ភ្នំពេញ ៖ អាហារដ្ឋានមួយកន្លែង ជារបស់តារាសម្តែង និងជាគ្រូក្បាច់គុនល្បុក្កតោ កញ្ញា អ៊ិត កន្និកា ហៅពេជ្រ ចរណៃ ដែលទើបនឹងជួលទីតាំង រៀបចំត្រៀមបើកដំណើរការក្នុងពេលដ៏ខ្លីខាងមុខ បែរជាជួបរឿងអកុសល ត្រូវអគ្គិភ័យឆាបឆេះ បំផ្លាញអស់ទាំងស្រុង ត្រឹមតែមួយប៉ប្រិចភ្នែក ធ្វើឱ្យតារាសម្តែងរូបនេះ ត្រូវខាតបង់គិតជាទឹកប្រាក់អស់ប្រមាណកន្លះលានដុល្លារ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៤៥នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នៅត្រង់ចំណុចអាហារដ្ឋាន «ពេជ្រ ចរណៃ ល្បុក្កតោ» មានទីតាំងស្ថិតនៅក្បាលដីលេខ៧៤ តាម បណ្តោយផ្លូវ៣១៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀម និងមានផ្សែងចេញពីក្នុងហាងពេជ្រ ចរណៃ ល្បុក្កតោ ភ្លាមៗក៏មានពលរដ្ឋបានរត់ស្ទុះមកមើល ឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទៅហើយ រួចក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះអន្ត រាគមន៍ ដោយបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៥គ្រឿង ដើម្បីបាញ់ទឹកពន្លត់ ដោយក្នុងនោះ កម្លាំងជំនាញ បានប្រើប្រាស់ទឹកបាញ់ពន្លត់ អស់ចំនួន៣ឡាន ស្មើនឹង១៨ម៉ែត្រគូប ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៩និង២០នាទីយប់ ថ្ងៃដដែល។ ចំពោះមូលហេតុ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី និងបង្កឱ្យខូចខាតសម្ភារៈក្នុងអាហារដ្ឋានខាងលើ អស់ស្ទើរទាំងស្រុងតែម្តង។

ក្រោយកើតមានករណីអគ្គិភ័យនេះ កញ្ញាអ៊ិត កន្និកា ហៅពេជ្រ ចរណៃ បានចេញមុខបញ្ជាក់ថា ទីតាំងហាងដែលត្រូវបានអគ្គិភ័យឆេះ គីជាហាងរបស់នាងប្រាកដមែន តែជាទីតាំងដែលនាងជួលគេ ដើម្បីបើកហាង ហើយពេលកើតហេតុ នាងទើបនឹងចេញផុតប្រមាណតែ ១០នាទីប៉ុណ្ណោះ ក៏កើតមានគ្រោះអកុសលនេះឡើងតែម្តង។
កញ្ញា ពេជ្រ ចរណៃ បានសរសេររៀបរាប់នៅលើហ្វេសបុកផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ថា “សូមអរគុណ បងប្អូនទាំងអស់គ្នា ដែលបារម្ភពីសុវត្ថិភាពរបស់ខ្ញុំ ក្នុងករណីភ្លើងឆេះហាងរបស់ខ្ញុំ នៅមុននេះ! ពេលនេះ ខ្ញុំមិនមានរងរបួសអ្វីទេ តែហាងឆេះទាំងស្រុងហើយ សូមអរគុណបងប្អូនទាំងអស់គ្នាណាស់”។
បន្ទាប់មកនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ កញ្ញាពេជ្រ ចរណៃ បានបង្ហោះវីដេអូមួយ បង្ហាញពីស្ថាន ភាពហាងរបស់នាង ដែលត្រូវភ្លើងឆេះបំផ្លាញអស់ ភ្ជាប់ជាមួយសំណេរថា “នាងខ្ញុំសូមអរគុណដល់ថ្នាក់ដឹកនាំ បងៗកងកម្លាំង ដែលជួយអន្តរាគមន៍ក្នុងករណីអគ្គិភ័យកាលពីយប់មិញ នៅក្នុងហាងរបស់នាងខ្ញុំ ហើយក៏សូមអភ័យទោសចំពោះម្ចាស់ផ្ទះជួល សង្ឃឹមថាម្ចាស់ផ្ទះ នឹងមានការយោគយល់ និងទុកឱកាសឱ្យនាងខ្ញុំបានសម្រួ លលើរឿងនេះ ដោយទឹកចិត្តស្រឡាញ់រាប់អាន ហើយក៏សូមអរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមជួយគាំទ្រ លើកទឹកចិត្ត និងមានការបារម្ភចំពោះនាងខ្ញុំ ក៏ដូចជាគ្រួសារ…”។
កញ្ញាពេជ្រ ចរណៃ បានសរសេរបន្ថែមក្នុងខម្មិនថា «នាងខ្ញុំ ពេជ្រ ចរណៃ សូមអរគុណលោកគ្រូ អ្នកគ្រូ បង ប្អូន សិស្សគុន និងពុកម៉ែ បងប្អូនទាំងអស់ ដែលបារម្ភ និងផ្ដល់កម្លាំងចិត្ត រួមទាំងជួយឧបត្ថម្ភ ជួយដល់នាងខ្ញុំ»។

