ខេត្តបាត់ដំបង ៖ ផ្ទះរបស់ប្រជាពលរដ្ឋ ១៦ខ្នង និងសាលាឆាន់ ១ខ្នង ត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់វាយ ប្រហារ កាលពីល្ងាចថ្ងៃទី១៧ មិថុនាឆ្នាំ២០២៥ នៅភូមិកោះថ្កូវ ឃុំគារ ស្រុកមោងឫស្សី តែមិនបង្កឱ្យមានគ្រោះ ថ្នាក់ដល់មនុស្សនោះទេ។

តាមប្រភពមន្ត្រីរដ្ឋបាលស្រុកមោងឫស្សី បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់១មេ លាយឡំជាមួយនូវខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើលំនៅឋានប្រជាពលរដ្ឋ និងសាលាឆាន់ នៅក្នុងវត្ត បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់។

ប្រភពដដែល បន្តថា ក្រៅពីខូចខាតផ្ទះសម្បែង ក៏មានដើមឈើបាក់រលំ គ្រប់លើដងផ្លូវ និង សង្កត់ផ្ទះដែរ តែពុំមានគ្រោះថ្នាក់ដល់មនុស្សទេ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច ដែលបានចុះទៅកាន់កន្លែងកើតហេតុ បានឱ្យដឹងថា លំនៅឋានរបស់ប្រជាពលរដ្ឋ ចំនួន១៦ខ្នង និងសាលាឆាន់នៅក្នុងវត្ត ១ខ្នង បានរងការខូចខាត ដែលភាគច្រើនរបើ់កដំបូល។ បង្គោលដែកសម្រាប់បំពាក់មេក្រូ នៅក្នុងវត្ត ១ក៏ដួលរលំដែរ ថែមទាំងធ្វើខូចខាតមេក្រូ ចំនួន២ទៀត។

តាមអ្នកភូមិបានឱ្យដឹងថា ភ្លៀងហាក់មិនសូវធ្លាក់ខ្លាំងប៉ុន្មានទេ តែខ្យល់កន្ត្រាក់បានវាយប្រហារខ្លាំងត្រិម រយៈ ពេលមួយប៉ប្រិចភ្នែក បំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងភូមិ ខូចខាតយ៉ាងធ្ងន់។ យ៉ាងណា ពេលនេះអាជ្ញាធរដែនដីនិងមន្ត្រីជំនាញ បាននិងកំពុងចុះពិនិត្យ ស្ថានភាពនៅកន្លែងកើតហេតុ ដើម្បីធ្វើរបាយការណ៍សុំជំនួយបឋមពីថ្នាក់លើ ជួយដល់គ្រួសាររងគ្រោះ៕
