ខេត្តព្រះសីហនុ ៖ រឿងរ៉ាវទំនាស់ប្ដីប្រពន្ធមួយគូ ដែលប្ដីជាថៅកែហាងខារ៉ាអូខេ និងភោជនីយដ្ឋាន ឯប្រពន្ធជាម្ចាស់ហាងសាឡន ដែលបានចោទប្រកាន់គ្នាទៅវិញទៅក រឿងមានអ្នកទី៣នោះ ពេលនេះបានឈានដល់ការរុញដាក់គ្នារឿងបំណុលធនាគារហើយ ដោយបុរសជាប្ដីបានប្រកាសឲ្យប្រពន្ធ យកប្រាក់ដែលជំពាក់ ទៅសងធនាគារ តាមកាលកំណត់ បើមិនអ៊ីចឹងទេ គេនឹងរឹបអូសយកផ្ទះដែលនាងកំពុងតែនៅហើយ ។ ប៉ុន្តែស្រ្តីជាប្រពន្ធ បានប្រតិកម្មតបវិញថា រឿងបំណុលនេះ ប្ដីជាអ្នកខ្ចីលុយធនាគារ ឯខ្លួនជាប្រពន្ធ គ្រាន់តែជាអ្នកធានា ដល់ទីបំផុត បែរជាប្តីរុញឲ្យប្រពន្ធសង មិនត្រូវទេ គឺមិនអាចឲ្យក្រុមគ្រួសារនាងទទួលថ្មបាក់បានឡើយ ទាំងខ្លួនជាប្ដីនោះ អួតអាងចិញ្ចឹមស្រីដោយឥតអៀនខ្មាស ។

អ្នកស្រីសាំង ស៊ូឡុង អាយុ២៩ឆ្នាំ ម្ចាស់ហាងសាឡន ជាភាគីប្រពន្ធ បានសរសេរក្នុងន័យប្រតិកម្មទៅប្ដី រឿងជំពាក់បំណុលធនាគារនោះ នៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកស្រី នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ថា “ហ៊ាដឹងដែរអីថា នេះជាបំណុលរួម អ៊ីចឹងចាំអូនរំលឹកម្តងទៀត ដើម្បីឲ្យបងប្អូនក្នុងសង្គមហ្វេសប៊ុក បានដឹងធាតុពិតរបស់ហ៊ា ហើយក៏មិនបាច់មកធ្វើល្បិចហៅអូនសុទ្ធតែមីអូនទេ ទាំងដែលក្រោយខ្នង ហៅអូននិងម៉ែអូន សុទ្ធតែង៉ែង ហង មីសំផឹង ។

ហ៊ាស្គាល់សត្វក្រពើទេ? ជិត ៨ឆ្នាំមុន មានអាក្រពើម្នាក់ តាំងខ្លួនជាអាណិកជន មកស្រុកខ្មែរ ចាប់ដៃរកស៊ីជាមួយអូន បង្កើតមុខរបរសាឡន ដល់បានធូរធារ ក៏បង្កើតហាងបាយ និង KTV តែសាងសង់មិនទាន់រួច ក៏ខ្វះលុយ ក្រុមគ្រួសារអូន អាណិតនិងយោគយល់ថា ជាកូនប្រសា សុខចិត្តចេញមុខជួយធានា ដើម្បីឲ្យហ៊ាខ្ចីលុយធនាគារ ដើម្បីបង្គ្រប់ការសាងសង់ ហើយមិនដែលចង់បានអ្វីតបស្នងទេ សុំត្រឹមតែបង់ធនាគារ ឲ្យទៀងទាត់ទៅ តែពេលនេះ ហ៊ាក្បត់ប្រពន្ធ លួចទៅចិញ្ចឹមស្រីក្នុងហាង ដែលសាហាវជាងនេះ ហើយអ្នកគ្រប់គ្នាស្មានមិនដល់ គឺចំណូលទាំងអស់ គាត់ជាអ្នកកាន់កាប់តែម្នាក់ឯង មិនដែលឲ្យលុយប្រពន្ធ ដូចដែលគាត់ដើរនិយាយអួតប្រាប់គេទេ ពេលនេះហ៊ាមុខក្រាស់ ឲ្យអូនទៅបង់លុយធនាគារជំនួសទៀត ទាំងដែលអូនមិនមានចំណូលអ្វី មានតែសាឡនតូចមួយ ត្រូវហ៊ាបិទចោលទៀត ហើយអ៊ីចឹងចំណូលពីហាង KTV ឡាឡូន រាប់ពាន់ដុល្លារ រាល់យប់ហ្នឹង ហ៊ាទុកផ្ដល់ឲ្យមីសំផឹងហ្នឹងមែន? អូនមិនចង់និយាយរឿងហ៊ា ឲ្យគេដឹងទេ សុខចិត្តប្រាប់ឲ្យទៅបង់ធនាគារផង តែហ៊ាក្បាលរឹង ក្រឡេចក្រឡុច យកទោសសងគុណទៅវិញ ចង់មកបោកប្រពន្ធនៅស្រុកខ្មែរ ប្រើមែន? អាណិកជនតែឈ្មោះ តែចរិតថោកទាប មិនបានស្មើនឹងប្រុសនៅស្រុកខ្មែរផង ប្រុសស្រុកខ្មែរទោះរត់ម៉ូតូឌុប បានតែ ១ម៉ឹនរៀល ក៏ឲ្យប្រពន្ធ ៥ពាន់ដែរ ហើយទោះលួចមានស្រី ក៏គេផ្តល់តម្លៃឲ្យប្រពន្ធជាមុនដែរ តែអតីតប្តីខ្ញុំ ទាំងដែលនៅជួលបន្ទប់ខុនដូ រស់នៅជាមួយខ្ញុំសោះ ហ៊ានអួតអាងចិញ្ចឹមស្រី ដោយឥតអៀនខ្មាស» ។
