Friday, July 4, 2025
Homeសង្គម និងជីវិតកុមារ១១ខែ មានជំងឺ ឆ្លងដែនមកសង្គ្រោះបន្ទាន់នៅកម្ពុជា

កុមារ១១ខែ មានជំងឺ ឆ្លងដែនមកសង្គ្រោះបន្ទាន់នៅកម្ពុជា

ខេត្តបាត់ដំបង ៖ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានទទួលកុមារមានជំងឺម្នាក់ ឆ្លងកាត់ព្រំដែន ចូលកម្ពុជា មកសង្គ្រោះបន្ទាន់ រួចបានបញ្ជូនជាបន្ទាន់ទៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមន្ត្រីជំនាញ បានឱ្យដឹងថា នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានទទួលកុមារអាយុ១១ខែ ឆ្លងកាត់ព្រំដែន ចូលមកកាន់ប្រទេសកម្ពុជា ជាបន្ទាន់។ កុមារ ត្រូវបានបញ្ជូនទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង រួចបានបញ្ជូនជាបន្ទាន់ មកធ្វើការព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ។

កុមារ ត្រូវបានសង្គ្រោះនិងថែទាំ ក្រោមការបន្តតាមដានព្យាបាល ឆ្លើយតបទៅនឹងរោគវិនិច្ឆ័យ និងស្ថានភាពជាក់ស្តែង ដោយក្រុមវេជ្ជបណ្ឌិតជំនាញ និងឯកទេសកុមារ។

ក្រសួងសុខាភិបាល សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ជ្រាបថា មន្ទីរពេទ្យគ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ ខេត្តកំពុងយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយសមត្ថភាពជំនាញសមស្រប សម្រាប់បម្រើសេវាព្យាបាល ថែទាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងជនបរទេស ដោយគ្មានការរើសអើងសញ្ជាតិ។ សូមបងប្អូនប្រជា ពលរដ្ឋ អញ្ជើញមកទទួលការពិគ្រោះជំងឺ ទទួលការព្យាបាល សង្គ្រោះបន្ទាន់ ចំពោះគ្រប់ប្រភេទនៃជំងឺ នៅក្នុងមន្ទីរពេទ្យរបស់ជាតិយើង៕

RELATED ARTICLES