Saturday, May 24, 2025
Homeព័ត៌មានជាតិបង្កើតមិត្ត មិនបង្កើតសត្រូវ មេបក្សជំនាន់ថ្មី ថាប្រកួតប្រជែងនឹងអ្នកជំនាន់ថ្មីបក្សកាន់អំណាច

បង្កើតមិត្ត មិនបង្កើតសត្រូវ មេបក្សជំនាន់ថ្មី ថាប្រកួតប្រជែងនឹងអ្នកជំនាន់ថ្មីបក្សកាន់អំណាច

ភ្នំពេញ ៖ មេបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា បានលើកឡើងថា យើងត្រូវប្រើធម៌អហិង្សា ដោយមិនអាចប្រើពាក្យថាផ្ដួលរំលំ មានអញ អត់ឯង មានឯង អត់អញ ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី នោះទេ ព្រោះគោលការណ៍របស់គណបក្សជំនាន់ថ្មី មិនចាត់ទុកខ្មែរណាជាសត្រូវទេ តែក៏មិនឱនក្បាលដាក់បរទេសដែរ គឺបង្កើតមិត្ត តែមិនបង្កើតសត្រូវ នៅក្នុងនយោបាយការបរទេស ចង់ឲ្យមានការផ្លាស់ប្ដូរបែបអហិង្សា ហើយគណបក្សជំនាន់ថ្មី ប្រកួតប្រជែងជាមួយអ្នកជំនាន់ថ្មី នៃគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ចៀសវាងការសងសឹកគ្នាដោយគំនុំបុគ្គល ក្រៅពីប្រកួតប្រជែងគោលនយោបាយ ។

គួរបញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សជំនាន់ថ្មី លោកមាជ សុវណ្ណារ៉ា កំពុងស្វែងការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត ទាំងក្នុងនិងក្រៅប្រទេស ដើម្បីត្រៀមខ្លួនចូលរួមប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៨ ខាងមុខ តាមរយៈការពង្រីកការលើកស្លាកគណបក្សនៅទូទាំងរាជធានី-ខេត្ត ការផ្សព្វផ្សាយគោលនយោបាយ និងទស្សននយោបាយថ្មីៗ ដើម្បីទាក់ទាញសកម្មជន ជាពិសេសយុវជនឲ្យមានការចាប់អារម្មណ៍ និងងាកមកតាមដាននយោបាយ និងចូលប្រឡូកនយោបាយឲ្យបានគ្រប់គ្នា ។

អ្វីដែលគួរឲ្យកត់សម្គាល់ នៅក្នុងខណៈកំពុងបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក លោកមាជ សុវណ្ណារ៉ា កាលពីរាត្រីថ្ងៃអាទិត្យ ទី១៨ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយបងប្អូនខ្មែរ-អាមេរិកាំង នៅក្បែរក្រុងដាលឡាស់ (Dallas)  រដ្ឋតិចសាស់ (Texas) ហើយបានរំលឹកពីប្រវត្តិតស៊ូរបស់លោក តាំងពីនៅជំរំជនភៀសខ្លួនខ្មែរ-ថៃ ជាមួយម្ដាយមេម៉ាយ រហូតបានក្លាយជាអ្នកសារព័ត៌មាន ក្លាយជាអ្នកនយោបាយនៅក្នុងគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាប់គុក ២ដង ក្រោយការបោះឆ្នោត នៅឆ្នាំ២០១៣ ។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើងពីពន្លកថ្មីនៃគណបក្សជំនាន់ថ្មី នៅលើទឹកដីសេរីភាព ។ ជាពិសេសលោកថា លោកគឺជាមេអណ្ដើក ក្នុងការផ្ដួចផ្ដើមឲ្យមានការរួបរួមគ្នារវាងអ្នកប្រជាធិបតេយ្យ នៃគណបក្សសិទ្ធិមនុស្ស របស់លោកកឹម សុខា និងគណបក្សសម រង្ស៊ី របស់លោកសម រង្ស៊ី បង្កើតបានជាចលនាសង្រ្គោះជាតិ ទៅជាគណបក្សសង្រ្គោះជាតិ នៅឆ្នាំ២០១២ នាក្រុងម៉ានីល ប្រទេសហ្វីលីពីន ។ ប៉ុន្តែលោកមិនចង់បកស្រាយពីការគាំទ្ររបស់ប្រជាពលរដ្ឋ មកលើគណបក្សសង្រ្គោះជាតិ នៅក្នុងការបោះឆ្នោត ឆ្នាំ២០១៣ និងការរំលាយចោលគណបក្សសង្រ្គោះជាតិ ដោយសាលដីកាស្ថាពររបស់តុលាការកំពូល មកដល់ពេលនេះទេ ។

អ្វីដែលសំខាន់ លោកមាជ សុវណ្ណារ៉ា គ្រាន់តែបញ្ជាក់សង្កត់ធ្ងន់ថា គណបក្សជំនាន់ថ្មី របស់លោក បង្កើតឡើង មិនមែនចង់ប្រកួតប្រជែងជាមួយឥស្សរជននយោបាយចាស់ៗ ដូចជាសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រមុខគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) នោះទេ គឺចង់ប្រកួតប្រជែងជាមួយអ្នកជំនាន់ថ្មី នៃគណបក្សកាន់អំណាច រួមមាន សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជាដើម ។ ដូច្នេះជាការលើកទឹកចិត្តដល់អ្នកជំនាន់ថ្មីដែលចូលប្រឡូកនយោបាយ និងចាប់អារម្មណ៍ពីនយោបាយ លោកថា ត្រូវតែតស៊ូអំណត់ ប្ដូរយុទ្ធសាស្រ្ត កុំប្ដូរគោលដៅ ហើយលោកនៅតែមានស្នាមញញឹម អត់ឈឺចាប់ អត់សងសឹក បើទោះបីលោកធ្លាប់ជាប់គុកនយោបាយ អស់រយៈពេលជិត ៤ឆ្នាំក៏ដោយ ។ ក្នុងន័យនេះ លោកនៅតែផ្ញើសារថា យើងត្រូវប្រើធម៌អហិង្សា ដោយមិនអាចប្រើពាក្យថា ផ្ដួលរំលំ មានអញ អត់ឯង មានឯង អត់អញ ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី នោះទេ ព្រោះគោលការណ៍របស់គណបក្សជំនាន់ថ្មី មិនចាត់ទុកខ្មែរណាជាសត្រូវទេ ហើយក៏មិនឱនក្បាលដាក់បរទេសដែរ គឺបង្កើតមិត្ត តែមិនបង្កើតសត្រូវនៅក្នុងនយោបាយការបរទេស ចង់ឲ្យមានការផ្លាស់ប្ដូរបែបអហិង្សា ប្រកួតប្រជែងជាមួយអ្នកជំនាន់ថ្មី ។

លោកមាជ សុវណ្ណារ៉ា បានថ្លែងនៅក្នុងពិធីសំណេះសំណាលនោះថា “…ខ្ញុំជាមេអណ្ដើក ។ នៅពេលបោះឆ្នោតឆ្នាំ២០១២ បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺយើងឃើញថា ការបែកបាក់នៃអ្នកប្រជាធិបតេយ្យ បក្សសម រង្ស៊ី បក្សសិទ្ធិមនុស្ស គឺបើយើងមិនរួមគ្នា គឺមិនអាចនឹងប្រកួតប្រជែងទេ ។ អ៊ីចឹងអាហ្នឹងជាការឲ្យចង់ឲ្យដឹងថា ដំណើរជីវិតរបស់ខ្ញុំ គឺនៅពេលដែលខ្ញុំបង្រួបបង្រួមលោកសម រង្ស៊ី លោកកឹម សុខា គឺថា យើងត្រូវប្រើពេលវេលា ទម្រាំតែមនុស្សពីរនាក់ហ្នឹង ហើយនិងសេនាធិការរបស់ពួកគាត់ទាំងពីរ ហើយក៏យើងបានទៅធ្វើការចាប់ដៃគ្នាបង្កើតជាអតីតចលនាសង្រ្គោះជាតិ នៅទីក្រុងម៉ានីល ថ្ងៃទី១៦ ទី១៧ ខែកក្កដា ឆ្នាំ២០១២ ។ អ៊ីចឹងហើយយើងក៏បានបង្កើតចេញជាគណបក្សសង្រ្គោះជាតិ បងប្អូនដឹងហើយ តាមដានភ្លូកទឹកភ្លូកដីបែបណា? ប៉ុន្តែជាអកុសល ខ្ញុំអត់ចង់បកសា្រយទេ គឺយើងត្រូវតែតស៊ូអំណត់ ប្ដូរយុទ្ធសាស្រ្ត កុំប្ដូរគោលដៅ ហើយយើងបើកគណបក្សជំនាន់ថ្មីនេះ មិនមែនជាគណបក្សសម្រាប់ទៅប្រកួតប្រជែងជាមួយអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ទេ ព្រោះគាត់ជាអ្នកជំនាន់ចាស់ តែខ្ញុំបើកគណបក្សជំនាន់ថ្មី បានគិតតាំងពីជាង១០ឆ្នាំ ។ ខ្ញុំជាអតីតអ្នកទោសនយោបាយ ២លើក ជិត៤ឆ្នាំ បងប្អូនខ្លះអាចដឹងហើយ ហ្វេសប៊ុក តែខ្ញុំអត់ឈឺចាប់ អត់សងសឹក ស្នាមញញឹមរបស់ខ្ញុំ ដើម្បីធម៌អហិង្សា យើងអត់អាចប្រើពាក្យថា ផ្ដួលរំលំ មានឯង អត់អញ មានអញ អត់ឯង ទឹកឡើង ត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី គឺកម្ពុជា យើងងាកទៅមើលប្រទេសជិតខាង គេចាប់ដៃជាមួយមហាអំណាចអាមេរិក យើងមើលប្រទេសថៃ នយោបាយគេដើមត្រែង ខ្យល់ទៅណា គេទៅណា គេអត់មានរងសម្ពាធនៃឥទ្ធិពលកម្មុយនីស្ត ឬក៏មហាអំណាចណាមួយខុសពីគោលការណ៍នៃរដ្ឋធម្មនុញ្ញរបស់គេ គឺឯករាជ្យ អព្យាក្រឹត អធិបតេយ្យ មិនចូលបក្សសម្ព័ន្ធ ។ អ៊ីចឹងកម្ពុជាយើង វាអកុសលក្នុងភូមិសាស្រ្តនយោបាយ ដោយសារយើងមានគំនាបភូមិសាស្រ្តនយោបាយ មហាអំណាចចិន អតីតមិត្តម៉ឺនឆ្នាំខាងកើត ហើយនិងមហាអំណាចអាមេរិក ប៉ុន្តែនៅក្នុងភាពឆ្លាតវៃនៃអ្នកជំនាន់ថ្មី ។ អ៊ីចឹងហើយខ្ញុំបង្កើតបក្សជំនាន់ថ្មីនេះ ថ្ងៃទី៤ មិថុនា ខែក្រោយ ១ឆ្នាំ ក្រោយពីសមាជផ្លូវការពីក្រសួងមហាផ្ទៃ ហើយនិងសមាជបោះឆ្នោតខ្ញុំជាប្រធានគណបក្សជំនាន់ថ្មី ហើយខ្ញុំជាអតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ តំណាងរាស្រ្តនៅខេត្តបន្ទាយមានជ័យ ប៉ុន្តែខ្ញុំអត់បានចូលសភា ដោយសារគេចាប់ដាក់គុក Fight for freedom  ប្រយុទ្ធដើម្បីសេរីភាព ប៉ុន្តែអត់មានក្លាហានដោយហិង្សា ឬក៏មនោគមន៍ជ្រុលនិយមណាឲ្យខ្មែរបែកបាក់ ឲ្យជាតិរលាយទេ គឺក្លាហានដោយបញ្ញា