ខេត្តប៉ៃលិន ៖ បន្ទាប់ពីទទួលបានព័ត៌មានថា មានបងប្អូនពលករខ្មែរម្នាក់ មានជំងឺធ្ងន់ នៅប្រទេសថៃ ត្រូវបានគេទុកចោល មិនព្យាបាល លោកស្រីអភិបាលខេត្តប៉ៃលិន បានចាត់ឱ្យមន្ត្រីជំនាញច្រកទ្វារព្រំដែនអន្តរជាតិព្រំ និងក្រុមគ្រូពេទ្យ ចុះសម្របសម្រួល ដើម្បីយកពលករខ្មែររូបនោះ មកធ្វើការព្យាបាលភ្លាមៗ កាលពីថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២៥ ដោយមិនទុកពលករចោលនោះឡើយ។

ពលករមានជំងឺ ដែលថៃទុកចោលមិនព្យាបាល មានឈ្មោះស្កា ស៊ុ ភេទប្រុស អាយុ៤៤ឆ្នាំ មានស្រុកកំណើត នៅភូមិដូង ឃុំរូងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយធ្វើជាពលករបេះផ្លែឈើនៅប្រទេសថៃ ដែលមានរោគសញ្ញាអស់កម្លាំងឈឺក្បាល វិលមុខ រាគ ភ្នែកក្រហម ចេញ កន្ទួលក្រហមពេញខ្លួន ហើយធ្លាប់មានជំងឺតេតាណុស។ បើតាមការសន្និដ្ឋានបឋមរបស់ក្រុមគ្រូពេទ្យប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ អាចជាជំងឺគ្រុនឈាម ឬជំងឺគ្រុនឈីក។

តាមបញ្ជាក់របស់ លោកប៉ិច ប៊ិន ប្រធានទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន បានឱ្យដឹងថា ក្រោយពីទទួលដំណឹងថា មានពលករខ្មែរម្នាក់មានជំងឺធ្ងន់ធ្ងរ នៅប្រទេសថៃ ដោយមិនមានការព្យាបាល ព្រមទាំងទុកចោលនោះ លោកស្រីអភិបាលខេត្តប៉ៃលិន បានចាត់ ឱ្យក្រុមការងារធ្វើការទំនាក់ទំនងភ្លាមៗ ដើម្បីបញ្ជូនពលករខ្មែរ យកមកព្យាបាលបានទាន់ពេលវេលា ក្រោមការយកចិត្តទុក្ខដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូ ពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត។

លោកបានបន្តថា នេះសបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ របស់ពលករចំណាកស្រុក ដែលវិលត្រឡប់មកពី ប្រទេសថៃ ហើយសកម្មភាពនេះ មិនត្រឹមតែជាការលើក ទឹកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសកម្មភាពជាក់ស្តែង ក្នុងការជួយដោះស្រាយបញ្ហា ប្រឈមនានា ដែលពលករបានជួបប្រទះ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

សូមបញ្ជាក់ថា ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីសំណាក់លោកស្រីអភិបាលខេត្ត ពលករមានជំងឺ ត្រូវទទួលបានការព្យបាលពីសំណាក់ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្ត និងអាហារ ព្រមទាំងជូនដំណើរត្រឡប់ទៅស្រុកកំណើតវិញ បន្ទាប់ពីជំងឺបានជាសះស្បើយ៕



