Wednesday, June 18, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃ.../ខ្នោះឧក្រិដ្ឋជន ជួញថ្នាំញៀនជាង៤គីឡូ

វ៉ៃ…/ខ្នោះឧក្រិដ្ឋជន ជួញថ្នាំញៀនជាង៤គីឡូ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួន ដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ប្រមាណជាង៤គីឡូ ក្រាម។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

ឧក្រិដ្ឋជនគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចជំនាញចាប់ខ្លួនបាន មានឈ្មោះ ផន សុភា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរង ទទួលដឹកនាំមន្ទីរប្រឆាំងបទ ល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿន ញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រភពដដែល បន្តថា ប្រតិបត្តិការខាងលើ ធ្វើឡើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ដោយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំនិងសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក គឹមហុងសាន បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូននិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវបេតុង ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជាលទ្ធផល ចាប់ខ្លួនជនល្មើស ១នាក់ ឈ្មោះ ផន សុភា និងដកហូតវត្ថុតាង គ្រឿងញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់៧០៧,៥៩ ក្រាម។ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់ ២០៦៦,០៥ក្រាម។ គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (WY,ICE) ទម្ងន់ ១២៩២,០៥ក្រាម។ សរុបរួម សារធាតុញៀន ទម្ងន់ជាង៤គីឡូក្រាម។

ជនល្មើសនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES