Saturday, May 10, 2025
Homeតារាខ្មែរ អ៊ីវ៉ា ដើរផ្លូវត្រូវ?

 អ៊ីវ៉ា ដើរផ្លូវត្រូវ?

ភ្នំពេញ ៖ តារាចម្រៀង ឃីន ស្រីនាថ ហៅអ៊ីវ៉ា បានបង្ហាញអារម្មណ៍រីករាយក្នុងជីវិតជាតារាចម្រៀង របស់ផលិតកម្មសាន់ដេ ដោយមិនកំណត់ថា នៅច្រៀងប៉ុន្មានឆ្នាំទៀត ឬចេញនៅពេលណាឡើយ បន្ទាប់ពីឈរជើងនៅទ្រនំនេះ អស់រយៈពេលជាង១០ឆ្នាំ ។ ស្រីនាថ បានចេញសារអរគុណក្រុមការងារសាន់ដេ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ខណៈដែលការសម្រេចចិត្តមិនចេញពីសាន់ដេ ចូលហង្សមាស នោះ ត្រូវបាន Fan របស់អ៊ីវ៉ា ថាជាការជ្រើសផ្លូវត្រូវរបស់នាង ព្រោះបើស្រីនាថ ចូលហង្សមាស ម្ល៉េះពេលនេះនាងក៏ត្រូវប្រឈមការដើរចេញពីផលិតកម្មនោះ ដូចតារាល្បីៗផ្សេងៗទៀត របស់ហង្សមាស ដែរជាមិនខាន។ ហេតុនេះការធ្វើជាតួរង តែគ្មានហានិភ័យក្នុងអាជីព ទើបអ៊ីវ៉ា សុខចិតត្តក្រាញនៅសាន់ដេ ដោយគ្មានផែនការទៅផលិតកម្មណាផ្សេងទេ បើទោះជាមានដំណឹងថា Galaxy ក៏ចង់បាននាងដែរក៏ដោយ។ ចំណែកថៅកែសាន់ដេ នៅតែផ្ដល់តម្លៃដល់នាង គឺច្រៀងដោយគ្មានកុងត្រា ហើយនាងអាចច្រៀងតែបទដែលខ្លួនស្រលាញ់ បទមិនចូលចិត្ត មានសិទ្ធិបដិសេធ។

  តាមប្រភពថា អ៊ីវ៉ា ព្រមធ្វើជាតួរងសុខ ពិសី ព្រោះតែឪពុកនាង លោកអ៊ូ វ៉ាវ និយាយថាស្រីនាថ ចាត់ទុក ផលិតកម្មនេះ ដូចជាឪពុកម្ដាយទី២ ។ ប៉ុន្ដែអ៊ីវ៉ា នឹងមិនព្រមធ្វើជាតួរងរបស់តន់ ច័ន្ទសីម៉ា ទេ ហេតុនេះហើយ បានជានាងបដិសេធទៅរួមទ្រនំថ្មី ហ្គាឡាក់ស៊ី បើទោះជាទៅដល់នោះ នាងអាចមានដៃគូចម្រៀងប្រុសដែលល្បីៗ ហើយធ្វើឲ្យទីផ្សារចម្រៀងរបស់នាងមានការប្រែប្រួលក្ដី ។ លោកវ៉ាវ ថាកូនស្រីគាត់ មិនមែនច្រៀងឲ្យសាន់ដេ ជារៀងរហូតទេ គឺនាងធ្វើការទៅតាមពេលវេលា ហើយលោកថា ថៅកែផលិតកម្មនេះ ល្អ ស្រលាញ់កូនចៅ ចង់ឲ្យកូនចៅមានបាន ដូចជាការច្រៀងដោយគ្មានការកាត់ភាគរយពីតារាចម្រៀង ជាដើម ។

  កញ្ញាអ៊ីវ៉ា និងលោកលី សេងហួរ

តាមប្រភពថា អ៊ីវ៉ា អំឡុងពេលហង្សមាស ចង់បាននោះ ថោន ក៏ពេញចិត្តនាង មុនGalaxy ទៅទៀត ប៉ុន្ដែស្រីនាថ សុខចិត្តជ្រើសផ្លូវ «ឆ្នាំងចាស់ បាយឆ្ងាញ់» ទើបមិនរត់ចោលសាន់ដេ បើទោះជាមានអ្នកឲ្យយោបល់នាងថា ថៅកែមិនលើកនាងជាងសុខ ពិសី ជាដាច់ខាតក៏ដោយ។

  មជ្ឈដ្ឋានមហាជន មើលឃើញថា ឃីន ស្រីនាថ តាំងពីបង្ហាញមុខគូស្នេហាថ្មី លោកលី សេងហួរ ថៅកែក្លឹបបាល់ទាត់ សៀមរាប យូណាធីត កាលពីពាក់កណ្ដាលឆ្នាំ២០២៣ នោះមកពេលនេះ នាងមិនសូវសម្រុកចេញបទថ្មីៗទៀតទេ ពោលគឺយូរៗទើបចេញមួយបទ ព្រោះតែនាងនិងគូស្នេហ៍ មមាញឹកដាក់ទុនរកស៊ី Online ជាមួយគ្នា ។ យ៉ាងណា លោកសេងហួរ បានទុកខ្លួនជាអង្គរក្សរបស់អ៊ីវ៉ា ពោលគឺការពារផង មើលថែផង ដោយពេលខ្លះ លោកថែមទាំងDrama ថា ស្រីនាថ ចេះអរគុណគេគ្រប់គ្នា តែភ្លេចលោកជាអង្គរក្សទៀតផង។

  សូមបញ្ជាក់ថា អ៊ីវ៉ា បានលុបចោលមង្គលការ កាលពីឆ្នាំ២០២៤ ដែលប្រឆាំងនឹងបំណងរបស់ឪពុក លោកអ៊ូ វ៉ាវ ប៉ុន្ដែនៅឆ្នាំទី៩ នៃខួបស្នេហាជាមួយលោកលី សេងហួរ ឆ្នាំ២០២៥ ស្រីនាថ ក៏នៅតែមិនច្បាស់ពីថ្ងៃរៀបការ ក្រោយមានដំណឹងថា នាងបានភ្ជាប់ពាក្យជាមួយបុរសទ្រព្យស្ដុករូបនេះ តាំងពីឆ្នាំ២០២២។

  អ៊ីវ៉ា មិនលើកទូរស័ព្ទឡើយ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ទើបមិនអាចទាក់ទងសួរនាំពីរឿងរៀបការនេះបានទេ ។ ទោះជាយ៉ាងណា តាមព័ត៌មានថា ប្រសិនបើមានការជំរុញពីភាគីគូស្នេហ៍ និងក្រុមគ្រួសារនោះ ស្រីនាថ ពិបាកគេចរឿងចូលរោងការនេះតទៅទៀតបាន ដើម្បីចៀសវាងចំណងស្នេហា មានការប្រែប្រួល ។ ប៉ុន្ដែបញ្ហាធំដែលស្រីនាថ ស្ទាក់ស្ទើររឿងធ្វើកូនក្រមុំមែនទែននេះ ដោយសារតែនាងខ្លាចរៀបការរួច លែងមានកាគាំទ្រ បើទោះជាឪពុកនាង ធ្លាប់ប្រាប់ថា រឿងតារាល្បី មិនល្បី គឺនៅលើសមត្ថភាពរបស់តារា មិនមែនរឿងមានប្ដី មានកូន ក៏ដោយ ប៉ុន្ដែអ៊ីវ៉ា នៅតែអត់ហ៊ានប្រថុយ ៕

RELATED ARTICLES