ដោយហេតុ ដោយផល ហើយអត់យកខ្មែរណាជាសត្រូវទេ និន្នាការណាៗ ជារឿងសិទ្ធិរបស់បងប្អូន ធានាការពារដោយរដ្ឋធម្មនុញ្ញ ជំពូកទី៣ មាត្រាទី៣០ រហូតទៅដល់មាត្រាទី៥០ ។ អ៊ីចឹងការធ្វើនយោបាយរបស់អ្នកជំនាន់ថ្មី ខ្ញុំជាប៉ូលថ្មី ខ្ញុំប្រកួតជាមួយគណបក្សប្រជាជន តែខ្ញុំមិនមែនប្រកួតជាមួយអតីតនាយករដ្ឋមន្រ្តីហ៊ុន សែន ទេ ខ្ញុំប្រកួតក្នុងនាមជាអ្នកជំនាន់ថ្មី ជាមួយនឹងអ្នកជំនាន់ថ្មី អ្នកបន្តវេននៃគណបក្សប្រជាជន គឺនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។ ហើយអត់ចាត់ទុកគណបក្សណាដើម្បីបំផ្លាញស៊ីសាច់ហុតឈាមខ្មែរទេ ។ អ៊ីចឹងខ្ញុំបើកគណបក្សនេះ គឺថាបានគិតជាង១០ឆ្នាំហើយ បើសិនមានវត្តមានលោកហ៊ុន សែន នៅជានាយករដ្ឋមន្រ្តី ហើយមានវត្តមានលោកសម រង្ស៊ី លោកកឹម សុខា ក៏ខ្ញុំអត់ទាន់ប្រឡូក ព្រោះខ្ញុំមិនមែនជាគីឡូជាមួយអ្នកជំនាន់ចាស់ទេ តែបក្សកាន់អំណាច គេមានអ្នកបន្តវេនហើយ ។ អ៊ីចឹងអ្នកប្រជាធិបតេយ្យ ត្រូវបានគេកម្ទេចអស់រលីង សង្រ្គោះជាតិ គេចោទថាខុសច្បាប់ ហើយគេរំលាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ លោកកឹម សុខា ប្រធានគណបក្ស ត្រូវបានគេដាក់ទោស ២៧ឆ្នាំ អត់ឲ្យធ្វើនយោបាយ ហើយនៅក្នុងផ្ទះទៅទៀត“ ។

លោកមាជ សុវណ្ណារ៉ា បានបន្តថា “អ៊ីចឹងខ្ញុំក្នុងនាមជាអ្នកជំនាន់ថ្មី ជាអតីតមន្រ្តីជាន់ខ្ពស់ ជាបេក្ខជនតំណាងរាស្រ្តនៃសង្រ្គោះជាតិ នៅខេត្តបន្ទាយមានជ័យ ក្នុងនាមខ្ញុំជាប់គុកនយោបាយ ២ដង ជិត៤ឆ្នាំ ឲ្យខ្ញុំឈប់ធ្វើនយោបាយយ៉ាងម៉េច? ប៉ុន្តែខ្ញុំសំណាង នៅពេលដែលខ្ញុំបានស្រីគ្រប់លក្ខណ៍របស់ខ្ញុំ គឺប្រពន្ធខ្ញុំ កូនខ្ញុំ ឲ្យបន្តទៅទៀត គាត់ដៃ១០០ គាត់អាចចិញ្ចឹមកូនបាន ។ បើគ្មានគ្រួសារគាំទ្រខ្ញុំទេ យើងដឹងហើយ នៅសហរដ្ឋអាមេរិក នៅឯណាក៏ដោយ បើថាប្ដីប្រពន្ធមិនចូលចិត្តនយោបាយហើយ គឺបញ្ហាអាចបែកបាក់ អាចឈ្លោះគ្នា ។ អ៊ីចឹងបានខ្ញុំសរសើរមេផ្ទះ មើលចង្រ្កាន មើលថែកូន ថែចៅ ហើយបានឲ្យស្វាមីជួយក្នុងកម្រិតជាប្រយោល ជាសម្ងាត់ ឬក៏ជាចំហក្នុងផ្លូវសុចរិត ដើម្បីយើងទៅជួយជាតិរបស់យើង ក្នុងកម្រិតថា ធ្វើស្រែនឹងទឹក ធ្វើនយោបាយនឹងបាយ ហើយខ្ញុំបានសច្ចា ហើយខ្ញុំអត់ក្បត់សម្ដីម្ដាយខ្ញុំមុនឹងគាត់ស្លាប់ គាត់បានផ្ដាំហើយ ថាកូនធ្វើជាអ្នកនយោបាយជំនាន់ថ្មី កុំយកសត្រូវខ្មែរគ្នាឯង ជាសត្រូវសួពូជ ឲ្យបែកបាក់ ។ យើងធ្វើនយោបាយតាមគោលការណ៍នយោបាយ ដូចអាមេរិក អ្នកឈ្នះៗដោយថ្លៃថ្នូរ ដឹកនាំប្រទេស កសាង អ្នកចាញ់ៗក្នុងនាមតំណាងរាស្រ្ត congress men congress women នៅក្នុងសភា នីតិប្បញ្ញត្តិ គឺយើងប្រដំប្រសងគ្នា ប្រកួតប្រជែងគ្នាគោលនយោបាយ តែយើងអត់បំផ្លាញគ្នា អត់សម្លាប់ ចាប់មនុស្សដាក់គុក គ្រាន់តែធ្វើនយោបាយ ។ អ៊ីចឹងយើងចង់ឃើញអ្នកជំនាន់ថ្មី នៃបក្សកាន់អំណាច ហើយនិងបក្សក្រៅរដ្ឋាភិបាល និងបក្សជំនាន់ថ្មី គឺយើងប្រកួតប្រជែងគ្នា តែយើងអត់បំផ្លាញខ្មែរគ្នាឯងទេ គឺថា យើងប្រកួតប្រជែងសត្រូវគោលនយោបាយ ។ ក្រោយបោះឆ្នោតរួច យើងធ្វើការជាមួយគ្នា Check and Balance តុល្យភាពនៃអំណាច រវាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ប៉ុន្តែអត់បំផ្លាញ ។ រឿងគណបក្សគេ ជារឿងរបស់គេ តែយើងៗដើរនៅលើគោលការណ៍ទាំង១០ របស់គណបក្សជំនាន់ថ្មី យើងធ្វើទៅតាមចំណេះ ជំនាញ ដោយយើងអត់ទៅប៉ះពាល់ទេ សម័យនេះ គេដឹងហើយ បក្សណាល្អ បក្សណាអាក្រក់ ហើយយើងកុំរើសអើង…។ ហើយអ្នកខ្លះថា ធ្វើនយោបាយមិនឈ្នះគេទេ យើងអត់យកឈ្នះឬចាញ់ទេ យើងយកអ្វីដែលជាអំណាចគោរពស្ថាប័នជាតិ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ តែដោយសារនយោបាយជិះសេះលែងដៃហ្នឹងហើយ ដែលយើងឃើញថា អំណាចហួសព្រំដែន ទៅចង្អុល ទៅអី ដាក់សម្ពាធតុលាការ ភាពអយុត្តិធម៌របស់ប្រជាពលរដ្ឋ ភាពឈឺចាប់ ការគាបសង្កាត់ ការគំរាមកំហែង យើងចង់បានការប្រកួតប្រជែងគ្នា ទប់ស្កាត់គ្នា ហើយអត់បំផ្លាញខ្មែរគ្នាឯងទេ ។ អ៊ីចឹងហើយគោលជំហរ គោលការណ៍បក្សជំនាន់ថ្មី អត់យកខ្មែរណាជាសត្រូវ ហើយអត់ឱនក្បាលដាក់បរទេសទេ យើងបង្កើតមិត្ត តែអត់បង្កើតសត្រូវនៅក្នុងនយោបាយការទូត ការបរទេស ប៉ុន្តែយើងអត់លម្អៀង វ៉ៃប្រហារលោកខាងលិច ឬទៅគាំទ្រចិន ឬក៏វ៉ៃប្រហារចិន មកគាំទ្រសហរដ្ឋអាមេរិកទេ យើងអត់ទេ ធ្វើទៅតាមរដ្ឋធម្មនុញ្ញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១“ ។

លោកមាជ សុវណ្ណា បានថ្លែងបន្តទៀតថា “រដ្ឋធម្មនុញ្ញបច្ចុប្បន្ន យើងថាកម្ពុជា ជារដ្ឋឯករាជ្យ ហើយអតីតប្រទេសហត្ថលេខីទាំង១៨ រួមទាំងកម្ពុជា ២៣ តុលា ឆ្នាំ១៩៩១ ធានានិងការពារមិនឲ្យរដ្ឋបរទេសណាមករំលោភអធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី អព្យាក្រឹតរបស់កម្ពុជា ហើយធានានិងជួយកសាងកម្ពុជា តាមរយៈជំនួយឥតសំណង