Saturday, May 17, 2025
Homeតារាខ្មែរប៊ុត សីហា ក្លាយជាអ្នករត់តុ

ប៊ុត សីហា ក្លាយជាអ្នករត់តុ

ភ្នំពេញ ៖ អតីតម្ចាស់ពាន The Voice Cambodia រដូវកាលទី១ លោក ប៊ុត សីហា បានក្លាយជាអ្នករត់តុ លើកម្ហូប និងទទួលភ្ញៀវកុម្មង់ម្ហូប នៅហាងអេឡាហោស៍ ឃុន ណាផាម នៅកោះពេជ្រ ដែលមានថៅកែជាអតីតអ្នកដឹកនាំសម្ដែងខារ៉ាអូខេ របស់ផលិតកម្មថោន លោកឃុន ធារិទ្ធិ ហៅរិទ្ធិ អូមេហ្គា ។

ប៊ុត សីហា ធ្លាក់ខ្លួនបែបនេះ គឺគ្រប់យ៉ាងដោយសារតែពីមុនមក រូបគេផុងខ្លួនសេពគ្រឿងញៀន រហូតជាប់គុក ទើបពេលនេះ កន្លែងណាក៏លែងស្វាគមន៍ឲ្យច្រៀង ទោះបីជាពេលខ្លះគេបានឃើញសីហា ចេញច្រៀងតាមវង់តន្រ្ដីម្ដងម្កាល ជាមួយឆាកតូចៗ រោងការ តាមជនបទ និងពិធីជប់លៀងមួយចំនួន នៅតាមខេត្តក្ដី ប៉ុន្ដែមិនជាញឹកញាប់ ឬមានការងារនោះធ្វើជាប្រចាំឡើយ ហេតុនេះហើយបានជារូបគេទំនេរ អត់ការងារធ្វើ អត់លុយចាយ ។ តែសំណាងបានអតីតអ្នកដឹកនាំសម្តែង នៅផលិតកម្មថោន អាណិត ជួយផ្តល់ការងារឲ្យធ្វើ នៅក្នុងហាងរបស់លោក។

យ៉ាងណា ជុំវិញអតីតអ្នកដឹកនាំសម្ដែង MV ថោន ឲ្យលោកប៊ុត សីហា ធ្វើជាអ្នករត់តុនៅហាងគ្រឿងសមុទ្រ របស់លោក នាំឲ្យភ្ញៀវជាច្រើនស្រឡាំងកាំង ព្រោះពេលខ្លះអត់ទាន់មានភ្ញៀវ សីហា អង្គុយកៅអីម្នាក់ឯងយ៉ាងកម្សត់ ចាំម៉ូយ អ្នកធ្វើដំណើរតាមផ្លូវឃើញហើយអាណិតអតីតម្ចាស់ពានរូបនេះ និងមានមតិខ្លះលើកឡើងថា លោករិទ្ធិ អូមេហ្គា មិនផ្ដល់តម្លៃ ឲ្យសីហា ដែលជាម្ចាស់ពានកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី១ ។ ការលើកឡើងបែបនេះ ព្រោះតែភ្ញៀវ ឬតារាខ្លះ ទៅញ៉ាំអាហារនៅទីនោះថាសីហា នៅតែមានសមត្ថភាពច្រៀង ហេតុនេះថៅកែហាង គួរតែផ្ដល់ឱកាសឲ្យរូបគេធ្វើជាតារាចម្រៀងប្រចាំវង់តន្ត្រី (Band) របស់ខ្លួន ប្រសើរជាងឲ្យសីហា មកធ្វើជាអ្នករត់តុ ឬកុម្មង់ម្ហូប ។

