ភ្នំពេញ ៖ ភោជនីយដ្ឋាន មួយកន្លែង កំពុងដំណើរការទទួលភ្ញៀវសុខៗ ស្រាប់តែកើតមានករណីអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់ភ្ញៀវ និងបុគ្គលិករត់ចែកជើងគ្នា។

ហេតុការណ៍អគ្គិភ័យនេះលើ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣៥នាទីរសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចភោជនីយដ្ឋាន DE BRAZIL មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ៣១៣ កែងផ្លូវ៥៤៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលហាងខាងលើកំពុងបើកដំណើរការទទួលភ្ញៀវជាធម្មតា ចំណែកចុងភៅ កំពុងចម្អិនម្ហូបសម្រាប់ភ្ញៀវ ស្រាប់តែភ្លើងបានឆាបឆេះ ធ្វើឱ្យមានផ្សែងហុយទ្រលោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់បុគ្គលិក នាំគ្នាជួយពន្លត់ទាន់ ហើយភ្លើងបានរលត់ទៅវិញ ពុំបណ្តាលឱ្យឆេះរាលដាលឡើយ។

ប្រភពដដែល បញ្ជាក់ថា ករណីអគ្គិភ័យនេះ ពុំបណ្តាលឱ្យរងការខូចខាតអ្វីធ្ងន់នោះទេ គឺឆេះខូចខាតតែបំពង់ខ្យល់ចង្ក្រានតែប៉ុណ្ណោះ ហើយមូលហេតុ បណ្តាមកពីធ្លាយទុយោក្បាលចង្ក្រាន៕