ភ្នំពេញ ៖ ក្មេងស្រីតូចម្នាក់ អាយុប្រមាណ ៣ខែ ត្រូវបានយកមកទុកចោលនៅក្រោមស្ពានអាកាស ផ្សារដីហុយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចខាងក្រោមស្ពានអាកាសផ្សារដីហុយ ជិតប៉ុស្តិ៍យាម២៤ម៉ោង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ មានអ្នករត់ម៉ូតូកង់បីម្នាក់ បានធ្វើ ដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ខាងក្រោមស្ពានអាកាសផ្សារដីហុយឮសំឡេងក្មេងយំ ក៏បានចុះទៅមើល រួចទៅប្រាប់អ្នកសារព័ត៌មាន ដែលនៅជិតកន្លែងកើត ហេតុ ឱ្យជួយទាក់ទងទៅនគរបាលប៉ុស្តិ៍សង្កាត់ទឹកថ្លា ភ្លាមៗ។ បន្ទាប់មក មានកម្លាំងនគរបាលប៉ុស្តិ៍ ចុះមកដល់ ឃើញក្មេងស្រីតូច ដេកនៅលើកម្រាលកៅស៊ូ មានក្រណាត់កន្សែងរុំ ពាក់អាវពណ៌ក្រហម អត់មានខោ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ភ្លាមៗនោះ កម្លាំងនគរបាលប៉ុស្តិ៍ បានទាក់ទងទៅអាជ្ញាធរសង្កាត់ ចុះមកអន្តរាគមន៍ភ្លាមៗ។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍ និងបងប្អូនប្រជាពលរដ្ឋ បានយកក្មេងស្រីតូចខាងលើទៅផ្ទះអាជ្ញាធរសង្កាត់ទឹកថ្លា ដើម្បីរង់ចាំប្រគល់ឲ្យមន្ត្រីសង្គមកិច្ច ចាត់ចែងតាមនីតិវិធីបន្ត៕
