Thursday, May 22, 2025
Homeព័ត៌មានជាតិក្រសួងព្រះបរមរាជវាំង បដិសេធគណនីហ្វេសប៊ុកសម្តេចម៉ែ

ក្រសួងព្រះបរមរាជវាំង បដិសេធគណនីហ្វេសប៊ុកសម្តេចម៉ែ

ភ្នំពេញ ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ បានប្រកាសបដិសេធគណនីហ្វេសប៊ុក ចំនួន៣ ដែលគ្រប់គ្រងដោយជនអនាមិក ដោយប្រើប្រាស់ព្រះនាមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ។

គណនីហ្វេសប៊ុក ទាំង៣នោះ រួមមាន ទី១-គណនីហ្វេសប៊ុកឈ្មោះ Norodom Monineath Sihanouk ទី២-គណនីហ្វេសប៊ុកឈ្មោះ Hrh Norodom Monineath Sihanouk និងទី៣-គណនីហ្វេសប៊ុកឈ្មោះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។

បើតាមក្រសួងព្រះបរមរាជវាំង មានតែវេបសាយ ចំនួន២ប៉ុណ្ណោះ ដែលបានប្រើប្រាស់ជាផ្លូវការ រួមមានអាសយដ្ឋាន www.norodomsihamoni.org ជារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងវេបសាយអាសយដ្ឋាន www.norodomsihanouk.info ជារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

ក្រសួងព្រះបរមរាជវាំង បានបញ្ជាក់ថា “ក្រៅពីវេបសាយ (website) ផ្លូវការទាំង២ ខាងលើនេះ ពុំមានប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមជាផ្លូវការរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ និងរបស់ក្រសួងព្រះបរមរាជ វាំងទេ”។

ជាមួយនេះ ក្រសួងព្រះបរមរាជវាំង បានអំពាវនាវនិងរំឭកជាថ្មី ដល់ស្ថាប័ន-អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ឱ្យចាត់វិធានការជាបន្ទាន់ ឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍របស់ក្រសួងព្រះបរម រាជវាំង តាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានរបស់កម្ពុជា៕

RELATED ARTICLES