Thursday, July 3, 2025
Homeព័ត៌មានជាតិបណ្ឌិតខ្មែរថា សម រង្ស៊ី ឈរខាងថៃ ចាក់សម្ដេចហ៊ុន សែន កែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរ

បណ្ឌិតខ្មែរថា សម រង្ស៊ី ឈរខាងថៃ ចាក់សម្ដេចហ៊ុន សែន កែរដ្ឋធម្មនុញ្ញដកសញ្ជាតិខ្មែរ

ភ្នំពេញ ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ ឈរខាងថៃ ដែលកំពុងមានវិវាទរឿងព្រំដែន ជាមួយកម្ពុជា ដោយអតីតមេបក្សប្រឆាំងនេះ នៅតែបន្តវាយប្រហារ មួលបង្កាច់ លាបពណ៌មកលើសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចុងក្រោយនេះ លោកសម រង្ស៊ី បានចាក់ឲ្យសម្តេចហ៊ុន សែន ធ្វើវិសោធនកម្ម កែរដ្ឋធម្មនុញ្ញ ដកសញ្ជាតិខ្មែរ ចំពោះជនទាំងឡាយណាដែលគប់គិតជាមួយបរទេសបំផ្លាញប្រយោជន៍ខ្មែរ បន្ទាប់ពីសម្តេចហ៊ុន សែន បានផ្តួចផ្តើមគំនិតស្នើឡើងអំពីរឿងនេះ។ 

លោកបណ្ឌិត គិន ភា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា “វោហារសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី ប៉ុន្មានថ្ងៃនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់បី ដូចខាងក្រោម ÷

១. ចាក់ឱ្យសម្ដេចតេជោ ហ៊ុន សែន ពន្លឿនការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ពីកំណើតពីអ្នកដែលគប់គិតនឹងបរទេស បំផ្លិចបំផ្លាញផលប្រយោជន៍ខ្មែរ។ ក្នុងមួយជីវិតនយោបាយរបស់ខ្លួន លោក សម រង្ស៊ី តែងតែបម្រើនយោបាយសម្ដេចតេជោ រហូតមក តែខ្ញុំមិនហ៊ាននិយាយថា គាត់ស៊ីឈ្នួលកំដរនយោបាយសម្ដេចតេជោ ទេ។ ខ្ញុំសូមលើកទឡ្ហីករណ៍មួយចំនួន ដូចជា វិសោធនកម្មរដ្ឋធម្មនុញ្ញ ពីសំឡេង ២ភាគ៣ មក៥០ភាគរយបូក១ កាលពីខែមីនា ឆ្នាំ២០០៦, វិសោធនកម្មរដ្ឋធម្មនុញ្ញ និងធម្មនុញ្ញបន្ថែម ពាក់ព័ន្ធនឹងការកំណត់ឱ្យមានសញ្ជាតិខ្មែរ តែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ រួមមាន ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ កាលពីខែតុលា ឆ្នាំ២០២១ និងការប្រកាសបេក្ខភាពរបស់សម្តេចធិបតី ជានាយករដ្ឋមន្ត្រីអនាគត កាលពីខែធ្នូ ឆ្នាំ២០២១ សុទ្ធតែមានអំពើនិងវោហារសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី ហើយនិន្នាការវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកនេះទៀត ក៏ហាក់ចេញពីអំពើនិងវោហារសាស្ត្រនយោបាយរបស់លោក សម រង្ស៊ី នេះដដែលទៀត។ លោកពូ ជេម សុខ បានហៅលោក សម រង្ស៊ី ថាជាសហាយនយោបាយរបស់សម្តេចតេជោ។ អ្នកគាំទ្រគាត់ភាគច្រើន មិនជឿលើរឿងនេះទេ ហើយគេអាចជេរខ្ញុំថែមទៀត។

