Friday, May 23, 2025
Homeសង្គម និងជីវិតជនជាតិដើមភាគតិច ១៣៣គ្រួសារ សុំអាជ្ញាធរជួយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ

ជនជាតិដើមភាគតិច ១៣៣គ្រួសារ សុំអាជ្ញាធរជួយបញ្ចប់ទំនាស់ដីធ្លីរ៉ាំរ៉ៃ

ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋជនជាតិដើមភាគតិច ព្នង ចំនួន១៣៣គ្រួសារ កំពុងស្នើឱ្យអាជ្ញាធរខេត្តមណ្ឌលគិរី ជួយស្រាវជ្រាវ ពិនិត្យនិងដោះស្រាយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមាន ជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ឱ្យមានភាពត្រឹមត្រូវ ដើម្បីទទួលបាននូវភាពយុត្តិធម៌ទាំងសងខាង ព្រោះពួកគាត់ក៏ចង់បានប្លង់រឹង កាន់កាប់ដោយស្របច្បាប់ផងដែរ។

តាមការបង្ហើបរបស់មន្ត្រីជាន់ខ្ពស់នៅសាលាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទីតាំងដីខាងលើនោះ ជាដីគម្របព្រៃឈើរបស់រដ្ឋ ហើយកាលណោះឈ្មោះឈាង ប៉ាក់សួរ បានទិញពីឈ្មោះសាន សូត្រ ហៅប្លោក និងដីមួយ ចំនួនទិញពីស្ត្រីម្នាក់នៅសង្កាត់រមនា ព្រមទាំងដីមួយចំនួនទៀត ប្រមូលទិញពីបងប្អូនជនជាតិព្នង តែការលក់ទិញកាលណោះ គឺអាចលក់ទិញៗជាន់គ្នាជាច្រើនដង ដែលជាកត្តាធ្វើឱ្យអាជ្ញាធរពិបាកក្នុងការដោះស្រាយ។

មន្ត្រីរូបនេះ បានបន្តថា កាលណោះ រដ្ឋបាលខេត្ត បានប្រជុំផ្តួចផ្តើមថានឹងយកដីទំនាស់ទំហំជិត៣០០ហិកតារនេះ ធ្វើជាតំបន់រដ្ឋបាលប្រមូលផ្តុំ តែការប្រជុំកាលនោះ មិនសម្រេចទេ ធ្វើឱ្យទីតាំងក្លាយជាដីទំនាស់រ៉ាំរ៉ៃ មកដល់សព្វថ្ងៃ។

ពាក់ព័ន្ធនឹងជម្លោះដីធ្លីយូរឆ្នាំនេះ លោកចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី ទទួលបន្ទុកដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងទី២១ ខែឧសភា ឆ្នាំ២០២៥ថា ដីទំនាស់នៅទីតាំងខាង លើនោះ គឺបានអូសបន្លាយអស់រយៈពេលជាយូរឆ្នាំមកហើយ ដែលមានបងប្អូនប្រជាពលរដ្ឋ ចំនួន១៣៣គ្រួសារ ដែលមានដីអាស្រ័យផល និងផ្ទះសម្បែងនៅទីនោះ ដែលមានផ្ទៃដី ២៤៥,៤២ហិកតារ ៣៤ក្បាលដី ហើយលោកផ្ទាល់ និងក្រុមការងារ បាននិងកំពុងបន្តដោះស្រាយវិវាទរវាងគូរភាគីទំនាស់នេះ ជូនពួកគាត់ជាច្រើនលើកច្រើនសារ តែហាក់បីនៅតែមិនទទួលបានភាពជោគជ័យឡើយ។

លោកអភិបាលរងខេត្ត បានបន្តថា មូលហេតុដែលនាំឱ្យការដោះស្រាយមិនសូវទទួលបានជោគជ័យ នោះបណ្តាលមកពីមិនមានវត្តមានគ្រប់ភាគីទំនាស់ចូលរួមនោះទេ។

លោកចាន់ រតនា អភិបាលរងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា ជុំវិញដីទំនាស់ដ៏រ៉ាំរ៉ៃនៅទីតាំងខាងលើនេះ បើតាមការស្រាវជ្រាវរបស់អាជ្ញាធរណ បានរកឃើញថា មានការទិញ-លក់នៅទីតាំងជាន់គ្នា។ ប្រជាពលរដ្ឋ ចំនួន១៣៣គ្រួសារ ដែលកំពុងរស់នៅនិងអាស្រ័យផលមានផលដំណាំ និងផ្ទះសម្បែងផងនោះ មានទំនាស់រ៉ាំរ៉ៃជាមួយលោកឈាង ប៉ាក់សួរ ដែលមានរយៈពេលជាយូរឆ្នាំមកហើយ ហើយខាងភាគីលោកឈាង ប៉ាក់សួរ ក៏បានទទួលបានប្លង់កាន់កាប់ស្របច្បាប់ដែរ។

លោកចាន់ រតនា បានបញ្ជាក់ទៀតថា ទោះបីជាភាគីខាងណាមានប្រៀបជាងភាគីខាងណាក៏ដោយ សម្រាប់អាជ្ញាធរខេត្ត នៅតែបន្តនីតិវិធីនិងរាយការណ៍ជូនលោកអភិបាលខេត្ត ដើម្បីសុំគោលការណ៍ពីថ្នាក់លើ ក្នុងការដោះស្រាយបញ្ហាទំនាស់ដីធ្លីនេះ ឱ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព៕

RELATED ARTICLES