ភ្នំពេញ ៖ សុគន្ធ និសា បានប្រារព្ធខួបកំណើតគម្រប់៤២ឆ្នាំ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដែលនៅថ្ងៃពិសេសនោះ នាងទទួលបានកាដូបាច់ផ្កា កងដៃប្រាក់ និងកាឡិកាដៃ ជាដើម ពីមិត្តភក្ដិ និង Top Fan ។ ប៉ុន្ដែនិសា មិនបានបង្ហាញនូវកាដូដែលស្វាមីនាង លោកចៅ សម្បត្តិ ជូននាង ថាជាអ្វីខ្លះនោះទេ បើទោះជារៀងរាល់ឆ្នាំ ស្វាមី មិនដែលភ្លេចថ្ងៃខួបកំណើតនិងជូនកាដូនាង រាល់ឆ្នាំក្ដី ។ អ្វីដែលគួរឲ្យកត់សម្គាល់ និសា បង្ហាញទឹកមុខរីករាយ នៅថ្ងៃខួបរបស់ខ្លួន ពិសេសគឺការ Surprise ពេលបើកកាដូនោះតែម្ដង ដោយនាងថែមទាំងវាចាថាទោះជាផុតថ្ងៃខួបកំណើតទៅហើយ ប៉ុន្ដែនៅបើកទទួលកាដូធម្មតា ។

សុគន្ធ និសា មានឈ្មោះពិត ប៊ុន សុគន្ធា កើតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៨៣ នៅស្រុកឆ្លូង ខេត្តក្រចេះ ឪពុកឈ្មោះប៊ូ សុផារ៉ាត់ អតីតមន្រ្ដីតុលាការ ខេត្តក្រចេះ (ស្លាប់) ម្ដាយឈ្មោះជិន គីមលីន (មេផ្ទះ) មានបងប្អូន ៣នាក់ (ស្រី១ ប្រុស២) នាងជាកូនទី២។ និសា បានចាប់អាជីពចម្រៀង រយៈពេល ២៦ឆ្នាំ (១៩៩៩-២០២៥) មកហើយ ដែលកាលពីចុងឆ្នាំ២០២៤ នាងបានដើរចេញពីផលិតកម្មហង្សមាស ក្រោយធ្លាប់ច្រៀងឲ្យផលិតកម្មរស្មីស្ទឹងសង្កែ, Spark និងថោន ។ ការប្រារព្ធខួបកំណើតឆ្នាំនេះ របស់និសា ចំពេលដែលនាងធ្វើជាតារាចម្រៀងឯករាជ្យ ពោលគឺមិនទាន់ចូលផលិតកម្មថ្មីណាផ្សេងទៀតឡើយ ។

អ្នករួមអាជីព និងអ្នកគាំទ្រ (Fan) បានសរសើរនិសា ថាទោះជាពេលនេះនាងមានអាយុច្រើនបន្ដិចក៏ដោយ តែរូបសម្រស់ មិនមានការប្រែប្រួលច្រើនឡើយ ពោលគឺ «អាយុគ្រាន់តែជាតួលេខ» ប៉ុណ្ណោះ ។ ទោះជាយ៉ាងណា កង្វល់របស់អ្នកគាំទ្រនិសា មិនមែនខ្លាចនាងអាយុកើន ១ឆ្នាំទៀតនោះ ប្រឈមកាន់តែចាស់នោះទេ ប៉ុន្ដែរឿងធំ នាងអាយុ៤២ឆ្នាំ ទៅហើយ អត់ទាន់មានកូន ១គ្រាប់ បន្ដពូជ បើទោះជានិសា បានរៀបការស្វាមី លោកចៅ សម្បត្តិ អាណិកជនខ្មែរ មកពីរដ្ឋបូស្តុន (Boston) សហរដ្ឋអាមេរិក តាំងពីឆ្នាំ២០១៧ ពោលគឺមានប្ដី ជិត៨ឆ្នាំ ហើយនាងបានរៀបគម្រោងយកកូន តាំងពីឆ្នាំ២០២១ ក្ដី ប៉ុន្ដែលទ្ធផល ជាង៤ឆ្នាំនេះ គឺសូន្យ ។ បញ្ហានេះ ត្រូវបានអ្នកជំនាញខ្លះលើកឡើងថា និសា ពិបាកយកកូន ដោយសារតែនាងពន្យារពេលយកកូនច្រើនឆ្នាំពេក ។ ប៉ុន្ដែវ័យនេះមិនមែនមិនអាចមានលទ្ធភាពយកកូននោះទេ ។

