ភ្នំពេញ ៖ នាដការីស្រស់សោភា សុខគា គីមលាង បានសម្រេចចិត្តចូលរួមវេទិកាប្រកួតសម្រស់ «ស្ត្រីសកល ២០២៥» (Universal Woman 2025) តាមរយៈការតំណាងឲ្យកម្ពុជា (Universe Woman Cambodia) ដើម្បីចូលរួមប្រកួតបវរកញ្ញានៅប្រទេសឥណ្ឌា (Universal Woman) នៅខែឧសភា ឆ្នាំ២០២៥ ខាងមុខ ។
តើហេតុអ្វីបានជានាដការី សុគា គីមលាង ដែលបច្ចុប្បន្នជាគ្រូបង្រៀនផ្នែករបាំបុរាណ និងរបាំព្រះរាជទ្រព្យ នៅសាលាមធ្យមវិចិត្រសិល្បៈ សម្រេចចិត្តចូលរួមប្រកួតបវរកញ្ញា ?

ខាងក្រោមនេះជាបទសម្ភាសន៍របស់អ្នកយកព័ត៌មាន «នគរធំ» ជាមួយកញ្ញាសុខគា គីមលាង ហៅកូនស្រមោច កាលពីថ្ងៃទូ២៩ ខែមេសា ឆ្នាំ២០២៥ ៖
នគរធំ ៖ មានដំណឹងថា កញ្ញាសុខគា គីមលាង ត្រៀមទៅប្រលងបវរកញ្ញា នៅប្រទេសឥណ្ឌា តើពេលនេះបានហ្វឹកហាត់អ្វីខ្លះដែរ ?
សុខគា គីមលាង ៖ រាល់ថ្ងៃនេះបង្វឹកខ្លាំងទៅលើការហ្វឹកហាត់ មិនថាការដើរ សំណួរចម្លើយ និយាយទៅ ឲ្យ តែថាខាងកម្មវិធីបវរកញ្ញាគាត់ត្រូវការ ខ្ញុំត្រូវតែហ្វឹកហាត់ ដោយសារតែខ្ញុំជាអ្នករបាំ អ៊ីចឹងខ្ញុំមិនដែលឆ្លងកាត់នូវបែបលក្ខណៈការប្រកួត ក៏ដូចជាតំណាងឲ្យប្រទេស ទៅប្រលងខាងវិស័យបវរកញ្ញាទេ អ៊ីចឹងហើយខ្ញុំត្រូវការហ្វឹកហាត់ខ្លាំង។

នគរធំ ៖ តើខាងក្រុមហ៊ុនណា ជ្រើសកញ្ញាសុខគា គីមលាង ឲ្យទៅប្រលងបវរកញ្ញាតំណាងឲ្យខ្មែរ នៅឥណ្ឌា ?
សុខគា គីមលាង ៖ កម្មវិធីដែលជ្រើសខ្ញុំតំណាងឲ្យខ្មែរ ទៅប្រកួតនៅឥណ្ឌា ហ្នឹង មានឈ្មោះថា «ស្ដី្រ សាកល» (Universal Woman 2025 ) ហើយអ្នកបង្កើតកម្មវិធីនេះ គឺអ្នកនាងប្រាសាទ ដាវីន ។ គាត់បានហ្វឹកហាត់ខ្ញុំ និងតែងតាំងជ្រើសរើសខ្ញុំ ដោយមិនមានការប្រកួតទេ ដោយសាតែឃើញនូវចំណុចមួយដែលខ្ញុំអាចទៅរួច អ៊ីចឹងហើយអត់មានការប្រកួតទេ គឺអ្នកគ្រប់គ្រងចាត់បេក្ខភាពទៅប្រលងតែម្ដង ។ Miss Universal Woman នេះ សម្រាប់ឆ្នាំមុន ខ្មែរយើងធ្វើជាម្ចាស់ផ្ទះ ហើយខ្មែរយើងបានទទួលជ័យលាភីលេខ៣ ផងដែរ ។ ឆ្នាំនេះ អ្នកនាងប្រាសាទ ដាវីន ផ្ទាល់ នឹងបញ្ជួនខ្ញុំជាតំណាងឲ្យប្រទេសកម្ពុជា ទៅប្រលងផ្ទាល់ នៅទីក្រុងចៃពូ នៃប្រទេសឥណ្ឌា នៅខែឧសភា ខាងមុខនេះ។
នគរធំ ៖ តើកម្មវិធី Universal Woman នេះ មានចំណុចល្អយ៉ាងណាខ្លះ ទើបកញ្ញាសុខគា គីមលាង សម្រេច ចិត្តធ្វើជាអ្នកតំណាងកម្ពុជា ទៅប្រកួតលើឆាកអន្ដរជាតិ ?
សុខគា គីមលាង ៖ Universal Woman អាចឲ្យសិទ្ធិជាស្រ្ដីមានកូន មានគ្រួសារ អ្នកនៅលីវ ក៏អាចចូលរួមប្រកួតបានដែរ អីចឹងហើយអ្វីដែលខ្ញុំចង់ចូលកម្មវិធីនេះជាជំហានដំបូងរបស់ខ្ញុំ គឺខ្ញុំស្រលាញ់ត្រង់ហ្នឹង នូវការផ្ដល់តម្លៃស្រ្ដីដែលគាត់មានប្ដី កូន គ្រួសារ និងស្រ្ដីដែលមិនទាន់មានគ្រួសារ គឺគាត់អាចចូលរួមបាន និងលើកកម្ពស់តម្លៃស្រ្ដី អាចឲ្យពួកគាត់មានកម្លាំងជំរុញ ជឿជាក់លើខ្លួនឯង មានសម្ថភាពជាស្រ្ដីដែលមានតម្លៃ ។
នគរធំ ៖ ជានាដការីម្នាក់ និងជាគ្រូបង្រៀនរបាំបុរាណផង ហើយតាមដឹង កម្មវិធីប្រលងបវរកញ្ញា តែងតែមានបង្ហាញឈុតប៊ីគីនី អីចឹងកញ្ញាគីមលាង គិចយ៉ាងម៉េចដែរ ?
សុខគា គីមលាង ៖ កម្មវិធី Universal Woman នេះអត់មានពាក់ឈុតប៊ីគីនីទេ ហើយបង្កើតបាន ៣ឆ្នាំហើយ។ ឆ្នាំទី១ អ្នកនាងប្រាសាទ ដាវីន គាត់បានចូលរួមនៅឌូបៃ ដែលប្រកួតនៅអន្ដរជាតិ តំណាងឲ្យកម្ពុជា។ ឆ្នាំទី២ គឺខ្មែរយើងម្ចាស់ផ្ទះ ដែលមានបវរកញ្ញាជាច្រើនដំបូងបង្អស់ តែងនូវអប្សរា គឺមានតែ Miss Universal Woman ទេ ដែលពួកគាត់ជាបវរកញ្ញា ដែលយើងនាំមកខ្មែរយើង ជាម្ចាស់ផ្ទះ ហើយតែងគ្រឿងឲ្យពួកគាត់ស្គាល់នូវអរិយធម៌ខ្មែរ វប្បធម៌ខ្មែរ របាំខ្មែរ និងអប្សរា ។

