Friday, June 27, 2025
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ប្តីបាញ់ប្រពន្ធធ្លាយពោះ ដើរចូលប៉ុស្តិ៍ប៉ូលិស សារភាពកំហុស

ភ្លើងប្រចណ្ឌ ប្តីបាញ់ប្រពន្ធធ្លាយពោះ ដើរចូលប៉ុស្តិ៍ប៉ូលិស សារភាពកំហុស

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ ជាមន្ត្រីយោធា ហេតុតែមានចិត្តប្រចណ្ឌប្រពន្ធហួសហេតុពេក ទើបធ្វើឱ្យកើតមានរឿងរកាំរកូសមិនស្វាង រហូតឈានដល់ការផ្ទុះជាអំពើហិង្សា ដកកាំភ្លើងបាញ់ប្រហារប្រពន្ធ ១គ្រាប់ បណ្តាលឱ្យធ្លាយពោះ រងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកបុរសជាប្តី ក្រោយពីបាញ់ប្រពន្ធរួច មិនបានរត់គេចទៅណានោះទេ គឺបានទាញម៉ូតូជិះចូលប៉ុស្តិ៍នគរបាល ដើម្បីសារភាពកំហុសរបស់ខ្លួន។

ហេតុការណ៍ប្តីដកកាំភ្លើងបាញ់ប្រហារប្រពន្ធ ព្រោះតែភ្លើងប្រចណ្ឌនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។

ស្ត្រីរងគ្រោះដែលត្រូវប្តីបាញ់ប្រហារ បណ្តាលឱ្យធ្លាយពោះនោះ មានឈ្មោះពាន បួវៀន អាយុ៤៤ឆ្នាំ មុខរបរជាកសិករ (រងរបួសត្រង់ពោះខាងឆ្វេង)។ ចំណែកជនសង្ស័យជាប្តី ដែលចូលខ្លួនសារភាព និងត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះវៃ ឆោម អាយុ៧១ឆ្នាំ មុខរបរជាមន្ត្រីយោធា បម្រើការនៅអង្គភាពវរៈ៣៨២ ខេត្តព្រះវិហារ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិផាបាំង ឃុំថ្មកែវ ស្រុកសៀមប៉ាង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ប្តីប្រពន្ធទាំងពីរខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាប៉ុន្មានឡើយ ដោយសារតែបុរសជាប្តី មានចិត្តប្រចណ្ឌហួងហែងប្រពន្ធរបស់ខ្លួនខ្លាំងណាស់ ទើបធ្វើឱ្យចេះតែកើតរឿងរកាំរកូស ឈ្លោះប្រកែកគ្នាមិនស្វាង។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែឮសំឡេងប្តីប្រពន្ធទាំងពីរ ឈ្លោះប្រកែកគ្នាម្តងទៀត ប៉ុន្តែមិនមានអ្នកណាចាប់អារម្មណ៍នោះទេ ព្រោះពួកគាត់តែងទាស់សម្តីគ្នា ស្ទើរក្លាយជាទម្លាប់ទៅហើយ។

ប្រភពដដែល បន្តថា មួយសន្ទុះក្រោយមក លាន់ឮសំឡេងផ្ទុះអាវុធ ១គ្រាប់ ចេញពីក្នុងផ្ទះ ធ្វើឱ្យផ្អើលឆោឡោដល់ក្រុមគ្រួសារ និងអ្នកជិតខាង ចូលទៅមើល ទើបដឹងថា ជនសង្ស័យបានយកកាំភ្លើងខ្លី ម៉ាក K54 បាញ់ទៅលើប្រពន្ធរបស់ខ្លួន ចំនួន ១គ្រាប់ បណ្តាលឱ្យធ្លាយពោះខាងឆ្វេង របួសធ្ងន់។

ក្រោយកើតហេតុភ្លាមៗ ស្ត្រីរងគ្រោះជាប្រពន្ធ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកជនដៃដល់ជាប្តី បន្ទាប់ពីបាញ់ប្រហារប្រពន្ធរួច មិនបានរត់គេចទៅណាទេ គឺបានទាញម៉ូតូជិះចេញពីផ្ទះ ទៅដើរចូលប៉ុស្តិ៍ប៉ូលិស សារភាពកំហុស ប្រគល់ខ្លួនឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាប្តី បានឆ្លើយសារភាពថា រូបគេបានបាញ់ប្រហារប្រពន្ធ១គ្រាប់ មូលហេតុដោយសារភ្លើងប្រចណ្ឌ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES