Friday, May 23, 2025
Homeតារាខ្មែរយូរី យំស្ដាយក្រោយ

យូរី យំស្ដាយក្រោយ

ភ្នំពេញ ៖ នៅលើឆាកតន្រ្ដី កាលពីពេលថ្មីៗនេះតារាចម្រៀង សេន យូរី របស់ហង្សមាស បានបង្ហាញអារម្មណ៍ស្រងូតស្រងាត់ ស្ដាយក្រោយដែលពេលនេះម្ដាយរបស់នាងបានលាចាកលោកទៅហើយ តែរហូតមកដល់បច្ចុប្បន្ន នាងនៅតែដក់ជាប់ក្នុងចិត្តថា មិនបានចំណាយពេលវេលាគ្រប់គ្រាន់ជាមួយម្ដាយ ហេតុនេះចាប់ពីពេលនេះតទៅ នាងមិនឲ្យមានការយឺតពេល ឬត្រូវស្ដាយក្រោយម្ដងទៀតទេ គឺត្រូវតែបំពេញឲ្យបានល្អជាមួយអ្នកមានគុណរបស់នាង ដែលនៅរស់ ឲ្យទាន់ពេលវេលា នោះគឺលោកឪពុករបស់នាង។

 កញ្ញាយូរី និងម្ដាយ

យូរី និយាយទាំងក្ដុកក្ដួលអួលដើមក ហូរទឹកភ្នែកជ្រែកលើថ្ពាល់ថា «ម៉ាក់ខ្ញុំបានលាចាកលោកហើយ។ អ្វីដែលខ្ញុំស្ដាយក្រោយមែនទែន គឺអំឡុងពេលដែលយើងកំពុងតែជោគជ័យ មានការងារច្រើន ក៏គិតថានឹងឆ្លៀតឱ កាសហ្នឹង រកលុយឲ្យបានច្រើនបំផុត យកទៅជូនគាត់ ហ្នឹងហើយជាក្ដីសុខ ដំបូងគឺគិតអ៊ីចឹង ។ ប៉ុន្ដែពេលបានបាត់បង់គាត់ទៅ ទើបដឹងថា អត់មែនជាលុយ ហើយក៏កេរ្តិ៍ឈ្មោះដែរ តាមពិតគឺ «ពេលវេលា»។ ពេលវេលាដែលយើងផ្ដល់ឲ្យគាត់ ហ្នឹងគឺជាអ្វីគាត់ចង់បានជាងលុយទៅទៀត។ បន្ទាប់ពីបាត់បង់ម៉ាក់ទៅ ទើបដឹងថា «កេរ្ដិ៍ឈ្មោះ លុយ» អត់សំខាន់សម្រាប់ខ្ញុំទេ ។ បើសិនជាអាចត្រឡប់ក្រោយបាន ខ្ញុំអត់យកទាំងអស់ ភាពល្បីល្បាញ លុយកាក់ គឺសុំថាចង់បានជីវភាពមួយធម្មតាបំផុត តែចង់ឲ្យមានប៉ាម៉ាក់នៅជុំគ្នា ។ ក្រោយបាត់បង់ម៉ាក់ទៅ ខ្ញុំប្រើពេលវេលាច្រើនមែនទែន ជាមួយប៉ា ព្រោះអី ខ្ញុំបានបាត់បង់ម៉ាក់ហើយ អ៊ីចឹងពេលវេលាជាមួយប៉ា ខ្ញុំនឹងធ្វើឲ្យមានតម្លៃបំផុត ទោះជាការងារសំខាន់ប៉ុនណា ក៏អត់សំខាន់ជាងប៉ាដែរ»។