២. លោក សម រង្ស៊ី ចង់រុញឱ្យមានប្រតិកម្មអវិជ្ជមានកាន់តែខ្លាំង លើរឿងនេះ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។ មែនទែនទៅ លោក សម រង្ស៊ី និងបក្ខពួកគាត់មួយចំនួន ធ្វើនយោបាយ មិនដែលប្រើប្រាស់សញ្ជាតិខ្មែរទេ ព្រោះពួកនេះ មានសញ្ជាតិ២។ ដូច្នេះ ទោះដកសញ្ជាតិ ឬមិនដក ក៏ពួកនេះនៅតែប្រឆាំង រហូតដល់ថ្ងៃស្លាប់ គឺប្រឆាំងនឹងប្រយោជន៍ខ្មែរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ព្រោះគេកើតមកដើម្បីប្រឆាំង, ស៊ីឈ្នួលប្រឆាំង និងស៊ីឈ្នួលធ្វើសហាយនយោបាយ។ ដូច្នេះរឿងដកសញ្ជាតិ មិនចាំបាច់ទេ យើងកុំធ្វើដូចពួកលន់ នល់ និងកុំធ្លាក់ក្នុងអន្ទាក់របស់លោក សម រង្ស៊ី។ យកល្អ ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដោយតម្រូវឱ្យអ្នកនយោបាយទាំងអស់ មិនថានៅថ្នាក់ជាតិ ឬនៅថ្នាក់មូលដ្ឋាន ត្រូវមានសញ្ជាតិខ្មែរ ពីកំណើត តែមួយគត់ ជាជាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ ពីកំណើត ដែលនាំឱ្យមានបច្ច័យនយោបាយផ្សេងទៀត។

៣. លោក សម រង្ស៊ី និយាយដោយឈរនៅខាងថៃ ឈ្លានពាន ក្នុងគោលបំណងយកចិត្តពួកចោរ ក្រែងគេឱ្យចូលស្រុកគេ ដើម្បីមានមូលដ្ឋានឈរជើងកៀកសមរភូមិនយោបាយបន្តិច និងប្រមូលពលករនៅទីនោះ ធ្វើនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច។ ក្នុងស្ថានភាពនេះ ថៃ អាចក៏ធ្វើរឿងនេះជាមួយលោក សម រង្ស៊ី ដែរ ព្រោះគេមិនខ្វល់នឹងគោលការណ៍អាស៊ាន អីទេ។

ដូច្នេះក្នុងស្ថានភាពនេះ សូមបងប្អូនកុំធ្លាក់ក្នុងអន្ទាក់របស់សហាយនយោបាយ និងអន្ទាក់របស់បរទេស សូមអ្នកនយោបាយគ្រប់និន្នាការ អ្នកវិភាគ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ប្រកាន់ជំហរតែមួយ ជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធយើង និងជឿជាក់លើរាជរដ្ឋាភិបាលយើង ជុំវិញចំណាត់ការលើរឿងព្រំដែន និងដំណោះស្រាយនិងវិធានការពាក់ព័ន្ធដទៃទៀត“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត គិន ភា ខាងលើនេះ បានធ្វើឡើងក្រោយពីលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលពេលនេះបានតែងតាំងខ្លួនឯងជាប្រធានក្រុមប្រឹក្សាជាតិតស៊ូ បានលើកឡើងថា សម្ដេចហ៊ុន សែន ខឹងថៃ ច្រឡោតតោតតូង មិនមែនដោយសារគាត់ស្រលាញ់ជាតិទេ តែដោយសារគាត់ភ័យខ្លាចពីការដួលរលំរបបគាត់ ដែលរស់ដោយសារការផ្តល់លុយរាប់ពាន់លានដុល្លារ ពីក្រុមឧក្រិដ្ឋកម្មអន្តរជាតិ ដឹកនាំដោយចោរម៉ាហ្វីយ៉ា (Mafia) ចិន ដែលធ្វើសកម្មភាពនៅតាមដងព្រំប្រទល់ដែនកម្ពុជា-ថៃ ។

លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ថា “កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) ចុះថ្ងៃ ២៨ មិថុនា ២០២៥ បានចុះផ្សាយអត្ថបទមួយ ដែលមានចំណងជើង “មេគណបក្សប្រឆាំង (សម រង្ស៊ី) និយាយថា ហ៊ុន សែន កំពុងតែភ័យពីការដួលរលំរបបឧក្រិដ្ឋនៅកម្ពុជា”។ មូលហេតុនៃការភ័យស្លន់ស្លោនេះ គឺដោយសារប្រទេសថៃ កំពុងតែបង្ក្រាបបណ្តាញឧក្រិដ្ឋកម្ម នៅតាមដងព្រំប្រទល់ដែនខ្មែរ-ថៃ ដែលមានពួកមេចោរម៉ាហ្វីយ៉ាចិន (Chinese Mafia) ចិញ្ចឹមរបបហ៊ុន សែន រាប់ពាន់លានដុល្លារ រៀងរាល់ឆ្នាំ។ អ្វីដែលហ៊ុន សែន លើកពីការស្នេហាជាតិនោះ គឺគ្រាន់តែជាការបង្វែរអារម្មណ៍ពលរដ្ឋខ្មែរ កុំឲ្យគិតពីអំពើពុករលួយរបស់គាត់ ដែលទទួលសំណូកសូកប៉ាន់យ៉ាងសន្ធឹកសន្ធាប់ ពីក្រុមឧក្រិដ្ឋកម្ម នៅតាមដងព្រំប្រទល់ដែនខ្មែរ-ថៃ»។

លោក សម រង្ស៊ី សរសេរបន្តថា «ហ៊ុន សែន ខឹងថៃ ច្រឡោតតោតតូង មិនមែនដោយសារគាត់ស្រលាញ់ជាតិទេ តែដោយសារគាត់ភ័យខ្លាចពីការដួលរលំរបបគាត់ ដែលរស់ដោយសារការផ្តល់លុយរាប់ពាន់លានដុល្លារ ពីក្រុមឧក្រិដ្ឋកម្មអន្តរជាតិ ដឹកនាំដោយចោរម៉ាហ្វីយ៉ា (Mafia) ចិន ដែលធ្វើសកម្មភាពនៅតាមដងព្រំប្រទល់ដែនកម្ពុជា-ថៃ។ អាជ្ញាធរថៃ បានសម្រេចកម្ទេចក្រុមចោរម៉ាហ្វីយ៉ាទាំងនោះ ដែលចិញ្ចឹមរបបហ៊ុន សែន។ រឿងនេះហើយដែលធ្វើឲ្យហ៊ុន សែន ព្រួយបារម្ភយ៉ាងខ្លាំង ហើយខឹងច្រឡោតតោតតូងដាក់ថៃ»។

លោក សម រង្ស៊ី បន្តទៀតថា «ជនក្បត់ជាតិ ហ៊ុន សែន មិនដែលគិតពីជាតិទេ។ គាត់ធ្វើអ្វីក៏ធ្វើដែរ ឲ្យតែបានក្រាញអំណាច។ គាត់បានកាត់ទឹកដីខ្មែរយើង ខាងកើត ឲ្យទៅបរទេសដែលបានលើកបន្តុបគាត់ ធ្វើជាមេដឹកនាំអាយ៉ង។ បើស្រលាញ់ជាតិមែន ត្រូវស្រលាញ់ទាំងខាងលិច ទាំងខាងកើត។ មិនត្រូវបើកភ្នែកតែមួយ មើលតែខាងលិចទេ។ ត្រូវបើកភ្នែកមួយទៀត មើលខាងកើតផង“ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក សម រង្ស៊ី ខាងលើនេះ បានធ្វើឡើង ក្រោយពីសម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ផ្តួចផ្តើមគំនិតស្នើឱ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិចារណាក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកសញ្ជាតិជនទាំងឡាយណាដែលគប់គិតជាមួយបរទេស បំផ្លាញជាតិ ។ ការលើកឡើងរបស់សម្តេច ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងជ្រុលនិយមមួយចំនួន នៅក្រៅប្រទេស ដែលដឹកនាំដោយលោក សម រង្ស៊ី បានចេញមុខប្រឆាំងចំពោះផលប្រយោជន៍ជាតិ ក្នុងពេលដែលកម្ពុជា និងថៃ ប្រឈមមុខដាក់គ្នាអំពីបញ្ហាព្រំដែន។ ពួកគេវាយប្រហារលើយោធាកម្ពុជា ព្រមទាំងទាមទារឱ្យរាជរដ្ឋាភិបាល បង្ហាញឯកសារពាក្យបណ្តឹងដែលកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផងដែរ។

សម្តេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា «បើអ្នកប្រឆាំងហើយ បែរជាទៅគប់គិតជាមួយបរទេស ប្រហែលជាមានតម្រូវការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ជាថ្មីទៀត ដែលខ្ញុំសូមផ្តាំផ្ញើទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សិក្សាអំពីការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជា ណាដែលគប់គិតជាមួយបរទេស បំផ្លាញខ្មែរ…»។

