Sunday, June 15, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្កាយ៣ ស ថាវី តុលាការបង្គាប់ឱ្យចូលខ្លួន ករណីឆបោក ទិញដីជាង១០ហិកតារ

 ផ្កាយ៣ ស ថាវី តុលាការបង្គាប់ឱ្យចូលខ្លួន ករណីឆបោក ទិញដីជាង១០ហិកតារ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យចូលខ្លួនទៅតុលាការ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពាក់ព័ន្ធករណីឆបោក ទិញដីជាង១០ហិកតារ នៅសង្កាត់ ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ក្នុងដីកាបង្គាប់ឱ្យចូលខ្លួន ដែលចេញដោយលោកកូយ សៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា លោក ស ថាវី បានទទួលប្រាក់ពីគេ ចំនួន២០ម៉ឺនដុល្លារ នៅអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ក្នុងអំពើឆបោក តាមរយៈការទិញ-លក់ដី ជាង១០ហិកតារ ដែលមានទីតាំងស្ថិតនៅភូមិសំរោង ភូមិសំរោងជើង ភូមិសំរោងត្បូង និងភូមិសំរោងកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ដែលជននេះអះអាងថា ដីនោះជាកម្មសិទ្ធិរបស់ខ្លួន បានពី ការប្រមូលទិញពីប្រជាពលរដ្ឋ។

ដីកាដដែល បានព្រមានថា ក្នុងករណីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ស ថាវី មិនចូលខ្លួនទៅកាន់តុលាការទេនោះ ចៅក្រមស៊ើបសួរ នឹងចេញដីកាបង្គាប់ឱ្យនាំខ្លួនតែម្តង។

សូមរំលឹកថា លោក ស ថាវី ជាមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ ដែលធ្លាប់មានឈ្មោះនៅក្នុងបញ្ជីរបស់តុលាការ ហើយក៏ធ្លាប់ត្រូវបានតុលាការខេត្តសៀមរាប កោះហៅផងដែរ នាពេលកន្លងទៅ ពាក់ព័ន្ធករណីឆបោក ក្នុងសំណុំរឿង ជាមួយអតីតឧកញ៉ា ឡេង ចាន់ណា កាលពី២០២៤។

ដោយឡែកនៅឆ្នាំ២០២០ លោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងបក្ខពួកមួយចំនួនទៀត ពាក់ព័ន្ធនឹងការលួចលក់ដី មិនមែនជារបស់ខ្លួន នៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ពេលនោះ តំណាងអយ្យ ការ បានចោទប្រកាន់លោក ស ថាវី ពីបទ “ផ្តើមគំនិតក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន”។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេ ខាធិការក្រសួងការពារជាតិបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES