Thursday, May 1, 2025
Homeព័ត៌មានជាតិគណបក្សជំនាន់ថ្មី ពង្រឹងនយោបាយការទូត ជាមួយសភាពអឺរ៉ុប និងជប៉ុន

គណបក្សជំនាន់ថ្មី ពង្រឹងនយោបាយការទូត ជាមួយសភាពអឺរ៉ុប និងជប៉ុន

ភ្នំពេញ ៖ ក្នុងកាត្រៀមខ្លួនចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៨ ខាងមុខ គណបក្សជំនាន់ថ្មី ដែលមានលោកមាជ សុវណ្ណារ៉ា ជាប្រធាន បានស្វែងរកការពង្រឹងពង្រីកកិច្ចសហប្រតិការនយោបាយការទូតជាមួយប្រទេសប្រជាធិបតេយ្យ រួមមានសហភាពអឺរ៉ុប ជប៉ុន ជាដើម ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រតិភូនៃគណបក្សជំនាន់ថ្មី ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្ស បានជួបសម្តែងការគួរសម ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនយោបាយការទូត ជាមួយលោក អែនឌ្រាស ប៊ឺក (Andreas Berg) ភារធារីនៃស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា ក្នុងការលើកបង្ហាញពីបាវចនា «គុណតម្លៃ-ចក្ខុវិស័យ-បេសកកម្ម» និងវត្ថុបំណងចូលរួមកសាងសង្គមប្រជាធិបតេយ្យ មានសុខុមាលភាពល្អ និងការគោរពសិទ្ធិមនុស្ស ដោយស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់គណបក្សនយោបាយ ដែលគណបក្សជំនាន់ថ្មី ជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ដែលមានបាវចនា « សាមគ្គី សេរីភាព យុត្តិធម៌ សន្តិភាព ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សជំនាន់ថ្មី គុណតម្លៃនៃគណបក្សនេះ ផ្តើមចេញពីប្រជាពលរដ្ឋខ្មែរ របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីប្រជាពលរដ្ឋខ្មែរ។ ចក្ខុវិស័យនៃគណបក្សជំនាន់ថ្មី ជាជម្រើសថ្មីរបស់ប្រជាពលរដ្ឋខ្មែរ ជាថ្នាលបណ្តុះពូជ និងជាមជ្ឈមណ្ឌលកសាងសមត្ថភាព ធនធានមនុស្ស ឬអ្នកនយោបាយ ដោយប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សជំនាន់ថ្មី នៅប្រទេសកម្ពុជា ។ បេសកកម្មនៃការរៀបចំកម្មវិធីនយោបាយតាមឆន្ទៈប្រជាពលរដ្ឋ ជ្រើសរើសតំណាងពលរដ្ឋដោយតម្លាភាព សមត្ថភាព ស្នាដៃ គុណតម្លៃនៃឧត្តមគតិជាតិ ជាបេក្ខភាពឈរឈ្មោះបោះឆ្នោតដើម្បីដឹកនាំប្រទេស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា និងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ប្រាប់ «នគរធំ» នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា “វាជារឿងធម្មតានៅក្នុងសង្គមប្រជាធិបតេយ្យ ហើយយើងដឹងហើយថា សហគមន៍អឺរ៉ុប គឺជាប្រទេសដែលមានសមាជិកដល់ទៅ ៣០ប្រទេស ដែលប្រទេសនេះគឺយកចិត្តទុកដាក់ទៅនឹងអ្វីជាគោលគ្រឹះរបស់សង្គមប្រជាធិបតេយ្យ គឺគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ពិសេសគឺបញ្ហាសេរីភាពក្នុងការបញ្ចេញមតិ និយាយស្ដី ទៅនឹងសិទ្ធិធ្វើនយោបាយពេញលេញ ដែលគ្មានការគាបសង្កត់ គំរាមកំហែង បំភិតបំភ័យ ហើយអ្វីដែលយើងចង់បាន ពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងនាមប្រទេសដែលនៅក្នុងសហគមន៍សហភាពអឺរ៉ុបហ្នឹង គឺជាប្រទេសដែលធ្លាប់ចុះហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ឲ្យកម្ពុជាក្លាយពីប្រទេសកុម្មុយនីស្ត ប្រទេសផ្ដាច់ការ មកជាប្រទេសដែលអនុវត្តគោលការណ៍ប្រជាធិបតេយ្យ របបសេរីពហុបក្ស ហើយអ្វីដែលសំខាន់ទៅទៀត គឺថា សហភាពអឺរ៉ុបបានជួយកម្ពុជា ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អហ្នឹង ក្នុងន័យថា ចង់ឃើញពលរដ្ឋម្ចាស់ប្រទេសហ្នឹងយល់ដឹងអំពីអ្វីជាគោលការណ៍ប្រជាធិបតេយ្យ កាតព្វកិច្ចសិទ្ធិរបស់ខ្លួនទៅនឹងការសម្រេចសិទ្ធិការបោះឆ្នោត ការជ្រើសរើសមេដឹកនាំ ការដឹកនាំប្រទេស ដើម្បីឲ្យមានការកសាង និងអភិវឌ្ឍនូវអ្វីដែលចង់ឃើញកម្ពុជាអនុវត្តនូវគោលការណ៍នីតិរដ្ឋ ហើយចូលរួមសកម្មក្នុងរឿងនយោបាយ រឿងកសាងជាតិ និងការអភិវឌ្ឍផ្សេងៗទៀត ។ អ៊ីចឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស វាជារឿងមួយដែលគណបក្សក្រៅរដ្ឋាភិបាល ដូចជាគណបក្សជំនាន់ថ្មីហ្នឹងចង់បានកិច្ចសហប្រតិបត្តិការបែបណាដែលជាបែបនយោបាយការទូតឲ្យគ្នា ជាការបម្រើនូវផលប្រយោជន៍ឲ្យភាគីទាំងពីរហ្នឹង គឺថាភាគីនៃកិច្ចព្រមព្រៀងសន្ធិសញ្ញាណាមួយ ទៅនឹងនយោបាយការបរទេស ការធ្វើជំនួញជួញដួរសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏ដូចជាការអនុវត្តនូវអ្វីជាគោលការណ៍ប្រជាធិបតេយ្យ អភិបាលកិច្ចល្អបំបាត់នូវអំពើពុករលួយ ឬក៏បញ្ហាដែលធ្វើឲ្យប៉ះពាល់អសន្តិសុខដល់ប្រទេសជាតិ ជាទ្វេភាគី ជាពហុភាគី ឯកតោភាគីអីហ្នឹង“ ។