ទោះបីជាយ៉ាងណា ឆ្លើយតបនឹងការចោទថា លោកសម រង្ស៊ី បម្រើបរទេស បំផ្លាញប្រយោជន៍ខ្មែរនោះ លោកគឹម សុខ អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ បានលើកឡើងថា លោក សម រង្ស៊ី ស្មោះត្រង់នឹងទឹកដីជាតិកម្ពុជា និងប្រយោជន៍ពលរដ្ឋខ្មែរ ជានិច្ចដរាប ផ្ទុយពីការមួលបង្កាច់របស់បណ្ដាញគណបក្សប្រជាជនកម្ពុជា ។ ជាមួយគ្នានេះ លោកគឹម សុខ និយាយថា ផែនការកែច្បាប់រដ្ឋធម្មនុញ្ញ ដកហូតសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ គឺជាសង្គ្រាមកម្ទេចពលរដ្ឋខ្មែរ ។

លោកគឹម សុខ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា “មានចរន្តពីគណបក្សប្រជាជនកម្ពុជា ដែលបំផុសបំផុល ប៉ងបង្ខូចកិត្តិយសលោក សម រង្ស៊ី ប្រធានក្រុមប្រឹក្សាជាតិតស៊ូ ដោយពួកគេមួលបង្កាច់លោក សម រង្ស៊ី ថាចូលដៃជាមួយថៃ វាយបកលើកម្ពុជា ។

ក្នុងនាមជាអ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ ខ្ញុំសូមជម្រាបប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិថា លោក សម រង្ស៊ី ស្មោះត្រង់នឹងបុព្វហេតុទឹកដីជាតិកម្ពុជា និងប្រយោជន៍ប្រជាពលរដ្ឋខ្មែរ ១០០% និងជានិច្ចដរាប ។ ចំពោះដំណោះស្រាយបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នក្រុមប្រឹក្សាជាតិតស៊ូ និងលោក សម រង្ស៊ី បានបង្ហាញជំហរច្បាស់ និងជំរុញម្ដងហើយម្ដងទៀត ឱ្យរដ្ឋាភិបាលភ្នំពេញ អនុវត្តតាមយន្តការអន្តរជាតិ និងបញ្ចៀសឱ្យបាននូវការផ្ទុះសង្គ្រាមកងទ័ពកម្ពុជា-ថៃ ដែលបង្កវិនាសកម្មធំណាស់លើប្រទេស និងប្រជាពលរដ្ឋជាតិសាសន៍ជិតខាងទាំងពីរ ជាពិសេស ប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរដ៏ក្រីក្រ ។ ទី១. ក្រុមប្រឹក្សាជាតិតស៊ូ និងលោក សម រង្ស៊ី បានជំរុញឱ្យរដ្ឋាភិបាលភ្នំពេញ យកសំណុំរឿងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅប្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ជាបន្ទាន់ ។ ប៉ុន្តែលោក ហ៊ុន សែន និងរដ្ឋាភិបាលភ្នំពេញ នៅបន្តស្ទាក់ស្ទើរខ្លួនឯង ហើយនៅតែប្រឹងផ្សាយបំភ័ន្ដប្រជាពលរដ្ឋខ្មែរ ថាបានប្ដឹងហើយ ។

ទី២. ក្រុមប្រឹក្សាជាតិតស៊ូ និងលោក សម រង្ស៊ី បានជំរុញឱ្យរដ្ឋាភិបាលភ្នំពេញ យកសំណុំរឿងជម្លោះជាច្រើនទៀត ទាំងជាមួយប្រទេសថៃ និងប្រទេសវៀតណាម ទៅប្ដឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ។ សំណុំរឿងបន្ថែមជាមួយថៃ មានច្រកអានសេះ តំបន់ភ្នំទ្រព្យ តំបន់វាលឥន្ទ្រី កោះគុត និងដែនសមុទ្រទំហំ ២៦ ០០០គីឡូម៉ែត្រការ៉េ ។ សំណុំរឿងជាមួយវៀតណាម មានកោះត្រល់ ចង្កោមកោះក្រចកសេះ តំបន់សមុទ្រប្រវត្តិសាស្ត្រ ១០ ០០០ គីឡូម៉ែត្រការ៉េ និងតំបន់សមុទ្រ ៣០ ០០០គីឡូម៉ែត្រការ៉េផ្សេងទៀត ។ ប៉ុន្តែលោក ហ៊ុន សែន និងរដ្ឋាភិបាលភ្នំពេញ មិនហ៊ានធ្វើ ។