ស្ត្រីជាប្រពន្ធ បន្តថា «អូនមិនមុខក្រាស់ ថោកទាបដូចហ៊ាទេ ដែលមិនព្រមទទួលទូរស័ព្ទ ឬតបឆាតទៅខាងធនាគារ ពេលគេទៅរកដល់ហាង កុហកថា ថៅកែមិនដែលចូលហាងទៀត ហើយមិនបាច់រាប់ថ្ងៃចោទថា អូនគេចវេះទេ តែមកពីអូនខ្ពើមរអើម មិនចង់ជួបមុខហ៊ា ចាំជួបគ្នានៅមុខតុលាការតែម្តង ។
សូមបងប្អូនជួយពិចារណាមើលថា តើទង្វើរបស់អតីតប្ដីខ្ញុំម្នាក់នេះ យ៉ាងម៉េចដែរ? តើសមជាមនុស្សប្រុសទេ? ហើយនេះជាឯកសារយកលុយធនាគារ គឺដើម្បីសាងសង់ហាង KTV ឡាឡូន ដែលគាត់កើបលុយចំណេញ រាប់សិបម៉ឺន តែឯង ហើយពេលនេះ មិនព្រមបង់ឲ្យធនាគារ បែរជាឲ្យក្រុមគ្រួសារខ្ញុំ ជាអ្នកទទួលថ្មបាក់ទៅវិញ» ។
អ្នកស្រីសាំង ស៊ូឡុង សរសេរបន្តទៀតថា «សូមបងប្អូនជួយស៊ែរបន្តគ្នាផង ធ្វើម៉េចខ្ញុំមិនមានហ្វ្រេន ឬអ្នកគាំទ្រច្រើន ព្រោះខ្ញុំមិនចេះសម្ដែង ឬបញ្ចូលសំឡេង ឬនិយាយប្រាសចាកការពិតដូចអតីតប្ដីខ្ញុំហ្នឹងឡើយ ហើយរវាងខ្ញុំនិងអតីតប្ដីខ្ញុំ ខ្ញុំសូមបន់ស្រន់ដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ បើម្នាក់ណានិយាយកុហក សូមឲ្យមានគ្រោះថ្នាក់ រវាង ៣ថ្ងៃ ទៅ៧ថ្ងៃ បើជិះឡាន សូមឲ្យក្រឡាប់ បើជិះទូក សូមឲ្យលិច បើជិះយន្តហោះ សូមឲ្យធ្លាក់ចុះ… សាធុ! សាធុ !“ ។
បន្ថែមលើសំណេរតាមហ្វេសប៊ុក ខាងលើនេះ អ្នកស្រីសាំង ស៊ូឡុង បញ្ជាក់ប្រាប់ “នគរធំ” យ៉ាងខ្លី នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថា អត់អីទេរឿងនេះ អ្នកស្រីចេះដោះស្រាយហើយ គឺខណៈដែលប្ដីនោះ មិនឆ្លើយតប មិនធ្វើអ្វីដែលជាដំណោះស្រាយល្អក្នុងរឿងបំណុលនេះ អ្នកស្រីនឹងធ្វើតាមវិធីរបស់អ្នកស្រី ។
គួរបញ្ជាក់ថា ប្រតិកម្មរបស់អ្នកស្រីសាំង ស៊ូឡុង ជាប្រពន្ធ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកអ៊ឹង ស៊ីហេង ជាអតីតប្ដី បានជូនដំណឹងដល់អ្នកស្រីថា កុំភ្លេចទៅជួបប្រធានអង្គការ ដើម្បីដោះស្រាយរឿងលុយជំពាក់គេ កុំខានឱ្យសោះ បើមិនដូច្នេះទេ គេអាចរឹបអូសយកផ្ទះដែលអ្នកស្រីរស់នៅ ជំពាក់គេ ត្រូវតែសងគេ ជាង១ខែកន្លងផុតទៅហើយ នៅលាក់ខ្លួនដល់ណាទៀត? និងសូមបងប្អូនដែលនៅជិត ឬក៏ស្គាល់គាត់ ជួយពន្យល់ និងរំលឹកគាត់ឲ្យដឹងផង។
ទោះយ៉ាងណា ទាក់ទងរឿងបំណុលនេះ ត្រូវបានអតីតប្រពន្ធ ប្រតិកម្មវិញថា ប្តីជាអ្នកខ្ចីលុយធនាគារ គាត់ជាប្រពន្ធ គ្រាន់តែជាអ្នកធានា បែរជារុញឲ្យប្រពន្ធសងទៅវិញនោះ “នគរធំ” មិនអាចសុំការបញ្ជាក់ ឆ្លើយតបពីលោកអ៊ឹង ស៊ីហេង ជាប្ដីបានទេ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដោយលេខទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន ៕ កុលបុត្រ