ទាក់ទងបញ្ហានេះ លោករិទ្ធិ អូមេហ្គា ម្ចាស់ហាងអេឡាហោស៍ ឃុន ណាផាម បានបំភ្លឺ ថា មូលហេតុដែលលោកឲ្យសីហា មកធ្វើការ នៅហាងរបស់លោក មិនមែនលោកទម្លាក់កិត្តិយសប៊ុត សីហា នោះទេ ប៉ុន្ដែលោកចង់ឲ្យសីហា កុំឲ្យមានលក្ខណៈភ័យខ្លាចខ្សែភ្នែកគេ  ព្រោះសីហា ពីមុនមានបញ្ហាលើរឿងនេះ។ ថៅកែហាង បន្ដថា ការវិលត្រឡប់របស់សីហា មកវិញនេះ ពេលព្រឹក សីហា ត្រូវហាត់ប្រាណ ពេលថ្ងៃ ហាត់ចម្រៀង ពេលល្ងាចដែលនៅសល់ធ្វើជាអ្នកទទួលកុម្មង់ម្ហូប នៅហាងរបស់លោក ដើម្បីឲ្យសីហា ចេះនិយាយប្រាស្រ័យទាក់ ទងមនុស្សទូទៅ កុំឲ្យអៀន កុំឲ្យខ្លាចតទៅទៀត គឺឲ្យគាត់ស៊ាំជាមួយបរិយាកាសសង្គមឡើងវិញ ។          

គួររលឹកថា ប៊ុត សីហា អាយុ៣១ឆ្នាំ បានលើកពាន The Voice Cambodia រដូវកាលទី១ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤ តែសីហា ត្រូវថៅកែហង្សមាស ដេញចេញពីផលិតកម្ម នៅឆ្នាំ២០១៨ ព្រោះតែតារារូបនេះសេពគ្រឿងញៀន ។ សីហា ដែលត្រូវបានគេមើលឃើញថាជាតារាមានសមត្ថភាពខ្ពស់ ក្នុងចំណោមម្ចាស់ពានទាំងឡាយរបស់ហង្សមាស នោះ ពេលខ្លះលោកត្រូវបានប៉ូលិសចាប់ខ្លួន ពាក់ព័ន្ធជក់គ្រឿងញៀន នៅផ្ទះសំ ណាក់ ដែលធ្វើឲ្យរូបគេអស់ផ្លូវដើរ ដោយសាតែអ្នកដែលធ្លាប់ជួយរូបគេ ក្នុងនោះមានទាំងលោកស្រី ទ្រី ដា ណា ម្នាក់ផងដែរ ដែលចំណាយលុយអស់ជាង ១០ម៉ឺនដុល្លារ លើសីហា ក្នុងការផលិតបទចម្រៀងឲ្យសីហា និងផ្ដល់ឲ្យប្រាក់ខែខ្ពស់នោះ លែងមានទំនុកចិត្ត ហើយឈប់ផ្ដល់ឱកាសឲ្យម្ចាស់ពានរូបនេះទៀត។ សីហា ក៏ត្រូវបែកបាក់ប្រពន្ធ ហើយកូនស្រីខ្លួនបានទៅប្រពន្ធ ជាអ្នកមើលថែ ទើបពេលនេះ លោកតែលតោល ហើយការសន្យាថា ឈប់សេពគ្រឿងញៀន ម្ដងជាពីរដងនោះ មិនត្រូវបានគេជឿជាក់ទេ ។

លោករិទ្ធិ អូមេហ្គា

ទោះជាយ៉ាងណា តាម រយៈការអះអាងរបស់លោករិទ្ធិ អូមេហ្គា ដែលថាសីហា ព្យាយាមហាត់ប្រាណ និងហាត់ចម្រៀងឡើងវិញនោះ គេរង់ចាំមើលថាតើអតីតតារាហង្សមាស ដែលអះអាងថា កន្លងមកខ្លួនគ្រាន់តែជាជនរងគ្រោះសេពគ្រឿងញៀន មិនមែនជាអ្នកចែកចាយគ្រឿងញៀននេះ អាចស្ដារកេរ្ដិ៍ឈ្មោះ ក្លាយជាតារាល្បីឡើងវិញ បានដែរឬអត់? ស្របពេលដែលអ្នកធ្លាប់គាំទ្រសំឡេងរបស់សីហា តាំងពីពេលប្រឡងនៅហង្សមាស នៅតែយល់ថា សំឡេងសីហា នៅតែល្អ បើគេព្យាយាមកែខ្លួន ប្រឹងហាត់ច្រៀងឡើងវិញ ផ្តាច់ពីគ្រឿងញៀនបានទាំងស្រុង នោះទៅអនាគត អាចនឹងក្លាយជាតារាចម្រៀងល្បី៕

RELATED ARTICLES