Tuesday, June 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្នាល់បា.../ញ់-មិនបា---/ញ់? ដាក់ស្រាបៀរ មេហៅដាក់វិន័យ

ភ្នាល់បា…/ញ់-មិនបា—/ញ់? ដាក់ស្រាបៀរ មេហៅដាក់វិន័យ

ខេត្តបន្ទាយមានជ័យ ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បានសម្រេចដាក់ទណ្ឌកម្មវិន័យលើមន្ត្រីនគរបាល ១រូប ដែលយករឿងប្រទេសជាតិ  ទៅភ្នាល់ដាក់ស្រាបៀរ ១កេស បង្ហោះតាមបណ្តាញសង្គម ភ្នាល់ថាខ្មែរ-ថៃ បាញ់គ្នាឬមិនបាញ់?…។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២១និង០៨នាទី មានគណនី Facebook ឈ្មោះ Dok Det សរសេរបង្ហោះថា “ភ្នាល់ ខ្មែរ-ថៃ Boom! ខ្ញុំចាញ់ ១កេស ខ្មែរ-ថៃ អត់ Boom! ឈ្នះ១កេស” ការយករឿងរ៉ាវស្ថាន ការណ៍របស់ប្រទេសជាតិ មកភ្នាល់គ្នាលេងជាល្បែងកម្សាន្តនេះ បានទទួលរងនូវការរិះគន់ពីសំណាក់ប្រជា ពលរដ្ឋ ដែលនិយមលេងប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម និងប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គ ភាព។

ឆ្លើយតបក្នុងករណីនេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូម ជម្រាបជូនដល់សាធារណជនជ្រាបថា តាមការស្រាវជ្រាវ ម្ចាស់គណនី Facebook ឈ្មោះ Dok Det ជាកម្មសិទ្ធិរបស់លោកអនុសេនីយ៍ត្រី ដុក ដេត អត្តលេខ ៨៩១៩៥ ឋានៈមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលគំរូ នៃអធិការដ្ឋាននគរបាលស្រុកថ្មពួក។ ក្រោយពីការសាកសួរ លោកអនុសេនីយ៍ត្រី ដុក ដេត បានទទួលស្គាល់ថា លោកពិតជាបានបង្ហោះខ្លឹមសារទាំងអស់នោះមែន ប៉ុន្តែលោកពុំមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គភាពនោះទេ លោកបានដឹងអំពីកំហុស ព្រមទទួលខុស និងបានលុបការបង្ហោះខ្លឹមសារទាំងនោះចេញវិញ។

ការបង្ហោះខ្លឹមសាររបស់លោកអនុសេនីយ៍ត្រី ដុក ដេត បានធ្វើឱ្យអាប់ឱនដល់កិត្តិយស តម្លៃ និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិ ក្នុងការបំពេញអាជីពរបស់ខ្លួន ពោលគឺមន្ត្រីនគរបាលជាតិ ត្រូវកំណត់នូវសិទ្ធិសេរី ភាពក្នុងឆន្ទៈផ្ទាល់ខ្លួន ឱ្យបានសមស្រប ដើម្បីឱ្យប្រជាពលរដ្ឋមើលឃើញអំពីឧត្តមភាព កិត្តិយស និងតម្លៃរបស់នគរបាលជាតិកម្ពុជា។ ឆ្លើយតបចំពោះកំហុសឆ្គងខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន ជ័យ បានអនុវត្តទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះលោកអនុសេនីយ៍ត្រី ដុក ដេត ស្របតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្តីពីបទវិន័យនគរបាលជាតិកម្ពុជា ចុះថ្ងៃទី៥ មីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណចំពោះសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម»…៕

RELATED ARTICLES