ជាមួយគ្នានេះ តាមរយៈវីដេអូ រយៈពេលជាង៣នាទី កញ្ញា ពេជ្រ ចរណៃ បានរៀបរាប់ពីករណីអគ្គិភ័យ ឆេះហាងរបស់នាងខាងលើនេះថា “នេះជាទិដ្ឋភាព នៅក្នុងអាហារដ្ឋានរបស់នាងខ្ញុំ ដែលមានការឆាបឆេះ កាលពីយប់មិញ ដែលបងប្អូន អ៊ំពូមីង បានឃើញតាមរយៈការចុះផ្សាយតាមបណ្តាសារព័ត៌មាន ពេលនេះដែរនាងខ្ញុំមានតែម្រាមដៃដប់ សូមអរគុណទៅដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បងៗកម្លាំងសមត្ថកិច្ច ទាំងខាងពន្លត់អគ្គិ ភ័យ និងជួយសម្រួលផ្សេងៗ ក្នុងការជួយពន្លត់អគ្គិភ័យឆាបឆេះហាងរបស់ខ្ញុំ យប់មិញ ហើយក៏អរគុណដល់បងប្អូន អ៊ំពូមីងទាំងអស់គ្នា ដែលមានការអាណិត និងមានការព្រួយបារម្ភពីសុខសុវត្ថិភាពរបស់នាងខ្ញុំ។ ពេលនេះ ខ្ញុំជាមួយនិងក្រុមគ្រួសារខ្ញុំ ម៉ាក់ខ្ញុំអី អត់មានអ្នកណារងរបួសធ្ងន់អីទេ គ្រាន់តែយើងមានការខូចខាតនៅ ក្នុងអាហារដ្ឋានទាំងស្រុង ដូចដែលបងប្អូនបានឃើញហើយ…”។
កញ្ញាពេជ្រ ចរណៃ បានបន្តថា “វីដេអូមួយនេះដែរ ខ្ញុំសូមឆ្លើយតបទៅនឹងសំណួរជាច្រើនថា តើហាងខ្ញុំនេះ មានការឆាបឆេះហ្នឹង ដោយសារអី? ខ្ញុំសូមឆ្លើយជូន ដោយសារតែមានការភាន់ច្រឡំមួយចំនួន តាមរយៈបងប្អូនដែលមានការសង្ស័យផ្សេងៗ អ៊ីចឹងខ្ញុំសូមបញ្ជាក់ជូនថា ឆេះ ហាងនេះ គឺជាឧបទ្ទវហេតុមួយ ដែលយើងនឹកស្មានមិនដល់ ហើយវាឆាបឆេះលឿនមែនទែន ដែលបង្កពីការទុស្សេខ្សែភ្លើង អ៊ីចឹងវាធ្លាក់ពិតាន ពីលើមក ហើយវាធ្លាក់មកលើសាឡុង អ៊ីចឹងវាឆេះរាលដាលខាងលើ ដែលបំពាក់នូវអេប៉ុងសាឡីកែវ ដើម្បីកាត់បន្ថយកម្តៅ កាត់បន្ថយសំឡេង កុំឱ្យឮសំឡេងរំខានខ្លាំង ដែលធ្វើឱ្យមានការឆាបឆេះលឿនមែនទែន។ ហើយមួយវិញទៀត នៅពេលដែលពិតានហ្នឹងធ្លាក់មកលើសាឡុង គឺសាឡុងនេះ សុទ្ធតែជាគ្រឿងពូក គ្រឿងដែលឆាប ឆេះលឿន អ៊ីចឹងអាខាងលើក៏ឆេះរាលដាល អាខាងក្រោមក៏ឆេះរាលដាល លឿនមែនទែន ត្រឹមតែរយៈពេល ១០នាទី គឺឆេះនៅកន្លែងនេះទាំងមូល…”។

កញ្ញាពេជ្រ ចរណៃ បានបន្តទៀតថា “សរុបរួមមកវិញ ខ្ញុំសូមបញ្ជាក់ជូនអ៊ំពូមីង បងប្អូនថា នេះគឺជារឿងហេតុ ការណ៍ពិត ដែលខ្ញុំជាម្ចាស់ហាង និយាយចេញទៅ អ៊ីចឹងសូមអ៊ំពូមីង បងប្អូន កុំមានការយល់ច្រឡំ ឬមានការសន្និដ្ឋានអីផ្សេងៗ ដើម្បីចៀសវាងការយល់ច្រឡំណាមួយ។ ហើយមួយវិញទៀត នាងខ្ញុំមានតែម្រាមដៃដប់ សំពះសុំទោស និងអរគុណទៅដល់ម្ចាស់ទីតាំង និងសុំឱ្យម្ចាស់ទីតាំង មានការយោគយល់មកដល់នាងខ្ញុំ នាងខ្ញុំមានទំនួលខុសត្រូវច្បាស់លាស់ នាងខ្ញុំនឹងជួសជុលរៀបចំហាងឡើងវិញ។ ប៉ុន្តែនាងខ្ញុំសូមទុកពេលឱ្យនាងខ្ញុំមួយរយៈ ដើម្បីឱ្យនាងខ្ញុំធ្វើការរៀបចំនិងជួសជុលហាងនេះឡើងវិញ…”៕
