ភ្នំពេញ ៖ តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប បានសម្រេចចិត្តដឹកដៃគូស្នេហ៍ជាប្រុសក្មេង រូបសង្ហា ចូលរោងការ ដោយមានការចូលរួមពីសាច់ញាតិ ចាស់ទុំទាំងសងខាង និងមិត្តភក្តិរួមអាជីពសិល្បៈជាច្រើនផងដែរ ខណៈដែលតារាភេទទី៣ រូបនេះ បានភ័យបារម្ភខ្លាចភ្ញៀវមកមិនគ្រប់ចំនួន ខាតលុយច្រើន ព្រោះខ្លួនជាអ្នកចេញលុយរៀបការទាំងស្រុង តែទោះបីជាប្តីក្មេង អត់លុយ១រៀល ក៏អត់បញ្ហា ព្រោះអូនស្រលាញ់បង…។

ពិធីមង្គលការរបស់តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប ជាមួយប្តីក្មេង ឈ្មោះ ប្រុស ធិ នេះ ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ មានវីដេអូ និងរូបភាពជាច្រើន ត្រូវបានបង្ហោះ និងចែករំលែកតាមបណ្តាញសង្គម បង្ហាញពីពិធីមង្គលការ តារាភេទទី៣ ម៉ែ វ៉ែប ដោយអ្នកប្រើប្រាស់បណ្តាញសង្គម ពិសេសមិត្តភក្តិក្នុងរង្វង់សិល្បៈ ក្នុងនោះមានការបញ្ចេញមតិ អបអរសាទរ និងរិះគន់ លេងសើច ជាបន្តបន្ទាប់ ប៉ុន្តែយ៉ាងណាក្តី សាមីខ្លួនតារាភេទទី៣ ម៉ែ វ៉ែប មិនបានបញ្ចេញប្រតិកម្មអ្វីនោះឡើយ និងថែមទាំងចេញមកបញ្ជាក់ថា មង្គលការជាមួយប្រុសក្មេងនេះ គឺខាងប្រុស អត់មានលុយ១រៀលទេ តែក្តីស្រលាញ់ធំជាងលុយ ទើបសាមី ខ្លួនភេទទី៣ ដែលដើរតួជាប្រពន្ធ ហ៊ានចេញលុយរៀបចំពិធីរៀបការទាំងស្រុងតែម្នាក់ឯង។

កូនក្រមុំ ម៉ែ វ៉ែប បានសរសេរក្នុងគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា “អារម្មណ៍អរ សប្បាយចិត្ត ពេលបានប្តី ប៉ុន្តែចិត្តគិតថា ខ្លាចភ្ញៀវមកមិនអស់ ហើយខាត អត់លុយសងគេ ព្រោះការនេះ ចេញលុយខ្លួនឯង ខាងប្រុសអត់មានសូម្បី ១០០លុយខ្មែរ តែអូនស្រលាញ់បង…”។

តារាភេទទី៣ ជាកូនក្រមុំ បានបន្តថា “ថ្ងៃយើងការ គឺជាថ្ងៃដែលយើងហត់ខ្លាំងបំផុត អញ្ចឹងប្តីត្រូវសន្យាថា មើលថែអូនរហូតណាប្តីសម្លាញ់…”។
តារាភេទទី៣ ម៉ែ វ៉ែប ក៏បានអរគុណបងប្អូន សាច់ញាតិ ភ្ញៀវកិត្តិយស និងមិត្តភក្តិទាំងអស់ ដែលបានមកចូលរួមពិធីរៀបការរបស់ខ្លួនផងដែរ។

ដោយឡែក តារាភេទទី៣ ល្បីឈ្មោះ កពៅ សារ៉ែន ហៅម៉ាដូណា បានធ្វើការចែករំលែករូបភាពមង្គលការរបស់មិត្តរួមអាជីព ម៉ែ វ៉ែប ជាមួយសំណេរថា “បងឃើញមុខប្អូនប្រុស ស្លេកណាស់ បងសុំជូនពរប្អូនប្រុសដែលបានស្រីសូគ៌ាមកពីនរក ម៉ែ វ៉ែប ម្នាក់នេះ សូមឱ្យប្អូនឆ្លងផុតនៅវាល៣ អន្លង់៤ និងចៀសពីគ្រោះឧបទ្រុបទាំងពួង បើអាចបាន ពេលប្អូនប្រុសសែនចងដៃហើយ និមន្តលោក ៧វត្ត មករំដោះគ្រោះផង។ មួយទៀត បងសុំស្គាល់សម្អាងការដែលតែងឱ្យប្អូនទាំង២ផង ដើម្បីស្នើទៅក្រសួង ឱ្យដាក់ចូលសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក…”។

គួរបញ្ជាក់ថា តារាកំប្លែងភេទទី៣ ម៉ែ វ៉ែប កំពុងមានប្រជាប្រិយភាពខ្ពស់ និងការចាប់អារម្មណ៍ខ្លាំង នាពេលបច្ចុប្បន្ន ក្រោយសម្រក ទម្ងន់បានជាង ៤០គីឡូក្រាម (ពី១២០គីឡូ មកនៅ៧៨គីឡូ) រហូតទទួលបានប្រាក់រង្វាន់ពីម្ចាស់ប្រេន ចំនួនទឹកប្រាក់ ១ម៉ឺនដុល្លារ ស្រាប់តែនៅថ្ងៃចុះកុងត្រាធ្វើជា BA ផលិតផល និងទទួលប្រាក់រង្វាន់ ១ម៉ឺនដុល្លារ តារាកំប្លែងភេទទី៣ រូបនេះ បានប្រកាសបង្ហាញមុខគូស្នេហ៍ និងឈានដល់ដឹកដៃគ្នាចូលរោងការតែម្តង៕ ដារិទ្ធ