ក្រោយពីយើងបោះឆ្នោតឆ្នាំ១៩៩៣ អីមកហ្នឹង បងប្អូនដឹងអស់ហើយ តែឥឡូវនេះយើងឃើញថា កម្ពុជា មិនទាន់បើកលំហនៃលទ្ធិប្រជាធិបតេយ្យទេ យើងឃើញហើយ ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយអាណត្តិ ទៅមួយអាណត្តិ មានការលំបាកម៉េច? ខ្ញុំមិនចង់វែកញែកច្រើនទេ បងប្អូនតាមដាន យើងចង់ឲ្យមានការផ្លាស់ប្ដូរបែបអហិង្សា ប្រកួតប្រជែងនៃអ្នកជំនាន់ថ្មី ស្នាមញញឹមរបស់អ្នកបន្តវេនបក្សកាន់អំណាច ដឹកនាំដោយនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត និងបក្សក្រៅរដ្ឋាភិបាល នៃបក្សជំនាន់ថ្មី និងបក្សប្រជាធិបតេយ្យផ្សេងៗទៀត យើងប្រកួតប្រជែងគ្នានៅក្នុងសង្វៀនប្រជាធិបតេយ្យមួយ ដែលមិនលេងខូចគ្នា មិនប្រព្រឹត្តនូវអ្វីជាទុច្ចរិត ដើម្បីបំផ្លាញបក្សដែលគេស្របច្បាប់ ។ អាហ្នឹងជាគោលការណ៍របស់ខ្ញុំ ហើយខ្ញុំនឹងធ្វើនូវអ្វីដែលជាវប្បធម៌សន្ទនា យើងអ្នកនយោបាយអត់បង្កើតសត្រូវគ្នា ទោះបីបក្សខុសគ្នា ទស្សនៈផ្ទុយគ្នាក៏ដោយ យើងតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំ ហើយខ្ញុំក៏សុំធ្វើសារផ្ញើទៅកាន់បក្សអំណាច ក៏ដូចបងប្អូនខ្មែរនៅទីនេះ ខ្ញុំតែងតែឃើញថា គាត់តែងតែប្រើនូវការគំរាមកំហែង បំភិតបំភ័យថា អ្នកឯងគាំទ្រខុសពីបក្សកាន់អំណាច អ្នកឯងទៅលេងស្រុក លេងអីមិនបាន កុំតែបងប្អូនមិនប្រព្រឹត្តបទឧក្រិដ្ឋទៅបានហើយ អារឿងមកស្ដាប់ មកអីនេះ គេមកនេះ ក៏គេមិនមកគាំទ្រជំនាន់ថ្មី ឬក៏ស្អីដែរ វាអាចមានគណបក្ស គេស្រលាញ់គណបក្សប្រជាជន ប៉ុន្តែយើងជាខ្មែរ ការជួបជុំគ្នា មកស្ដាប់ មកឃើញ ក្នុងនាមភាតរភាពជាបង ជាប្អូនខ្មែរទៅ អ្នកខ្លះនៅទីនេះ ច្រើនតែមានស្រុកកំណើត ជាអតីតជនភៀសខ្លួនមកពីបាត់ដំបង បន្ទាយមានជ័យ សៀមរាប ពោធិ៍សាត់ អី តាមព្រំដែន អ៊ីចឹងយើងឃើញគ្នា ញញឹមញញែមដាក់គ្នាទៅ អ្នកណាកាន់បក្សណាក៏បក្សហ្នឹងទៅ…” ។

លោកមាជ សុវណ្ណា បានថ្លែងបន្ថែមថា “អ៊ីចឹងការធ្វើរបស់ខ្ញុំ អារឿងឈ្នះ រឿងចាញ់ ជារឿងប្រកួតប្រជែង ហើយបង្ហាញគោលនយោបាយ កម្មវិធីនយោបាយទៅឆក់បេះដូងប្រជាពលរដ្ឋនៅឯមូលដ្ឋាន មិនមែនស្ថិតនៅលើអ្នកនយោបាយណាមួយគំរាមកំហែង បង្កើតនូវព្រឹត្តិការណ៍ទុច្ចរិតដើម្បីបំផ្លាញខ្មែរគ្នាឯងទេ ។ យើងមើលប្រទេសសៀម គេដើរដល់ណា? យួន  គេសត្រូវសួពូជជាមួយសហរដ្ឋអាមេរិក ហេតុអីគេចងជាសម្ព័ន្ធ មើលសេដ្ឋកិច្ចជាមួយគ្នា