នៅក្នុងជំនួបជាមួយភារធារីនៃស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា គណបក្សជំនាន់ថ្មី បានលើកឡើងថា វត្ថុបំណងនៃប្រជាពលខ្មែរ មានឯកភាពជាតិ មានសាមគ្គីភាព មានសិទ្ធិសេរីភាពពេញលេញ ក្នុងការសម្រេចវាសនាប្រទេសជាតិ ដឹកនាំការអភិវឌ្ឍប្រទេស ដោះស្រាយបញ្ហាលំបាក ទុក្ខវេទនារបស់ប្រជាពលរដ្ឋ ឱ្យមានជីវភាពសម្បូរសប្បាយរុងរឿង ជាប្រទេសឯករាជ្យ អព្យាក្រឹត នីតិរដ្ឋ គោរពសិទ្ធិមនុស្ស មានកេរ្តិ៍ឈ្មោះល្អ ប្រពៃណីថ្លៃថ្នូរ សេដ្ឋកិច្ចជឿនលឿន ដូចអរិយប្រទេសនានាលើពិភពលោក ។ គណបក្សជំនាន់ថ្មី ប្រកាសខ្លួនឯងជាគណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយនៅកម្ពុជា ជាប៉ូលថ្មីដែលត្រៀមនឹងចូលរួមប្រកួតប្រជែងគោលនយោបាយ-កម្មវិធីនយោបាយ ជាមួយអ្នកឈាមថ្មី ឬអ្នកបន្តវេន នៃគណបក្សកាន់អំណាច CPP ដោយសេរី យុត្តិធម៌ ត្រឹមត្រូវ ស្មើភាពគ្នា អាចទទួលយកបាន តាមរយៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) ឈរលើជំហរឯករាជ្យ និងអព្យាក្រឹត ។

លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានមានប្រសាសន៍សង្កត់ធ្ងន់ត្រង់លោកមាជ សុវណ្ណារ៉ា បន្តថា «ចំណុចនេះថា “សហភាពអឺរ៉ុប លោកតែងតែបានធ្វើសេចក្ដីថ្លែងការណ៍ថ្កោលទោស និងការដាក់ទណ្ឌកម្ម ដាក់សម្ពាធ ឥទ្ធិពលនយោបាយ នូវអ្វីដែលកម្ពុជា តែងតែដើររំលង លើសនូវគោលការណ៍ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដោយអនុវត្តនីតិរដ្ឋហ្នឹងឲ្យល្អប្រសើរ នៅក្នុងស្ថានភាព យើងឃើញហើយ ការដែលចាប់ប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា ដាក់គុក ហើយនិងរំលាយគណបក្សសង្រ្គោះជាតិ និងការដាក់ទណ្ឌកម្ម និងថ្កោលទោសរហូតដល់កាត់នូវអនុគ្រោះពន្ធ EBA ហើយនិងឈានទៅរកការកាត់បន្ថែមទៀត ទោះបីមិនប៉ះពាល់ដល់រដ្ឋាភិបាល ដែលរដ្ឋាភិបាល អាងថាមិនប៉ះពាល់ក៏ដោយ ក៏វាប៉ះពាល់ទៅដល់ពលរដ្ឋជិត ១លាននាក់ នៅក្នុងចំណោម ៣លានគ្រួសារហ្នឹង ដែលគាត់មានកូនចៅគាត់ទៅធ្វើកម្មករកាត់ដេរ រោងចក្រដេររោងចក្រសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ ក៏ដូចជារោងចក្រផ្សេងៗ ដែលនឹងឲ្យនាំផលិតផលដែលផលិតនៅកម្ពុជា តាមរយៈការអនុគ្រោះពន្ធ EBA ហ្នឹង គឺទៅសហភាពអឺរ៉ុប យើងឃើញថា តើក្នុង ១ឆ្នាំៗ យើងខាតអស់ប៉ុន្មាន? អស់ជាង១ពាន់លាន ហើយចុះបើគេកាត់បន្តទៀត ហើយអាចធ្វើឲ្យក្រុមហ៊ុនអត់មានទីផ្សារនាំចូល ត្រូវបានកាត់ប្រព័ន្ធអនុគ្រោះពន្ធ ហើយធ្វើឲ្យអ្នករកស៊ីវិនិយោគបរទេសហ្នឹង ក៏គេបញ្ឈប់រោងចក្រ បញ្ឈប់អីទៅ វាធ្វើឲ្យកម្មករអត់មានការងារធ្វើ ចំណាកចោលស្រុក ហើយវាធ្វើឲ្យប៉ះពាល់ដល់កត្តាជីវភាព និងបំណុលគ្រួសារគ្រប់សព្វបែបយ៉ាង ។ ហ្នឹងជាបញ្ហាដែលយើងចង់ឃើញដំណោះស្រាយមួយរវាងសហភាពអឺរ៉ុប ទៅនឹងរដ្ឋាភិបាលនៃបក្សកាន់អំណាច ហើយក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល គណបក្សជំនាន់ថ្មី យើងចង់ឃើញការជជែកគ្នា ការរកដំណោះស្រាយគ្នាបែបណាមួយអាចទទួលយកគ្នាបាន ដោយថយមួយជំហានម្នាក់ គ្មានការគាបសង្កត់ គ្មានដាក់សម្ពាធ ឥទ្ធិពល ឬក៏ដាក់ទណ្ឌកម្មបែបណា ហើយក៏ឲ្យវាឃ្លាតឆ្ងាយអំពីការចោទប្រកាន់គ្នាដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យ និងផ្ទៃក្នុងនៃប្រទេសកម្ពុជា អីជាដើម»។

លោកមាជ សុវណ្ណារ៉ា បន្តទៀតថា «អាហ្នឹងហើយជាដំណោះស្រាយដែលគណបក្សជំនាន់ថ្មីចង់ឃើញ ហើយជាការពិត សហភាពអឺរ៉ុបនេះ គឺតែងតែយកចិត្តទុកដាក់លើការបោះឆ្នោតនៅកម្ពុជា រហូតដល់ជួយថវិកាក្នុងការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជួយអ្នកសង្កេតការណ៍ ក៏ដូចជាបង្កើននូវលក្ខណៈបច្ចេកទេសបែបណាសម្រាប់ឲ្យការបោះឆ្នោត សេរីនិងយុត្តិធម៌ ត្រឹមត្រូវ អាចទទួលយកបាន ។ មានន័យថា គ.ជ.ប ហ្នឹងស្ថិតក្នងភាពឯករាជ្យ អព្យាក្រឹត មិនស្ថិតនៅក្នុងសម្ពាធអ្នកនយោបាយ ឬក៏និន្នាការគណបក្សណា ។ អ៊ីចឹងហើយយើងចង់ឃើញយ៉ាងហោចណាស់ការកែទម្រង់ហ្នឹង វាមិនល្អឥតខ្ចោះទេ តែឲ្យវាដូចដែលកាលប្រទេសជប៉ុន មានកិច្ចសហការក្នុងលក្ខណៈបច្ចេកទេស និងចូលរួមកំណែទម្រង់ គ.ជ.ប កាលពី២០១៧ ដែលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ យើងឃើញថា មានភាពល្អប្រសើរ វាអត់បង្កើតនូវបច្ចេកទេស ឬក៏ទម្រង់បែបបទណាស្មុគស្មាញ ធ្វើឲ្យមានការចោទប្រកាន់ពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ធ្វើឲ្យពលរដ្ឋម្ចាស់ឆ្នោត មានការធុញទ្រាន់ទៅនឹងការបោះឆ្នោត ដោយបាត់ការជឿជាក់ទៅលើគោលជំហរមិនឯករាជ្យ មិនអព្យាក្រឹត ដោយសារតែគេមើលឃើញថា គ.ជ.ប អាចស្ថិតនៅក្រោមសម្ពាធឥទ្ធិពលបក្សកាន់អំណាច បើទោះបី គ.ជ.ប ស្ថិតនៅក្នុងធម្មនុញ្ញភាពនៃរដ្ឋធម្មនុញ្ញ ជាអង្គការស្ថាប័នឯករាជ្យមួយ សម្រាប់រកយុត្តិធម៌ឲ្យគណបក្សនយោបាយ ឲ្យពលរដ្ឋបោះឆ្នោតអីហ្នឹង ។ អាហ្នឹងយើងត្រូវការចាំបាច់ ហើយក៏បានលើកនៅក្នុងជំនួបជាមួយនឹងភារធារី ដែលជាតំណាងឯកអគ្គរដ្ឋទូតអឺរ៉ុប ក្នុងការចង់បាននូវកំណែទម្រង់ដ៏ពិតប្រាកដមួយរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត“ ។

អ្វីជាការកត់សម្គាល់បន្ថែមទៀត គណបក្សជំនាន់ថ្មី ប្តេជ្ញាក្នុងនាមគណបក្សក្រៅរដ្ឋាភិបាល ត្រូវគិតគូរឡើងវិញនូវសណ្តាប់ធ្នាប់នយោបាយថ្មី នៃអ្នកជំនាន់ថ្មី ឈាមថ្មី គំនិតថ្មី «គិតថ្មី ធ្វើថ្មី» ដើម្បីតម្កល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជារាស្រ្ត ឱ្យរឹងមាំនៃសិទ្ធិសេរីភាពទៅនឹងជីវភាពរស់នៅល្អប្រសើរ ការរុងរឿងនៃល្បឿនសេដ្ឋកិច្ចជាតិ និងសេចក្តីថ្លៃថ្នូរនៃកិត្យានុភាពលើឆាកអន្តរជាតិក្នុងនយោបាយការទូត ។ គណបក្សជំនាន់ថ្មី នៃយុគសម័យថ្មី ដោយអ្នកបន្តវេន ឬអ្នកជំនាន់ក្រោយ រួមគ្នាបង្កើតការបង្រួបបង្រួមជាតិ ដោយទំនុកចិត្ត និងផ្សះផ្សារបួសស្នាមបែកបាក់ជានិច្ចនិរន្តរ៍មួយ ក្នុងដំណើរឆ្ពោះទៅមុខ ទៅរកការរីកចម្រើន និងសេចក្តីថ្លៃថ្នូរ ដែលគ្មានហិង្សានយោបាយ ឬការរើសអើងនិន្នាការ និងគំនិតជ្រុលនិយមឡើយ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍ជុំវិញចំណុចនេះថា “សណ្ដាប់ធ្នាប់ថ្មី ដែលគណបក្សជំនាន់ថ្មី ត្រូវគិតគូរ គឺសណ្ដាប់ធ្នាប់មួយដែលឈរនៅលើសុចរិតភាពនយោបាយ ឈរនៅលើតម្លាភាព គណនេយ្យភាពនៃការប្រកួតប្រជែងផ្នែកនយោបាយ ដែលយើងគោរពនូវរដ្ឋធម្មនុញ្ញ សេរីភាពពហុបក្ស ការប្រកួតប្រជែងគោលនយោបាយ កម្មវិធីគោលនយោបាយមួយ ដោយគ្មានការដាក់សម្ពាធ ការគំរាមកំហែង ឥទ្ធិពលនយោបាយណាគ្របដណ្ដប់មកលើអ្វីដែលយើងជាគូប្រកួតប្រជែង មិនមែនជាគូប្រកួតស៊ីសាច់ហុតឈាម រើសអើងនិន្នាការបក្ស ហើយបំផ្លាញដោយសារគំនុំបុគ្គលអ្នកនយោបាយ ហើយយើងបំផ្លាញនិន្នាការបក្សមួយទៅបក្សមួយ ដោយសារឥទ្ធិពលអំណាច ឬក៏ការធ្វើអ្វីបែបទុច្ចរិតនយោបាយ អាហ្នឹងហើយដែលយើងអត់ចង់ឃើញ ចង់ឲ្យបំបាត់នូវវប្បធម៌ដាក់សម្ពាធឥទ្ធិពល វប្បធម៌ដែលចង់បំផ្លាញគ្នា ជាជាងដែលយើងចង់បានសេចក្ដីសុខជូនជាតិ ជូនប្រជារាស្រ្ត ខ្ញុំថា សណ្ដាប់ធ្នាប់ថ្មីមួយ ដែលត្រូវតែគណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា អ្នកបន្តវេន អ្នកជំនាន់ថ្មីហ្នឹងត្រូវរៀបចំសណ្ដាប់ធ្នាប់ណាដែលជាការដឹកនាំតាមបែបនីតិរដ្ឋ មិនរំលោភអំណាចហួសព្រំដែន យើងដឹងហើយ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ នីតិតុលាការ ។ អ៊ីចឹងយើងត្រូវធ្វើបែបណា ដើម្បីឲ្យមានការជឿជាក់ក្នុងនាមប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស សិទ្ធិធ្វើនយោបាយពេញលេញ សិទ្ធិគ្មានការគាបសង្កត់ គំរាមកំហែង សិទ្ធិចូលរួមប្រកួងប្រជែងស្មើមុខ ស្មើមាត់គ្នា មិនថា បក្សកាន់អំណាច មិនថាបក្សក្រៅរដ្ឋាភិបាល សិទ្ធិនៃអង្គការសង្គមស៊ីវិលជាកញ្ចក់ឆ្លុះបញ្ចាំង អំណាចសារព័ត៌មានជាអំណាចឯករាជ្យ ប្រកបទៅដោយវិជ្ជាជីវៈ ក្រមសីលធម៌ ខ្ញុំថា អាទាំងអស់ហ្នឹងហើយដែលរដ្ឋាភិបាលបក្សកាន់អំណាច ជាពិសេសអ្នកបន្តវេន អ្នកជំនាន់ថ្មីនៃបក្សកាន់អំណាច គឺថា ត្រូវបង្ហាញជាគំរូ ដើម្បីយើងចៀសឲ្យផុតនូវអ្វីជាការរំលោភច្បាប់ ភាពអនាធិបតេយ្យ ការិយាធិបតេយ្យរបស់ការដឹកនាំ អំពើពុករលួយ ឧក្រិដ្ឋកម្មផ្សេងៗសុទ្ធតែជាអ្វីដែលយើងចាប់ផ្ដើមឲ្យវាមានស្អាតស្អំ មានន័យថា យើង clean (សម្អាត) ហើយ clear សណ្ដាប់ធ្នាប់ រួចហើយវា green (បៃតង) ការជឿជាក់គ្នា ការប្រកួតគ្នាដោយសុចរិត ស្មោះត្រង់ នៃអ្នកនយោបាយ ដោយមិនដាក់សម្ពាធ មិនគាបគ្នា មិនធ្វើឲ្យអ្នកណាឈឺចាប់ មិនរងភាពអយុត្តិធម៌ ខ្ញុំថា ហ្នឹងហើយជាសណ្ដាប់ធ្នាប់ថ្មី ដែលមិនថាបក្សកាន់អំណាច នៃអ្នកជំនាន់ថ្មី មិនថាបក្សក្រៅរដ្ឋាភិបាល នៃអ្នកជំនាន់ថ្មី គឺថា យើងបង្ហាញគ្នា ឈរលើវប្បធម៌សន្ទនា ហើយយើងដោះស្រាយដោយសន្តិវិធី បញ្ចប់នូវវប្បធម៌និទណ្ឌភាព គ្មានទោសពៃរ៍ ក៏ដូចជាហិង្សានយោបាយណា ហើយនិងគំនិតជ្រុលនិយមណាដែលផ្ទុយពីគោលការណ៍ទាំង១០ របស់គណបក្សជំនាន់ថ្មី ។ អ៊ីចឹងហើយគណបក្សជំនាន់ថ្មី នឹងរៀបចំអ្នកនយោបាយវ័យក្មេង ដើរទៅតាមសណ្ដាប់ធ្នាប់នយោបាយ ដែលយើងគោរពនីតិរដ្ឋ គោរពច្បាប់ ហើយយើងមិនបំពានគ្នា ដោយភាពអយុត្តិធម៌ ដោយអំពើពុករលួយ ដោយការគាបសង្កត់ ដោយការជិះជាន់ ដោយការបំផ្លាញអ្នកនយោបាយនិន្នាការផ្សេងគ្នា ទស្សនៈផ្សេងគ្នា ប៉ុន្តែយើងមិនលេងនូវអ្វីជាទុច្ចរិតក្នុងការបំផ្លាញគ្នាក្រៅតែពីប្រកួតប្រជែងគោលនយោបាយតែប៉ុណ្ណឹងទេ “ ។

សូមជម្រាបថា នៅក្នុងជំនួបជាមួយភារៈធារីនៃស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជានោះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានស្នើផងដែរ នូវដំណើរទស្សនកិច្ចនៃបេសកកម្មនយោបាយនៅសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចស៊ែល ប្រទេសប៊ែលហ្ស៊ិក ។ ជាមួយគ្នានោះដែរ ក្រុមគណៈប្រតិភូគណបក្សជំនាន់ថ្មី ចង់ឃើញសហភាពអឺរ៉ុបគាំទ្រ និងយកចិត្តទុកដាក់ពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងឃ្លាំមើលសង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជា នៅឆ្នាំ២០២៧-២០២៨ ។

ជាការឆ្លើយតប លោកអែនឌ្រាស ប៊ឺក (Andreas Berg) ភារធារីនៃស្ថានទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានបញ្ជាក់ថា លោកនឹងតាមដាននិងឃ្លាំមើល ដោយចង់ឃើញគណបក្សនយោបាយនៅកម្ពុជា ប្រកួតប្រជែងគ្នាដោយស្មើភាព សេរី យុត្តិធម៌ និងសង្គមប្រជាធិបតេយ្យ មានសុខុមាលភាព គ្មានហិង្សានយោបាយ ជាមួយការលើកកម្ពស់ការប្រកួតប្រជែងគោលនយោបាយ ដោយមិនរើសអើងនិន្នាការគណបក្ស ឬគំនិតជ្រុលនិយមណាមួយ។ ជាពិសេស លោកមានការរីករាយនិងស្វាគមន៍ពីបំណងរបស់គណបក្សជំនាន់ថ្មី ទៅសិក្សាស្វែងយល់ពីកិច្ចការនយោបាយ ក្នុងភាពជាអ្នកដឹកនាំតាមបែបសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ដោយលោកនឹងធ្វើការសម្របសម្រួលកិច្ចការបេសកកម្មនេះ។ មិនតែប៉ុណ្ណោះ លោកក៏បានកោតសរសើរចំពោះគណបក្សជំនាន់ថ្មី ដែលមានអាយុកាលជាង ៨ខែ មានសកម្មភាពរលូន ជាមួយភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងកាលៈទេសៈនយោបាយបច្ចុប្បន្ននៅកម្ពុជា ខណៈដែលលោកមើលឃើញថា ការរឹតត្បិតសិទិ្ធនយោបាយ ហាក់មើលទៅគួរឲ្យព្រួយបារម្ភ ក្រោយពីចាប់ប្រធានអតីតគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងការរំលាយគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១៧។

