ហើយអ្នកប្រវត្តិសាស្រ្ត បានសរសេរ ស្រាវជ្រាវជាមួយនឹងតឹកតាង ភ័ស្តុតាងដែលមាននៅក្នុងសង្រ្គាមប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ ពីថ្ងៃ២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ដូច្នេះភ័ស្តុតាង តឹកតាងប្រវត្តិសាស្រ្ត ដាក់ចូលទៅក្នុងសារមន្ទីរគ្រាប់មីន ក៏ដូចជាមជ្ឈមណ្ឌលតម្កល់ស្លាកស្នាមជាប្រវត្តិសាស្រ្តដែលយើងមានស្រាប់ ឬកន្លែងដែលកសាងមិនបាន យើងធ្វើជារណ្ដៅ ឬក៏ជាស្នាមស្រះ សម្រាប់ឲ្យមនុស្សទៅមើលថា ក្នុងសម័យដែលសៀម ប៉ុនប៉ងរំលោភអធិបតេយ្យកម្ពុជា បានធ្វើឲ្យមានសោកនាដកម្មនៃសង្រ្គាមប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សធម៌អន្តរជាតិ ក៏ដូចជាការរំលោភនូវសន្ធិសញ្ញាសន្តិភាព ២៣ តុលា ១៩៩១ រំលោភនូវធម្មនុញ្ញភាពរបស់អង្គការសហប្រជាជាតិ រំលោភសន្ធិសញ្ញាកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ ១៩០៧ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ខ្ញុំថា ប្រវត្តិសាស្រ្ត វាជារឿងមួយ ដែលមិនអាចលាក់បាំងការពិតបាន ហើយអ្នកប្រវត្តិវិទូ និងអ្នកសរសេរប្រវត្តិសាស្រ្ត ខ្ញុំថា គាត់បានសរសេរ គាត់បានស្រាវជ្រាវជាមួយនឹងតឹកតាង ភ័ស្តុតាងដែលយើងមាននៅក្នុងសង្រ្គាមប្រយុទ្ធគ្នារយៈពេល៥ថ្ងៃ ពីថ្ងៃ២៤ ដល់ថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០២៥ យើងឃើញហើយ តើថៃបានរំលោភបំពាននូវអធិបតេយ្យ បូរណភាពទឹកដី ដោយប្រើកម្លាំងអាវុធមកលើកម្ពុជា រហូតដល់ធ្វើឲ្យពលរដ្ឋខ្មែរស្លាប់បាត់បង់ជីវិត រងរបួស ក៏ដូចជាអ្វីដែលយើងមានការសោកស្ដាយ គឺបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ក៏ដូចជាប្រាសាទដែលភ្ជាប់នឹងការប្រឈមដាក់គ្នា មិនថាប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ផ្សេងៗទៀត ដែលជាបូរណភាពទឹកដីរបស់កម្ពុជា ហើយត្រូវបានបំផ្លាញ ទីវត្តអារាមអីជាដើមហ្នឹង យើងឃើញថា នេះគឺជាតថភាព ទិដ្ឋភាពរួមមួយ ដែលធ្វើឲ្យសហគមន៍អន្តរជាតិ គេមើលឃើញអំពីមហិច្ឆតាទុច្ចរិតរបស់ប្រទេសសៀម ក៏ដូចជាកងទ័ពរបស់សៀម ដែលមានបំណងចង់លេបត្របាក់បូរណភាពទឹកដី អធិបតេយ្យភាពរបស់កម្ពុជា ។ អ៊ីចឹងខ្ញុំថា តាមរយៈព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ គឺថា យើងអាចភ្ជាប់អ្វីដែលជាតឹកតាងហ្នឹងចូលទៅក្នុងសារមន្ទីរគ្រាប់មីន ក៏ដូចជាមជ្ឈមណ្ឌលតម្កល់ស្លាកស្នាមជាប្រវត្តិសាស្រ្តដែលយើងមានស្រាប់ ហើយដែលគ្រប់គ្រងសហការជាមួយនឹងអង្គការចៃកា គឺមជ្ឈមណ្ឌលស៊ីម៉ាក់ ដែលមានសារមន្ទីរទាំងអាវុធជាតិផ្ទុះ ទាំងរបស់របរដែលពាក់ព័ន្ធទៅនឹងសង្រ្គាម នៅក្នុងទឹកដីខេត្តសៀមរាប ខ្ញុំថា យើងអាចធ្វើបានទុកជាតឹកតាង ហើយកន្លែងដែលយើងកសាងមិនបាន យើងធ្វើជាកន្លែងរណ្ដៅ ឬក៏ជាស្នាមស្រះបែបណា សម្រាប់ឲ្យមនុស្សទៅមើល ថាក្នុងសម័យដែលសៀមប៉ុនប៉ងរំលោភអធិបតេយ្យភាពកម្ពុជា ចន្លោះថ្ងៃទីប៉ុណ្ណេះ ដល់ប៉ុណ្ណេះ ខែប៉ុណ្ណេះ ឆ្នាំប៉ុណ្ណេះ គឺថា នៅសល់អតីតកាល នៅសល់ស្លាក់ស្នាម នៅសល់ភ័ស្តុតាង ហិនហោច សោកនាដកម្មនៃសង្រ្គាមប្រឆាំងនឹងមនុស្សជាតិ សង្រ្គាមឧក្រិដកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សធម៌អន្តរជាតិ ក៏ដូចជាការរំលោភនូវសន្ធិសញ្ញាសន្តិភាព ២៣ តុលា ឆ្នាំ១៩៩១ រំលោភនូវធម្មនុញ្ញភាពរបស់អង្គការសហប្រជាជាតិ រំលោភនូវអ្វីដែលជាសន្ធិសញ្ញាកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ ១៩០៧ ។ អាហ្នឹងសុទ្ធតែជាវត្ថុតាងដែលថៃមិនអាចប្រកែកបាន ពីមួយជំនាន់ទៅមួយជំនាន់ ទាក់ទងទៅនឹងអតីតកាលប្រវត្តិសាស្រ្ត ហើយនិងអ្វីដែលជាការកើតមាននូវព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលឈ្លានពានដោយប្រទេសសៀម ខ្ញុំថា វាជារឿងមួយល្អ ដែលយើងរក្សាទុកនូវតឹកតាង នូវភ័ស្តុតាងនៃការរំលោភបំពាន យើងដឹងហើយ រំលោភបំពានថែមទៀត ទៅនឹងតុលាការយុត្តិធម៌អន្តរជាតិអីជាដើមហ្នឹង អ្នកប្រវត្តិសាស្រ្ត ឬក៏ក្រសួងវប្បធម៌ ក្រសួងដែលពាក់ព័ន្ធស្ថាប័នរបស់រដ្ឋាភិបាលកម្ពុជា ត្រូវតែរៀបចំការសរសេរ ប្រមូលភ័ស្តុតាង និងទុកនូវតំបន់ជាប្រវត្តិសាស្រ្តណាដែលវាធ្វើឲ្យហិនហោចដល់ទ្រព្យសម្បត្តិនៃប្រទេសកម្ពុជា ទាក់ទងទៅនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សធម៌អន្តរជាតិ ពាក់ព័ន្ធទៅនឹងតំបន់ប្រាសាទបុរាណអីជាដើមហ្នឹង“ ៕ កុលបុត្រ