អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី មេដវេដេវដែលមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់លោក វ្ល៉ាឌីមៀ ពូទីនបានប្រាប់សន្និសីទមួយនៅទីក្រុងម៉ូស្គូដោយព្រមានថាពិភពលោកអាចនឹងស្ថិតនៅលើមាត់ជ្រោះមរណៈនៃសង្គ្រាមពិភពលោកថ្មីមួយ ហើយហានិភ័យនៃការប្រឈមមុខអាវុធនុយក្លេអ៊ែរក៏កំពុងកើនឡើងផងដែរ។

នៅក្នុងវេទិកាសម្រាប់ការពិភាក្សាបើកចំហររវាងយុវជននិងអ្នកតំណាងរដ្ឋាភិបាលលោកមេដវេដេវដែលធ្លាប់ធ្វើជាប្រធានាធិបតីរុស្ស៊ីចន្លោះឆ្នាំ ២០០៨ និង២០១២ បាននិយាយថា អ្នកប្រឆាំងមិនគួរមើលស្រាលការប្តេជ្ញាចិត្តរបស់រុស្ស៊ីឡើយ។
លោកបានបន្ថែមថា សង្រ្គាមពិភពលោកថ្មីបែបនេះ មិនមែនជារឿងជៀសមិនរួចទេ ប៉ុន្តែបាននិយាយថាហានិភ័យនៃការប្រឈមមុខដាក់គ្នានុយក្លេអ៊ែកំពុងកើនឡើង ហើយធ្ងន់ធ្ងរជាងការព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ។
អតីតប្រធានាធិបតីរុស្ស៊ីដែលបម្រើការជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខដ៏មានឥទ្ធិពលរបស់លោក ពូទីន បានប្រាប់សន្និសីទនៅទីក្រុងម៉ូស្គូថាពិភពលោកកំពុងធ្លាក់ខ្លួនឈឺហើយប្រហែលជាជិតដល់សង្រ្គាមពិភពលោកថ្មីមួយហើយ ។
លោក ពូទីន និយាយថា ពិភពលោកប្រឈមមុខនឹងទសវត្សរ៍ដ៏គ្រោះថ្នាក់បំផុត ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។លោកបានចាត់ទុកសង្រ្គាមនៅអ៊ុយក្រែនជាសមរភូមិដែលមានស្រាប់ជាមួយនឹងលោកខាងលិចដែលឈ្លានពាន និងក្រអឺតក្រទម ហើយបាននិយាយថារុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមានដើម្បីការពារខ្លួនប្រឆាំងនឹងអ្នកឈ្លានពានណាមួយ។
ជាមួយគ្នានេះដែរទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សម្តីអ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់បាននិយាយកាលពីថ្ងៃអង្គារថាហានិភ័យនៃការប្រឈមមុខដាក់គ្នាផ្នែកយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងតែកើនឡើងជាលំដាប់។

លោក Vladimir Yermakov ប្រធានផ្នែកការមិនរីកសាយភាយនុយក្លេអ៊ែររបស់ក្រសួងការបរទេសរុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ីថា ក្រុងវ៉ាស៊ីនតោនកំពុងបង្កើនហានិភ័យតាមរយៈការប្រព្រឹត្តរបស់ខ្លួនជាមួយទីក្រុងម៉ូស្គូ។
លោកបន្តថាប្រសិនបើសហរដ្ឋអាមេរិកបន្តអនុវត្តការប្រឈមមុខដាក់គ្នានាពេលបច្ចុប្បន្នរបស់ខ្លួនជាមួយរុស្ស៊ី កាន់តែកើនឡើងឥតឈប់ឈរវា ជិតឈានដល់ជម្លោះប្រដាប់អាវុធដោយផ្ទាល់ជាមួយអាមេរិក៕