Saturday, May 10, 2025
Homeតារាខ្មែររចនា រ៉ាវាឌី សង់វីឡា

រចនា រ៉ាវាឌី សង់វីឡា

ភ្នំពេញ ៖ តារាសម្ដែង និងបង្ហាញម៉ូដ កញ្ញា រចនា រ៉ាវាឌី បានបានបុកគ្រឹះសង់ផ្ទះវីឡាថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ដែលគ្រោងចំណាយថវិកាខ្ពស់រហូតដល់សែនដុល្លារ។ តារារួមអាជីពជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល ព្រោះរចនា រ៉ាវាឌី មួយរយៈនេះស្ងាត់ពីអាជីពសិល្បៈ ប៉ុន្ដែបែរជាមានលុយសង់វីឡា ខណៈដែលសេដ្ឋកិច្ចមិនសូវល្អ តារាខ្លះដាច់បាយ ។

រចនា រ៉ាវាឌី បានប្រាប់អ្នកយកព័តមាន «នគរធំ» នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ថាផ្ទះដែលនាងសាងសង់ គឺនៅលើផ្លូវហាណូយ (ផ្សារដីហុយ) សង្កាត់ភ្នំពេញថ្មី  ខណ្ឌសែនសុខ ដែលដីនោះ នាងបានទិញទុកជាយូរឆ្នាំមកហើយ។ នាងថានៅថ្ងៃបុកគ្រឹះសង់ផ្ទះវីឡានោះ នាងមិនបានអញ្ជើញតារាណាចូលរួមទេ គឺមានតែបងប្អូន ញាតិមិត្ត ព្រោះកម្មវិធីជាលក្ខណៈគ្រួសារ ហើយបុកគ្រឹះសង់ផ្ទះ មិនមែនពិធីឡើងផ្ទះទេ ។

រចនា រ៉ាវាឌី និយាយថា «ផ្ទះហ្នឹង ខ្ញុំសាងសង់លើដីទិញទុកយូរដែរហើយ ។ ខ្ញុំទើបសន្សំលុយបានធ្វើ និងបុកគ្រឹះថ្ងៃហ្នឹង ដែលតាមគម្រោង ការសាងសង់ប្រើពេលលឿនបំផុតប្រហែលជា ៦ខែ យូរបំផុតដល់ទៅ ១ឆ្នាំ»។

 រចនា រ៉ាវាឌី មិនប្រាប់ថា ផ្ទះនោះចំណាយលុយប៉ុន្មាន និងប្រាក់ទាំងនោះ ជារបស់នាងទាំងដុល  ឬមានគូស្នេហ៍ជួយជ្រោមជ្រែងឡើយ ។ ប៉ុន្ដែមានការកត់សម្គាល់ថា អំឡុងពេលដែលនាងរយាលៗពីការងារសិល្បៈនេះ រ៉ាវាឌី បានងាកទៅរកស៊ីមុខរបរខាងក្រៅសិល្បៈ ជាបន្ដបន្ទាប់ ជាង១ឆ្នាំមកនេះ ។ ការសង់ផ្ទះវីឡា របស់ រចនា រ៉ាវាឌី នាពេលនេះ ចំពេលដែលតារាសម្ដែង កញ្ញាហ្វា ហ្វា និងលោកសេង មង្គល កំពុងតែសាងសង់ផ្ទះវីឡាជូនឪពុកម្ដាយដែរ ទើបធ្វើឲ្យមហាជនស្ងើចសរសើរថា តារាៗ ពេលនេះកាន់តែមានជីវភាពធូរធារច្រើនហើយ បានជាសល់លុយសង់ផ្ទះវីឡា គ្រប់គ្នាបែបនេះ ។

 គួរបញ្ជាក់ថា ស្រីស្អាត រចនា រ៉ាវាឌី អាយុ២៥ឆ្នាំ មានទម្ងន់ ៦០គ.ក្រ កម្ពស់១,៦៨ ម៉ែត្រ ជាតារាបង្ហាម៉ូ សម្ដែងភាពយន្ដ និង MV ដែលមានភាពស្អិតល្មូតគ្នាខ្លាំងជាមួយលោកព្រីន ((Prince) រហូតធ្វើឲ្យមានការសង្ស័យថា អ្នកទាំងពីរជាសង្សារ ឬប្ដីប្រពន្ធ និងខ្លះខ្សឹបខ្សៀវគ្នាថា ពួកគេមានកូនជាមួយគ្នាទៀតផង ។ ប៉ុន្ដែក្នុងជំនួបផ្ទាល់ កាលពីពេលថ្មីៗនេះ រ៉ាវាឌី បានច្រានចោល និងថែមទាំងថា នាងមិនដែលមានគំនិតចង់យកសង្សារ ឬប្ដី ជាប្រុសស្អាតនោះទេ ។ អ្វីដែលនាងឈឺក្បាលនោះ តាំងពីគេច្រឡំនាងជាប្រពន្ធលោកព្រីន មក អត់មានអ្នកណាញ៉ែនាងឡើយ ស្ងាត់ច្រៀប ដែលបញ្ហានេះ នាំឲ្យមានការពិបាកក្នុងការជ្រើសរើសគូអនាគត មិនខាន ។ ប៉ុន្តែនាងថា ចិត្តនាងចង់បានម្ចាស់ស្នេហា ជាអ្នកនៅក្រៅរង្វង់សិល្បៈជាង ។

ដោយសារតែជាប់ដៃរកស៊ី រចនា រ៉ាវាឌី ថាមិនទាន់ទទួលការថតរឿងភាគ សកម្មដូចមុនទេ ព្រោះរឿងភាគ តម្រូវឲ្យចុះតាមខេត្ត ច្រើនថ្ងៃ ប្រើពេលយូរខែ ហើយនាងគ្មានពេលវេលាគ្រប់គ្រាន់។ ប៉ុន្ដែនាងថា សម្រាប់ការធ្វើការងារសិល្បៈខ្លីៗ ដូចជាស្ពត រឿងខ្លីៗ និងដើរម៉ូដ ជាដើម នាងនៅតែទទួលជាធម្មតា ។ ចំណែកទាក់ទងរឿងគ្មានសង្សារបណ្ដើរដូចគេនោះនាងរ៉ាវាឌី ធ្លាប់ដាក់ការសង្ស័យខ្លួនឯងថា «ឬមួយក៏ខ្ញុំស្អាតប៉ុណ្ណឹង មិនទាន់គ្រប់គ្រាន់ បានជាគ្មានអ្នកញ៉ែ?» ។

ទស្សនិកជនរង់ចាំមើលថា អនាគតស្វាមីរបស់ រចនា រ៉ាវាឌី ដែលអាចបង្ហាញខ្លួននៅថ្ងៃឡើងផ្ទះវីឡា នៅចុងឆ្នាំនេះ ជាប្រុសមិនសូវសង្ហា និងក្រៅសង្វៀនសិល្បៈ ដូចនាងតាំងចិត្តមែនឬយ៉ាងណា ? …»៕

RELATED ARTICLES