ទី៣. ក្រុមប្រឹក្សាជាតិតស៊ូ និងលោក សម រង្ស៊ី បានជំរុញឱ្យរដ្ឋាភិបាលភ្នំពេញ ស្នើទៅសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឱ្យធ្វើការកោះប្រជុំសន្និសីទទីក្រុងប៉ារីសឡើងវិញ ឲ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាកម្ពុជា ដែលរងការឈ្លានពានពីប្រទេសជិតខាង រួមទាំងវិបត្តិផ្ទៃក្នុងជាតិកម្ពុជា ផង ។ ប៉ុន្តែលោក ហ៊ុន សែន និងរដ្ឋាភិបាលភ្នំពេញ មិនហ៊ានធ្វើ ។

ទី៤. ក្រុមប្រឹក្សាជាតិតស៊ូ និងលោក សម រង្ស៊ី បានជំរុញឱ្យរដ្ឋាភិបាលភ្នំពេញ និងលោក ហ៊ុន សែន បង្កើតបរិយាកាសចរចាភាគីជម្លោះខ្មែរទាំងអស់ រកការផ្សះផ្សា បង្រួបបង្រួមជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍ខុសច្បាប់ បញ្ហាសេដ្ឋកិច្ចជាតិ បញ្ហាអត់ការងាររបស់កម្មករ បំណុលវ័ណ្ឌករបស់ពលរដ្ឋ វិបត្តិឧក្រិដ្ឋកម្មឆ្លងដែន ការរំលោកសិទ្ធិមនុស្ស និងការរងគ្រោះរបស់ពលករខ្មែរនៅថៃ ជាដើម ។ ប៉ុន្តែលោក ហ៊ុន សែន និងរដ្ឋាភិបាលភ្នំពេញ មិនធ្វើ ។

ទី៥. ដោយសាររដ្ឋាភិបាលភ្នំពេញ និងលោក ហ៊ុន សែន មិនហ៊ានអនុវត្តនូវគោលការណ៍ប្រតិបត្តិទាំង៤ ខាងលើនេះហើយ បន្ទាប់ពីមានការឈ្លានពានរបស់កងទ័ពថៃ ទើបក្រុមប្រឹក្សាជាតិតស៊ូ និងលោក សម រង្ស៊ី មើលឃើញថា លោក ហ៊ុន សែន និងរដ្ឋាភិបាលភ្នំពេញ គ្មានស្មារតីការពារទឹកដីជាតិកម្ពុជា ពិតប្រាកដទេ ។ ជាក់ស្ដែងណាស់ លោក ហ៊ុន សែន បែរជាប្រឹងបង្កើនកម្តៅជម្លោះរវាងគ្រួសារហ៊ុន និងគ្រួសារលោក ថាក់ស៊ីន ដើម្បីបង្កើនកម្តៅកងទ័ពនៅតាមព្រំដែន ហើយយកទឹកចិត្តលះបង់របស់កងទ័ព ធ្វើជាល្ខោនឃោសនានយោបាយប្រជាភិថុតិជាតិនិយម ទៅទប់ការដួលរលំនៃរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ដែលជះឥទ្ធិពលពីការសម្លាប់ប្រជាធិបតេយ្យ ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រឈមដួលរលំសេដ្ឋកិច្ចជាតិ ។

ទី៦. បណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននៅកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជា នៅពីក្រោយ គឺជាការពិត ដែលកើតមានច្រើនឆ្នាំមកហើយ ហើយសហគមន៍អន្តរជាតិ កំពុងតែប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងក្លា ។ Humanity Research Consultancy ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក អាល្លឺម៉ង និងអង់គ្លេស រកឃើញថ្មីៗនេះថា មានមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាកម្ពុជា ២៨នាក់ ជាមេបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដោយជួលមនុស្សយ៉ាងតិច ១៥០ ០០០នាក់ ឲ្យបម្រើការងារ ។ គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលភ្នំពេញ ត្រូវប្រឹងប្រែងដោះស្រាយវិបត្តិ ដែលបង្កើតឡើងដោយគ្រួសារហ៊ុននេះ ប្រសើរជាងខំឆ្លេឆ្លាលាបពណ៌លោក សម រង្ស៊ី ដែលខ្វល់ខ្វាយពីវិបត្តិជាតិកម្ពុជា ។