នគរធំ ៖ ក្រៅពីត្រៀមទៅប្រកួតនៅប្រទេសឥណ្ឌា តើនៅឆ្នាំ២០២៥ កញ្ញាសុខគា គីមលាង មានថតរឿងថ្មីទេ ?
សុខគា គីមលាង ៖ នៅឆ្នាំ២០២៥ ខ្ញុំអត់ទាន់ថតរឿងថ្មីទេ ព្រោះវិស័យភាពយន្ដ ខ្ញុំបានប្រឡូកហើយ តែខ្ញុំមិនបញ្ចប់ទេ គ្រាន់តែថា ចង់បន្ថែមនូវវិស័យបវរកញ្ញាមួយទៀត ហើយជាជំហានដំបូងបំផុតសម្រាប់ខ្ញុំ។ សំណាងដែរ អត់មានឈុតប៊ីគីនីទេ អត់ឈុតសិចស៊ីទេ គឺមានតែឈុតរ៉ូប ។ ប៉ុន្ដែទៅមុខទៀត មិនថាកម្មវិធីបវរកញ្ញាបែបណា គឺបើសិនជាមានឈុតប៊ីគីនី ក៏ខ្ញុំនៅតែចូលរួម ដោយសារតែខ្ញុំគិតថា កម្មវិធីដែលខ្ញុំជ្រើសរើស គឺជាកម្មវិធីមួយដែលមានតម្លៃ ហើយជាការជាក់លាក់ Professional មិនសិចស៊ីពេក អត់ឲ្យខុសគោការណ៍ និងលើសអ្វីដែរ ព្រោះខ្ញុំជាអ្នករបាំបុរាណខ្មែរ ហើយយើងឲ្យទៅតាមទាន់សម័យកាល មិនបរទេស សម័យបុរាណ មិនយឺត ។

នគរធំ ៖ សំណួរចុងក្រោយ តើកញ្ញាសុខគា គីមលាង នឹងរៀបការប្ដី នៅពេលណា?
សុខគា គីមលាង ៖ អាល័យតែរវល់ប្រលង ការងារសង្គម ការងារផ្ទាល់ខ្លួន និងការងារពាណិជ្ជកម្ម ចង់និយាយថា អត់មានពេលណាគិតរឿងគូស្រករទេ ។ ខ្ញុំក៏មិនទាន់បើកចិត្តដែរ ព្រោះខ្ញុំអត់ទាន់ដល់វ័យដែលត្រូវការមានគ្រួសារទេ ដោយសារខ្ញុំនៅមានកាតព្វកិច្ចត្រូវបំពេញជាច្រើន ៕

