Tuesday, July 1, 2025
Homeព័ត៌មានជាតិរំលឹកប្រវត្តិសាស្ត្របាត់ទឹកដី សហការីកឹម សុខា ថាសៀម មិនចោលក្បួន យួន មិនចោលពុត

រំលឹកប្រវត្តិសាស្ត្របាត់ទឹកដី សហការីកឹម សុខា ថាសៀម មិនចោលក្បួន យួន មិនចោលពុត

ភ្នំពេញ ៖ ស្របពេលដែលកម្ពុជា កំពុងមានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ និងក្រោយពេលដែលអតីតនាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បញ្ចេញឃ្លីបសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីថៃ រឿងបើកច្រកព្រំដែន ធ្វើឲ្យមានប្រតិកម្មខ្លាំងពីអ្នកជាតិនិយមថៃ ស្ថាប័នព្រឹទ្ធសភា និងខាងកងទ័ព ដោយសារនាយករដ្ឋមន្ត្រីថៃ បានវាយប្រហារទៅលើមេទ័ពភូមិភាគ២ តែនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ថាជាតាក់ទិកក្នុងការចរចា ហើយបានងាកទៅពង្រឹងភាពស្និទ្ធស្នាលជាមួយមេយោធាភូមិភាគ២ ដែលចង់បង្កសង្គ្រាមឈ្លានពានទឹកដីកម្ពុជា នោះ សហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បានរំលឹកពីប្រវត្តិសាស្រ្តរបស់កម្ពុជា នៃការបាត់បង់ទឹកដីទៅប្រទេសជិតខាង ដោយបានលើកឡើងនូវសុភាសិតថា «សៀម មិនចោលក្បួន យួន មិនចោលពុត» ។

លោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកកឹម សុខា ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សៀម មិនចោលក្បួន យួន មិនចោលពុត។ ក្នុងប្រវត្តិសាស្ត្រ តើមានជនជាតិសៀម ណាសុខចិត្តក្បត់ជាតិគេ មកបម្រើប្រយោជន៍ជាតិខ្មែរយើងឬទេ? ហេតុអីខ្មែរយើងម្នាក់ៗ គិតបែបសុទិដ្ឋិនិយមម្ល៉េះ ចំពោះស្រ្តីនាយករដ្ឋមន្ត្រីថៃ រូបនេះ? ដូចជា នាយករដ្ឋមន្ត្រី អត់អំណាច, ពួកយោធាឬក្រុមអាមាត្យ ធ្វើរដ្ឋប្រហារ ដកតំណែង ឬបង្ខំឲ្យលាលែង…។ល។ ហេតុអីយើងមិនគិតផ្ទុយពីនេះ បែបទុទ្ទិដ្ឋិនិយមវិញថា គេចែកគ្នាដើរតួសម្ដែង និងប្រើគ្រប់មធ្យោបាយ ឈ្លោះគ្នា ឬមិនទុកចិត្តគ្នា ក្នុងបំណងបោកបញ្ឆោតមេដឹកនាំខ្មែរ ដើម្បីប្រយោជន៍ជាតិរបស់គេ ឬគេកំពុងប្រើគាត់ ឲ្យចូលក្បែរមេដឹកនាំខ្មែរ ដើម្បីស្ទាបស្ទង់…” ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកហ៊ីង សុខសាន្ត បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ថា ការលើកឡើងពីពាក្យស្លោក “សៀម មិនចោលក្បួន យួន មិនចោលពុត” ដែលដូនតាបានផ្ដាំទុកនេះ លោកគ្រាន់តែចង់បញ្ជាក់ថា ទោះបីយ៉ាងម៉េចក៏ដោយ យើងនៅតែជាខ្មែរ ដូចគ្នាទេ យើងមានភាសាតែមួយ មានឈាមជ័រតែមួយ មានសាសនាតែមួយ ត្រូវតែស្រលាញ់គ្នា ជឿគ្នាទៅវិញទៅមក ជាជាងជឿបរទេស ព្រោះឥឡូវ មានខ្មែរយើងខ្លះ ជឿបរទេស ជាជាងជឿខ្មែរ ហើយមកធ្វើបាបខ្មែរគ្នាឯង ហើយចុងក្រោយ គឺខ្លួនឯងហ្នឹងហើយ ដែលត្រូវបរទេសប្រើ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ថា “ហ្នឹងហើយ! ទាក់ទងនឹងរឿងប្រវត្តិសាស្រ្ត ដូចខាងដូនតារបស់យើងបានពញ្ញាក់ស្មារតីយើងអ្នកជំនាន់ក្រោយ តគ្នាមកហ្នឹង មានពាក្យស្លោកថា “សៀម មិនចោលក្បួន យួន​ មិនចោលពុត” ហ្នឹង ។ ដូច្នេះខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ក្នុងកាលៈទេសៈណាក៏ដោយ ទោះបីគេមានទស្សនៈផ្ទុយគ្នា គេមានគោលដៅអីដូចគ្នាក៏ពិតមែន ប៉ុន្តែពេលគេមានរឿងរ៉ាវ ជួនកាលគេអាចសម្ដែងនេះ សម្ដែងនោះ ដើម្បីបោកបញ្ឆោតខ្មែរ ដើម្បីសម្លាប់ខ្មែរ ក៏ថាបានដែរ ។ អ៊ីចឹងគេមិនដែលឈ្លោះគ្នា ដើម្បីបង្ហិនជាតិគេទេ គេឈ្លោះគ្នា តែគេចំណេញ ។ អ៊ីចឹងគ្រាន់តែចង់ឲ្យកូនខ្មែរយើង​ កុំជឿបរទេសជិតខាងហ្នឹង ជាជាងជឿខ្មែរគ្នាឯង ។ ខ្ញុំគ្រាន់តែចង់បញ្ជាក់អ៊ីចឹងថា ខ្មែរយើង ទោះបីម៉េចក៏ដោយ យើងនៅតែខ្មែរ ដូចគ្នាទេ យើងមានភាសាតែមួយ យើងមានឈាមជ័រតែមួយ យើងមានសាសនាតែមួយ យើងក្នុងនាមពលរដ្ឋខ្មែរ យើងត្រូវតែស្រលាញ់គ្នា ជឿគ្នាទៅវិញទៅមក ជាជាងជឿបរទេស ព្រោះឥឡូវមានខ្មែរយើងខ្លះ ជឿបរទេស ជាជាងជឿខ្មែរ ហើយមកធ្វើបាបខ្មែរគ្នាឯង ហើយចុងក្រោយ គឺខ្លួនឯងហ្នឹងហើយ ដែលត្រូវបរទេសប្រើអ៊ីចឹង ។ អ៊ីចឹងយើងចៀសវាងរឿងហ្នឹង អ្វីដែលខ្ញុំចង់បញ្ជាក់កន្លែងហ្នឹង“ ។

លោកហ៊ីង សុខសាន បានមានប្រសាសន៍បន្តថា “ហើយថ្មីៗនេះ អ្នកដែលជឿផ្កាប់មុខខាងគណបក្សកាន់អំណាច ឬរដ្ឋាភិបាលកម្ពុជា ទៅ ថាឃ្លីបសំឡេងសន្ទនារវាងលោកហ៊ុន សែន និងនាយករដ្ឋមន្រ្តីថៃ ផែថងថាន ហ្នឹង នឹងធ្វើឲ្យថៃ ហ្នឹងរង្គោះរង្គើ បែកបាក់ជាតិ តែយើងមើលជាក់ស្ដែង មានបែកបាក់ជាតិគេពីណាមក? ចុងក្រោយ គេឱបក្រសោបគ្នា ហើយគេធ្វើសកម្មភាពទៅមើលព្រំដែនជាមួយគ្នា ធ្វើមិនដឹង ។ នេះបញ្ជាក់ថា គេរួមគ្នាសម្ដែង ដើម្បីមកបោកបញ្ឆោតខ្មែរ ទៅវិញទេ ហើយយើងថា ឃ្លីបសំឡេងហ្នឹង ធ្វើឲ្យគេបែកបាក់ជាតិ អ៊ីចឹងបើគេបែកបាក់ជាតិមែន អ៊ីចឹងមានន័យថា គេដើរតាមសេណារីយ៉ូរបស់យើងហើយ ។ អ៊ីចឹងគេមិនមែនភ្លើទេ គេមានតែឱបក្រសោបលើសដើម ។ អ៊ីចឹងយើងឃើញជាក់ស្ដែង គេមិនត្រឹមតែមិនធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្រ្តីថៃ ហ្នឹងទេ គេបែរជាលើកតម្កើងនាយករដ្ឋមន្រ្តីថៃហ្នឹង ដើរធ្វើសកម្មភាពជាមួយគ្នាទៅវិញទៀត ព្រោះគេយល់ថា បើសិនជាគេទម្លាក់នាយករដ្ឋមន្រ្តីថៃ បែកបាក់ជាតិ បានន័យថា គេធ្វើតាមអ្វីដែលជាសេណារីយ៉ូរបស់ហ៊ុន សែន ចង់បាន មិនអ៊ីចឹង? ដូច្នេះគេមិនភ្លើទេ គេមានតែឱបក្រសោបគ្នាលើសដើមនោះ ។ ដូច្នេះយើងកុំមើលស្រាលគេ គេមិនមែនល្ងង់ទេ ហើយទោះបីយ៉ាងម៉េចក៏ដោយ គេនៅតែឱបក្រសោបគ្នាគេ ដើម្បីប្រយោជន៍ជាតិហ្នឹងឯង ។ អ៊ីចឹងយើងកុំសូវជឿលើបរទេសពេក ដូនតាយើងបានផ្ដាំហើយថា សៀម វាមិនចោលក្បួន យួន វាមិនចោលពុតអ៊ីចឹងឯង“ ៕ កុលបុត្រ

RELATED ARTICLES