ដោយឡែក នៅក្នុងជំនួបដែលមានរយៈពេល ១ម៉ោង ១០នាទី រវាងគណៈប្រតិភូនៃគណបក្សជំនាន់ថ្មី ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា ជួបជាមួយនិងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺលោកស្រី អូនិស៊ិ អៃ ( ONISHI Ai) លេខាទី១ និងជាប្រធានកិច្ចការនយោបាយ និងលោក កូហ្គា អាស៊ុកា (KOGA Asuka) លេខាទី៣ កាលពីម៉ោង ៩: ០០ព្រឹក ថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានពិភាក្សាកិច្ចការនយោបាយទាក់ទងទៅនឹងគណបក្សជំនាន់ថ្មី ដោយលោកស្រី ONISHI Ai បានចោទជាសំណួរ៤ចំណុច អំពីស្ថានការណ៍នយោបាយ ក៏ដូចជាបច្ចុប្បន្នភាពនានា ។

សំណួរទាំង៤ចំណុច ដែលលោកស្រី អូនិស៊ិ អៃ ( ONISHI Ai) លេខាទី១ នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានចោទសួរនោះ គឺ១. តើគណបក្សជំនាន់ថ្មី មានរចនាសម្ព័ន្ធ សមាជិក និងទីស្នាក់ការដែលបានបើកដំណើរការរួចរាល់បានប៉ុន្មានហើយ? តើបានថវិកាពីប្រភពណាដើម្បីដំណើរការនៃសកម្មភាពរបស់ខ្លួន? ២.តើគណបក្សជំនាន់ថ្មី មានគម្រោងចូលរួមជាមួយគណបក្សសម្ព័ន្ធភាពឆ្ពោះទៅអនាគតដែរឬទេ? ៣.តើគណបក្សជំនាន់ថ្មី មានបញ្ហាប្រឈមអ្វីខ្លះជាមួយគណបក្សកាន់អំណាច? និង៤.តើគណបក្សជំនាន់ថ្មី បានធ្លាប់ចូលជួបជាមួយស្ថានទូតនានាណាខ្លះហើយ? ហើយនឹងមានគម្រោងជួបស្ថានទូតផ្សេងៗទៀតដែរឬទេ?

ជាការឆ្លើយតបនូវសំណួរខាងលើនេះ លោកមាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកបង្ហាញនូវគុណតម្លៃ ចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់គណបក្សជំនាន់ថ្មី ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងនយោបាយ ក្នុងការចូលរួមបោះឆ្នោត ឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខណៈដែលគណបក្សជំនាន់ថ្មី មានអាយុកាល ៨ខែ ៦ថ្ងៃ ក្នុងសកម្មភាពនយោបាយនៅកម្ពុជា រហូតបើកបាននៅទីស្នាក់ការរាជធានីខេត្តចំនួន ១៤ក្នុងផែនការ ២៥រាជធានីខេត្តទូទាំងប្រទេស។ ជាពិសេសប្រមុខគណបក្សក្រៅរាជរដ្ឋាភិបាល រូបនេះ បានជម្រាបជូនថា គណបក្សជំនាន់ថ្មី មានរចនាសម្ព័ន្ធដឹកនាំពីថ្នាក់ជាតិដល់មូលដ្ឋាន ស្របតាមច្បាប់បង្កើតគណបក្សនយោបាយ ហើយក៏កំពុងតែពង្រីកតំណាងសាខារបស់ខ្លួននៅឯក្រៅប្រទេស ដែលមានសហគមន៍ខ្មែររស់នៅដូចជា ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ជប៉ុន អាមេរិក កាណាដា អូស្រ្តាលី និងប្រទេសមួយចំនួននៅសហភាពអ៊ឺរ៉ុប ។

