ខេត្តបាត់ដំបង ៖ បុរសម្នាក់ ហេតុតែប្រើប្រាស់ថ្នាំញៀនហួសកម្រិត ផ្តាច់មិនបាន ទើបត្រូវក្រុមគ្រួសារបញ្ជូនចូលទៅព្យាបាលបន្សាបថ្នាំញៀន ក្នុងមណ្ឌល លុះពេលប្រពន្ធចូលទៅសួរសុខទុក្ខ ស្រាប់តែកើតមានជម្លោះពាក្យសម្តីជាមួយប្រពន្ធ ឃើញបែបនេះ សន្តិសុខមណ្ឌលបានចូលទៅឃាត់ ស្រាប់តែជនសង្ស័យ ផ្ទុះកំហឹងទាញកាំបិតចាក់កជ្រូក មកចាក់បុរសជាសន្តិសុខ ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ នៅត្រង់ចំណុចមណ្ឌលពិភពនៃក្តីសង្ឃឹម (មណ្ឌលកែប្រែ បន្សាបថ្នាំញៀន) ស្ថិតក្នុងភូមិដាច់ព្រាត់ ឃុំបវេល ស្រុកបវេល។
ជនដៃដល់ដែលចាក់សន្តិសុខ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះយឿង ពេជ្រ ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល សព្វថ្ងៃកំពុងសម្រាកព្យាបាលផ្តាច់ថ្នាំញៀន នៅក្នុងមណ្ឌលពិភពនៃក្តីសង្ឃឹម ស្ថិតក្នុងទីតាំងកើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះកែវ ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជាសន្តិសុខមណ្ឌលពិភពនៃក្តីសង្ឃឹម មានលំនៅ ភូមិពង្រ ឃុំដំណាក់សង្កែ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រងរបួសជាច្រើនកាំបិត។
លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានឱ្យដឹងថា កម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) នៅត្រង់ចំណុចមណ្ឌលពិភពនៃក្តីសង្ឃឹម ភូមិដាច់ព្រ័ត្រ ឃុំបវេល ស្រុកបវេល ដែលករណីនេះ បង្កឡើងដោយជនដៃដល់ឈ្មោះយឿង ពេជ្រ បានធ្វើសកម្មភាពយកកាំបិតសម្រាប់ចាក់កជ្រូក ប្រវែង ៤៥សង់ទីម៉ែត្រ ចាក់ទៅលើជនរ គ្រោះ ឈ្មោះកែវ ចិត្រា ជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃ២៣ ខែសីហា ឆ្នាំ២០២២។
លោកអធិការស្រុកបវេល បញ្ជាក់ថា មូលហេតុដែលឈានដល់ការប្រើប្រាស់អាវុធកាំបិត ចាក់ប្រហារទៅលើជនរងគ្រោះជាសន្តិសុខមណ្ឌលនេះ ដោយសារជនសង្ស័យ ជាអ្នកញៀនថ្នាំ ជាប់នៅក្នុងមណ្ឌលកែប្រែនេះ ហើយនៅថ្ងៃកើតហេតុ ជនសង្ស័យមានជម្លោះជាមួយប្រពន្ធដែលបានចូលទៅសួរសុខទុក្ខ ឃើញដូច្នេះ សន្តិសុខបានចូលទៅឃាត់ ទើបជនបង្កហេត ទាញកាំបិតចាក់ប្រហារជាច្រើនកាំបិត បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនជាបណ្តោះអាសន្ន នៅមណ្ឌលពិភពនៃក្តីសង្ឃឹម ខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធី៕