ខ្ញុំសូមជម្រាបប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិថា ករណីជាក់ស្ដែង ដែលមិនអាចប្រកែកបាន គឺលោក ហ៊ុន សែន និងរដ្ឋាភិបាលភ្នំពេញ ទៅវិញទេ ដែលកន្លងមក បានគប់គិតចូលដៃជាមួយរដ្ឋាភិបាលថៃ នៃគ្រួសារលោក ថាក់ស៊ីន ធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរ ជាសកម្មជនសិទ្ធិមនុស្ស សកម្មជនសង្គម សកម្មជនបរិស្ថាន សកម្មជននយោបាយ ជាពិសេស ក្រុមអ្នកគាំទ្រលោក សម រង្ស៊ី ដែលជ្រកកោននយោបាយលើទឹកដីថៃ គេចពីការធ្វើបាបដោយក្រុមមនុស្សរបស់លោក ហ៊ុន សែន និងរដ្ឋាភិបាលភ្នំពេញ ។

ការសម្លាប់អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ការវាយដំលើសកម្មជនកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក ស្រ៊ុន ស្រ៊ន និងការប៉ងសម្លាប់សកម្មជនគណបក្សសង្គ្រោះជាតិ លោក ផន ផាន់ណា នៅក្នុងប្រទេសថៃ គឺជាឧទាហរណ៍បញ្ជាក់បី ក្នុងចំណោមសំណុំរឿងឧក្រិដ្ឋកម្មជាច្រើនទៀត ។ ករណីប៉ងសម្លាប់លោក ផន ផាន់ណា មានសំឡេងបញ្ជារបស់លោក ហ៊ុន សែន ជាភ័ស្ដុតាង ដែលបង្ហាញថា លោក ហ៊ុន សែន នៅពីក្រោយការប៉ុនប៉ងឃាតកម្មនេះ ។ ជាការពិត អំពើសហការគ្នានៃការតាមប្រមាញ់សកម្មជនប្រជាធិបតេយ្យខ្មែរ លើទឹកដីថៃ ទើបស្រកសកម្មភាព ពេលគ្រួសារលោក ហ៊ុន សែន និងគ្រួសារលោក ថាក់ស៊ីន មានទំនាស់ផលប្រយោជន៍នឹងគ្នាប៉ុណ្ណោះ“ ។

លោកគឹម សុខ បានសរសេរបន្ថែម នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ថា “គោលដៅលោក ហ៊ុន សែន មិនមែនធ្វើសង្គ្រាមតទល់បរទេសឈ្លានពានទេ ប៉ុន្តែធ្វើសង្គ្រាមកម្ចាត់ខ្មែរ ។ «ផែនការកែច្បាប់ ដកហូតសញ្ជាតិខ្មែរ ពីជនជាតិខ្មែរ» ដោយការចោទប្រកាន់តាមមាត់លោក ហ៊ុន សែន គឺជាសង្គ្រាមកម្ទេចពលរដ្ឋខ្មែរ ។ លោក ហ៊ុន សែន ជាគ្រោះរបស់ប្រទេសកម្ពុជា និងជនជាតិខ្មែរស្លូតត្រង់ ។ គ្រប់គ្រាអាសន្នរបស់ជាតិ លោក ហ៊ុន សែន តែងតែឆ្លៀតកម្ចាត់ខ្មែរ ដើម្បីតែការពារអំណាចគ្រួសារហ៊ុន ។ សូម្បីតែសម័យកូវីដ លោក ហ៊ុន សែន បញ្ជាឲ្យធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ត្រៀមបញ្ជាកម្លាំងបំផ្លាញខ្មែរ អ្នកប្រជាធិបតេយ្យ និងពលរដ្ឋខ្មែរ រងគ្រោះ“ ៕ កុលបុត្រ

RELATED ARTICLES