ក្រៅពីបានជម្រាបជូន លោក មាជ សុវណ្ណារ៉ា ក៏បានសំណូមពរផងដែរទៅភាគីជប៉ុន ឱ្យជួយយកចិត្តទុកដាក់ទៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលប្រទេសជប៉ុនធ្លាប់បានសហការធ្វើកិច្ចការបោះឆ្នោតដោយសុក្រិត ដើម្បីឱ្យពលរដ្ឋម្ចាស់ឆ្នោតអាចជឿជាក់ និងទទួលយកបាន ដូចអំឡុងកាលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧ ដោយចង់ឃើញប្រព័ន្ធរៀបចំការបោះឆ្នោតនៅកម្ពុជាប្រកប ដោយ តម្លាភាព សេរី យុត្តិធម៌ និងត្រឹមត្រូវ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ លើសពីនេះ គណបក្សជំនាន់ថ្មី ស្នើសុំរដ្ឋាភិបាលជប៉ុន ចំពោះការអនុញ្ញាតក្នុងបេសកកម្ម កម្មសិក្សា ឬចូលរួមវគ្គបណ្ដុះបណ្ដាលដល់អ្នកនយោបាយវ័យក្មេង នៅលើទឹកដីនៃប្រទេសជប៉ុន ដើម្បីសិក្សារៀនសូត្រ និងដកស្រង់នូវបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំ សម្រាប់កិច្ចការងារនយោបាយ នាពេលអនាគត ទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដូចដែលកន្លងមករដ្ឋាភិបាលជប៉ុន ក៏ធ្លាប់បានបង្កើតឱ្យមានការបណ្តុះបណ្តាលសមាជិកគណបក្សនយោបាយនានា ទៅកាន់ប្រទេសជប៉ុនចំនួន ៧លើកកន្លងមកហើយ ។ បន្ថែមពីនេះ លោកមាជ សុវណ្ណារ៉ា ក៏ស្នើទៅកាន់មន្រ្តីជាន់ខ្ពស់ជប៉ុន ឲ្យជួយសហការសម្របសម្រួលជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការទូត ដើម្បីកុំឱ្យមានការគាបសង្កត់ បំភិតបំភ័យ និងគំរាមកំហែងដល់អ្នកនយោបាយ ដូចដែលរដ្ឋាភិបាលជប៉ុន ធ្លាប់សម្របសម្រួលឱ្យមានការដោះលែងរូបលោក កាលនៅជាអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ និងអ្នកទោសនយោបាយ ១៥រូបផ្សេងទៀត កាលពីអំឡុងខែសីហា ឆ្នាំ ២០១៨។ ជាមួយគ្នានេះដែរ ប្រធានគណបក្សជំនាន់ថ្មី សង្ឃឹមថា អ្នកទោសនយោបាយទាំងអស់ ព្រមទាំងសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងសកម្មជន ២៣ តុលា ដែលកំពុងជាប់ឃុំឃាំង នឹងអាចទទួលបាននូវភាពយុត្តិធម៌ មានសិទ្ធិ សេរីភាពឡើងវិញ។

ជាការឆ្លើយតបចុងក្រោយ លោកស្រី ONISHI Ai លេខាទី១ ដែលជាប្រធានកិច្ចការនយោបាយ បានបញ្ជាក់នូវគោលជំហររបស់រដ្ឋាភិបាលជប៉ុន ដែលព្យាយាមជួយដល់កម្ពុជាកន្លងមក ហើយតែងតែផ្សារភ្ជាប់ទំនាក់ទំនងរវាងគណបក្សក្រៅរដ្ឋាភិបាល និងគណបក្សកាន់អំណាច រួមជាមួយអង្គការសង្គមស៊ីវិលនានាផងដែរ ហើយនឹងនៅតែបន្តកិច្ចការងារទាំងនោះជាបន្តបន្ទាប់ទៀត ។

គួរបញ្ជាក់ដែរថា គណបក្សជំនាន់ថ្មី គឺជាគណបក្សនយោបាយស្របច្បាប់មួយ ដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ។ ក្រោយពីធ្វើសមាជលើកដំបូង ដើម្បីរៀបចំសមាសភាពថ្នាក់ដឹកនាំ ទៅតាមច្បាប់លក្ខន្តិកៈគណបក្ស និងច្បាប់គណបក្សនយោបាយ ស្របច្បាប់ពេញលេញ ដោយមានលោក មាជ សុវណ្ណារ៉ា ជាប្រធានគណបក្ស នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥  គណបក្សជំនាន់ថ្មី មានកំណើតកើតបានរយៈពេល ៨ខែ ៤ថ្ងៃ ដោយបានដំណើរការបេសកកម្មនយោបាយទៅដល់មូលដ្ឋានរបស់ពលរដ្ឋម្ចាស់ឆ្នោត ក្នុងការបើកទីស្នាក់ការបក្សរបស់ខ្លួន បានចំនួន១៤ខេត្ត-រាជធានី នៅក្នុងគម្រោងផែនការបើកទីស្នាក់ការបក្ស ឱ្យបាន២៥ទីតាំង ក្នុងការរៀបចំខ្លួនឆ្ពោះទៅរកការប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ ជាសកល ឆ្នាំ២០២៨ ៕ កុលបុត្រ

RELATED ARTICLES