 យូរី ក៏បានផ្ដាំផ្ញើរដល់យុវ័យទាំងឡាយថា នៅពេលដែលអ្នកមានឪពុកម្ដាយនៅរស់ គួរតែមានពេលវេលានៅជាមួយពួកគាត់ ឲ្យបានច្រើន ព្រោះសម្រាប់នាង ស្ដាយខ្លាំងណាស់ ។ នាងថា រាល់ថ្ងៃ នាងច្រណែនគេណាស់ គេមានម៉ាក់ប៉ា និងឃើញគេរស់នៅជុំគ្នាឪពុកម្ដាយនាងថា ពួកគេមានសំណាងជាងនាង ព្រោះនៅពេលបាត់ បង់ពួកគាត់ទៅ ទើបដឹងថាយើងខូចចិត្តកម្រិតណា ។ ពេលបាត់បង់គាត់ (ឪពុកម្ដាយ) ទើបដឹងថា លុយ កេរ្ដិ៍ឈ្មោះ គឺលែងចង់បាន អ្វីដែលចង់បាន គឺបើពេលវេលាត្រឡប់ថយក្រោយ ចង់បានពេលវេលារស់នៅកក់ក្ដៅជាមួយពួកគាត់វិញ ។

 សាររបស់យូរី មិនត្រឹមតែធ្វើឲ្យតារារួមអាជីព ក្ដុកក្ដួលនោះទេ ប៉ុន្ដែវាក៏ជាការពញ្ញាក់ស្មារតីដល់យុវ័យទាំង ឡាយ ឲ្យគិតគួរដល់ឪពុកម្ដាយ ជារឿងសំខាន់បំផុត ពិសេសគឺកូនៗដែលមិនស្ដាប់ដំបូន្មានម៉ែឪ ល្មមភ្ញាក់ខ្លួន ធ្វើបុណ្យទាន់ខែភ្លឺ កុំចាំតែដល់ពួកគាត់លាចាកលោកហើយ ទើបស្ដាយក្រោយ នោះយឺតពេលបាត់ទៅហើយ ។

គួររំលឹកថា ម្ដាយរបស់យូរី អ្នកស្រីចាន់ គង់ បានទទួលមរណភាព កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ក្នុងអាយុ ៦២ឆ្នាំ ដោយសារជំងឺលើសឈាម និងទឹកនោមផ្អែម ។ យូរី នៅតែដេកស្រណោះអាលោះអាល័យ ស្ដាយម្ដាយខ្លាំងណាស់ ព្រោះអ្នកស្រីចាន់ គង់ តែងតែជូននាងទៅឆាកតន្រ្ដី ជាញឹកញាប់ ហើយលើកទឹកចិត្តនាងជានិច្ច។ យូរី ស្ថិតក្នុងចំណោមតារាចម្រៀងដែលរស់នៅព្រាត់ម្ដាយ ដោយគ្មានថ្ងៃវិលវិញ ក្នុងនោះមានដូចជា សុខ ពិសី, អ៊ីវ៉ា, វី ឌីណែត និងលោក ឆន សុវណ្ណារាជ ជាដើម ។ ប៉ុន្ដែអំឡុងពេលដែលយូរី ហូរទឹក ភ្នែកព្រោះបែកម្ដាយ គ្មានថ្ងៃបានជួបជុំគ្នាវិញនេះ នាងក៏បានប្រេះឆាស្នេហាជាមួយថៅកែហាងផឹកស៊ី លោក ជា នី ផងដែរ ហេតុនេះហើយ គឺទុក្ខជាន់លើទុក្ខតែម្ដង ទើបប៉ុន្មានឆ្នាំចុងក្រោយនេះ យូរី តែងតែបង្ហាញអារ ម្មណ៍ឯកោខ្លាំង ខ្វះភាពកក់ក្ដៅ។ ប៉ុន្តែតាមរយៈរូបសម្រស់ នៅតែគួរឲ្យបេតី សាច់សខ្ចី ពូកែរាំ ហើយកំពុងល្បី បទ «ជិះសេះ» និង «ទាស្រវឹង» នេះ គេជឿថា អតីតតារា Rock និងសាន់ដេ រូបនេះ នៅតែមានជម្រើសស្នេហ៍ច្រើន ៕

RELATED ARTICLES