ភ្នំពេញ ៖ នារីកម្មការិនីរោងចក្រម្នាក់ ជិះម៉ូតូទៅធ្វើការ ដោយទុកទូរស័ព្ទក្នុងហោប៉ៅខាងក្រោយ ស្រាប់តែត្រូវជនសង្ស័យម្នាក់ ជិះម៉ូតូមកពីក្រោយ បានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីរងគ្រោះ បានសម្រេច រួចព្យាយាមជិះម៉ូតូរត់គេចខ្លួនដែរ តែត្រូវនារីរងគ្រោះជិះដេញតាមពីក្រោយ ស្រែក “ចោរ!ៗ” ផ្អើលដល់ប្រជាពលរដ្ឋ អ្នកដំ ណើរ និងសមត្ថកិច្ច ដាក់កម្លាំងចេញស្ទាក់ចាប់ក្របួចជាប់។

ករណីចោរឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នៅតាមផ្លូវ៤២ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះរៀន វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅបន្ទប់ជួល ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែកនារីរងគ្រោះ មានឈ្មោះ គល់ មុំ អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះជិះម៉ូតូ ១គ្រឿង ចេញពីផ្ទះ បំណងទៅធ្វើការរោងចក្រ ដោយទុកទូរស័ព្ទ ១គ្រឿង ម៉ាក Oppo នៅហោប៉ៅខោខាងក្រោយ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2FP-5755 មកពីក្រោយ ឆក់យកទូរស័ព្ទនោះបានសម្រេច រួចជិះម៉ូតូត្រឡប់ក្រោយ ព្យាយាមគេចខ្លួន។
ប្រភពដដែល បន្តថា ភ្លាមនោះ នារីរងគ្រោះបានស្រែកថា “ចោរ!ៗ” និងជិះម៉ូតូដេញតាមពីក្រោយ ធ្វើឱ្យផ្អើលដល់ប្រជាពលរដ្ឋ អ្នកដំណើរ និងកម្លាំងប្រជាការពារ ទាក់ទងតាមវិទ្យុទាក់ទង ស្កាត់គ្រប់ច្រកល្ហក រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកទូរស័ព្ទ ត្រូវបានដកហូតប្រគល់ជូននារីរងគ្រោះវិញ៕