ក្នុង១ឆ្នាំ គេមានថវិកាជាតិចំណេញ និងចេញមកលក់នៅសហរដ្ឋអាមេរិក ១ម៉ឺន២ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈដែលកម្ពុជា មានឱកាសជាមួយសហរដ្ឋអាមេរិក ឥឡូវនេះកំពុងតែចរចាគ្នា ថ្ងៃទី០១ មិថុនា ខែក្រោយហ្នឹង គឺចរចាអារឿងពន្ធគយ ដែលប្រធានាធិបតី ត្រាំ យកដល់ ៤៩% ហ្នឹង យើងស្មុគស្មាញ យើងលួចលេងខូចគេ ហើយយើងមានឱកាសដែលគេឲ្យប្រព័ន្ធអនុគ្រោះពន្ធ GSP យើងបែរជាមានបញ្ហា គេព្យួរចោល ១៥ឆ្នាំ ពីឆ្នាំ២០០០ ដល់២០១៥ ហើយគេឲ្យអនុគ្រោះពន្ធហ្នឹង ទំនិញរាប់រយពាន់មុខ យកពីកម្ពុជា មក តាំងពីឆ្នាំ១៩៩៧ ហើយក្នុងឆ្នាំ២០២៤ គឺថា ថវិកាលក់ដូរហ្នឹង បានទៅដល់ជិត ៨ពាន់លានដុល្លារ ប៉ុន្តែឥឡូវបើការចរចាអត់ត្រូវ យើងនឹងខាត…។ អ៊ីចឹងយើងធ្វើអ្វីកុំឲ្យចូលដានអតីតកាលប្រវត្តិសាស្រ្ត ។ ទីបំផុត ដោយសារយើងជាន់ដានអតីតកាលប្រវត្តិសាស្រ្តហ្នឹងហើយ យើងជួយប្រទេសជិតខាងដោយអត់ដឹងខ្លួន ជួយតាំងពីមាន ជួយតាំងពីប្រទេសគេផ្សះផ្សា យួនខាងជើង យួនខាងត្បូង ជួយតាំងពីចិន មិនទាន់បានមហាអំណាច ក្លាយជាមហាអំណាចនៅក្នុងប្រឹក្សាអចិន្រ្តៃយ៍អង្គការសហប្រជាជាតិ ៥ប្រទេស ហើយកម្ពុជា យើងនៅតែល្ងង់អ៊ីចឹងទៀតឬក៏យ៉ាងម៉េច? មានន័យថា អ្នកដឹកនាំជំនាន់ថ្មី គំនិតថ្មី ឈាមថ្មី គិតថ្មី ធ្វើថ្មី ក្នុងន័យប្រើបញ្ញា ភាពឆ្លាតវៃនៃអ្នកដឹកនាំ។ បើទោះបីកម្ពុជា រងនៅក្នុងភូមិសាស្រ្តនយោបាយ រងសម្ពាធពីចិន ផង ពីអាមេរិក ផង ពីប្រទេសជិតខាងផង បើអត់មានភាពឆ្លាតវៃ យើងដើរជាន់ដានប្រវត្តិសាស្រ្ត ហ្នឹងយើងក្រឡេកទៅមើលក្រោយពីអាណានិគមបារាំង មក យើងបាត់កម្ពុជាក្រោម បន្ទាប់មកយើងទៅជារដ្ឋប្រហារសង្គមរាស្រ្តនិយម ចោទប្រកាន់ជាមួយសេនាប្រមុខលន់ នល់ នៅក្នុងសម័យសាធារណរដ្ឋ មានខ្មែរក្រហម ហើយខ្មែរក្រហម អ្នកណានៅពីក្រោយការបង្កើតខ្មែរក្រហម ដើម្បីផ្ដួលរំលំរបបសាធារណរដ្ឋ? បន្ទាប់មក មាន៧មករា វាសុទ្ធតែជាការទាក់គ្នានៃការគុំ គំនុំនយោបាយរបស់អ្នកដឹកនាំអតីតកាល ប៉ុន្តែយើងអត់ស្ដីបន្ទោស ដាក់វិប្បដិសារីដល់ពួកគាត់ទេ ការត្រួសត្រាយរបស់ពួកគាត់មានខុស មានត្រូវ ប៉ុន្តែយើងជាអ្នកជំនាន់ថ្មីនេះ ក្នុងការប្រកួតប្រជែងគ្នានៃបក្សកាន់អំណាច ទោះបីគេឡើងតាមរបៀបយ៉ាងម៉េចៗ ខ្ញុំអត់មាននិយាយថា អ្នកនេះបន្តពូជ បន្តអីទេ គឺបន្តវេន ដោយការបោះឆ្នោត…” ៕ កុលបុត្រ

RELATED ARTICLES