សូមបញ្ជាក់ថា សុគន្ធ និសា ក្រោយចេញពីហង្សមាស ជាងកន្លះឆ្នាំមកនេះ នាងបានផលិតបទចម្រៀងថ្មីខ្លួនឯង បាន៥បទ មកហើយ ក្នុងនោះ មានដូចជា «ពេលខ្ញុំដួល អ្នកនៅឯណា?», «អារម្មណ៍ចាស់ៗ», Cover បទ «Please Stop» និងចេញ២បទ សម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ២០២៥ គឺ «ចាក់ក្រឡេកទយ» និង «សង្រ្កាន្ដជួបស្នេហ៍»។ ក្នុងចំណោមបទខាងលើ មានតែបទ «ចាក់ក្រឡេកទយ» ដែលនាងច្រៀងជាមួយរ៉ូលីន ដែលមានViews ច្រើនជាងគេ បើទោះជានាងមានការផ្លាស់ប្ដូរពីស្ទីលច្រៀងសម្ដែង សឹងតែទាំងស្រុង ហើយមិនមែនជាចរិតពិតរបស់នាងពីមុន ដែលគេផ្ដល់រហស្សនាមថា ជាតារា «ស្រគត់ស្រគំ»ម្នាក់ក៏ដោយ ។

ថ្វីត្បិតតែសុគន្ធ និសា បានកាដូច្រើន សម្រាប់ខួបកំណើតឆ្នាំនេះមែន ប៉ុន្ដែដូចរាល់ដងដែរ នាងមិនបានធ្វើពិធីជប់លៀងទ្រង់ទ្រាយធំ ដោយហៅអ្នករួមអាជីព និង Fan រាប់រយនាក់ផឹកស៊ី ដូចតារាមួយចំនួនទៀតទេ ។ ចំណែកស្វាមីនិសា លោកចៅ សម្បត្តិ ដែលជានាយកប្រតិបត្តិក្រុមហ៊ុនមែនញូឡាយ ប្រចាំកម្ពុជា តាមព័តមានថា លោកត្រៀមនាំនិសា ទៅដើរកម្សាន្ដនៅអាមេរិក និងបង្ហួសទៅប្រទេសជិតខាង នៅរដូវធ្លាក់ភ្លៀង ខាងមុខនេះ ។ និសា និងស្វាមី ក៏មិនដែលអស់សង្ឃឹមរឿងយកកូនប្រើនោះទេ ហើយនៅឆ្នាំ២០២៥ អ្នកទាំងពីរ អាចនឹងសម្រេចបំណងធំមួយនេះក៏ថាបានដែរ ព្រោះនិសា ត្រៀមខ្លួនពពោះកូនទី១ ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំ និងកក់ក្ដៅថែមទៀត ដោយមិនស្ដាយការខាតបង់លុយពីការងារសិល្បៈ ដែលកំពុងតែមមាញឹកនោះឡើយ ។

ក្រៅពីសុគន្ធ និសា តារាដែលមានស្វាមី ជាច្រើនឆ្នាំ អត់មានកូន មានដូចជា អ្នកនាងអឿន ស្រីមុំ (មេម៉ាយ), កែវ សីហា និងកែវ ពិសី ជាដើម ។ ប្រភពខ្លះថា និសា នៅតែចង់ផ្ដល់កំណើតកូនដំបូង លើទឹកដីអាមេរិក ទើបផែនការយកកូនរបស់នាង មិនរលូនដូចការរំពឹងទុក ដ្បិតនាងមិនទាន់បានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិក ៕



